
ថ្មីៗនេះ ក្រុមហ៊ុន Huawei ទើបតែប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Mate 70 series នៅលើទីផ្សារប្រទេសចិនហើយដោយថែមទាំងមានដាក់លក់ភ្លាមៗផងដែរ។ យោងតាមសេចក្តីរាយការណ៌ថ្មីនៅពេលនេះ បានទម្លាយថា ក្រុមហ៊ុននេះ នឹងមានការបញ្ចេញនូវស្មាតហ្វូនថ្មីមួយទៀតឆាប់ៗនេះហើយនោះគឺម៉ូដែល Nova 13i។ ប្រភពខាងលើនេះបានបន្តថា ស្មាតហ្វូនថ្មីនេះ គឺមានការឆ្លងកាត់ការចុះបញ្ជីនៅលើស្ថាប័នមួយចំនួនសម្រាប់ដាក់លក់លើទីផ្សារសកលផងដែរ។ ស្មាតហ្វូននេះអាចនឹងមានការប្រកាសចេញនាពេលឆាប់ៗនេះហើយ។
គួរបញ្ជាក់ថា ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ប្រទេសចិនមួយនេះ បានប្រកាសចេញស្មាតហ្វូនស៊េរីថ្មី Nova 13 series នៅលើទីផ្សារហើយ ដោយស្មាតហ្វូននេះមាន 2 ម៉ូដែល រួមមានម៉ូដែលស្តង់ដារ និងម៉ូដែល Pro ហើយថែមទាំងមានតម្លើងនូវបច្ចេកវិទ្យា AI features រួមជាមួយនិងចំណុចពិសេសៗជាច្រើន។ ក្រុមហ៊ុននេះ ត្រូវបានគេមើលឃើញថា មានគម្រោងនឹងមានការបង្ហាញចេញនូវស្មាតហ្វូនម៉ូដែលប្រណិតនៅលើទីផ្សារសកលនាពេលខាងមុខនេះផងដែរ។
ទាក់ទងជាមួយនិង Huawei Nova 13i នេះ មានការបញ្ជាក់ថា Huawei បានធ្វើការចុះបញ្ជីសម្រាប់ស្មាតហ្វូននេះនៅលើបញ្ជី NBTC, TUV, និង EEC certification sites សម្រាប់ការដាក់លក់នៅលើទីផ្សារខុសៗគ្នានៅលើពិភពលោករួចហើយ។ ជាមួយនិងវត្តមាននៅលើ NBTC បញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានលក់នៅលើទីផ្សារប្រទេសថៃ។ ហើយសម្រាប TUV certification គឺជាវិញ្ញាបនបត្រត្រួតពិនិត្យលើសុវត្ថិភាពដ៏ល្បីរបស់អាល្លឺម៉ង់ ខណៈដែល EEC certificate គឺសម្រាប់ទីផ្សារអឺរ៉ុប។

នៅលើ NBTC ថែមទាំងមានការបញ្ជាក់ទៀតថា ស្មាតហ្វូនជំនាន់ថ្មី Nova 13i នេះ គឺមានលេខម៉ូដែល CTR-L91។ ហើយនិងមានការទ្រទ្រង់នូវបច្ចេកវិទ្យា 4G LTE connectivity ប៉ុន្តែមិនមានបច្ចេកវិទ្យាការពារទឹកនោះទេ។
