
ថ្មីៗនេះ ក្រុមហ៊ុន Huawei Mobile business បានបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៌ MWC 2023 ដែលជាព្រឹត្តិការណ៌ដ៏ធំមួយរបស់ពិភពលោក មានការចូលរួមដាក់តាំងបង្ហាញនូវផលិតផល បច្ចេកវិទ្យា និងសេវាកម្មថ្មីៗពីសំណាក់ក្រុមហ៊ុនជាច្រើននៅលើពិភពលោក។ ជាមួយនិងវត្តមានឆ្នាំនេះ ក្រុមហ៊ុន Huawei បានប្រកាសចេញនូវរបាយការណ៌នៃការប្រើប្រាស់បច្ចេកវិទ្យា XMAGE Trend Report 2023 ផងដែរ។

ក្រុមហ៊ុន Huawei បានរៀបចំនូវ booth ដ៏ធំមួយសម្រាប់ទទួលភ្ញៀវដែលបានអញ្ជើញមកទស្សនាព្រឹត្តិការណ៌ពិពណ៌មួយនេះ ដើម្បីធ្វើការតេស្តសាកល្បងទៅលើផលិតផលថ្មីៗជាច្រើនរបស់ខ្លួន ដែលរាប់ចាប់ពីតាំងពីស្មាតហ្វូន នាឡិកាឆ្លាតវៃ និងវែនតាឆ្លាតវៃ ក៏ដូចជាសេវាកម្ម និងដំណោះស្រាយបច្ចេវិទ្យាជាច្រើនទៀតផងដែរ។

ឆ្នាំនេះ ក្រុមហ៊ុន Huawei Mobile បានបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Huawei Mate 50 Series, Mate Xs 2 foldable, Nova 10 Series, smartwatches, Tablets រួមជាមួយនិងផលិតផលប្រើប្រាស់ជាច្រើនទៀតផងដែរ។ អ្វីដែលគេមើលឃើញថា មានការចាប់អារម្មណ៌ខ្លាំងនោះ គឺទៅលើនាឡិកា Watch GT Cyber និង Watch Buds ដោយសារផលិតផលថ្មីទាំងពីរនេះ ត្រូវបានក្រុមហ៊ុនធ្វើការឌីស្សាញប្រើប្រាស់នៅលើរបស់តែមួយ។ ជាមួយនិងនាឡិការ Watch Buds នេះ គឺពិតជាឡូយមែនទែន ដោយសារតែក្រុមហ៊ុន Huawei បានប្រើការឌីស្សាញ 2-in-1 ដែលញាត់កាសចូលក្នុងតួរនាឡិកាបាន។

បន្ថែមពីនេះនៅក្នុងព្រឹត្តិការណ៌នេះ ក្រុមហ៊ុន Huawei ក៏បានផ្តល់អោយអ្នកប្រើប្រាស់អាចធ្វើការតេស្តសាកល្បងទៅកាមេរា ដែលភ្ជាប់នូវបច្ចេកវិទ្យា XMAGE camera system ដោយផ្ទាល់ដៃផងដែរ។ អ្នកចូលរួមអាចប្រើប្រាស់នូវស្មាតហ្វូនជំនាន់ថ្មី Mate 50 Pro ដើម្បីធ្វើការផ្តិតយកនូវរូបភាពនានានៅទីនោះ ជាមួយនិងបច្ចេកវិទ្យាថ្មី XMAGE camera system របស់ខ្លួន។

