
ក្នុងពេលថ្មីៗនេះមានលេចលឺព័ត៌មានចចាមអារ៉ាមថា Huawei Nova Series Flip ស្មាតហ្វូនអេក្រង់បត់ស៊េរីថ្មីនេះបង្ហាញវត្តមាននៅក្នុងខែកក្តដានេះ។ ដែលកន្លងមកស្មាតហ្វូនអេក្រង់បត់ស៊េរីថ្មីនេះត្រូវបានគេនិយាយថា នឹងបង្ហាញវត្តមាននៅដើមខែសីហា។ ដោយឡែកព័ត៌មានថ្មីក្នុងពេលនេះគឺបានទម្លាយចេញតាមរយះគណនី Weibo ឈ្មោះថា Dingjiao Digital។
តាមប្រភពបាននិយាយថា Nova Series Flip នឹងក្លាយជាស្មាតហ្វូនអេក្រង់បត់ដែលមានតម្លៃធូរថ្លៃជាង Huawei Pocket 2 ដែលបានបង្ហាញវត្តមានកាលពីខែកុម្ភៈឆ្នាំ 2023។ បើតាមការប៉ាន់ប្រមាណតម្លៃបឋមស្មាតហ្វូន Huawei Nova Series Flip អាចនឹងមានតម្លៃចន្លោះពីខ្ទង់ប្រហែល $550 ទៅ $688 ដែលជាតម្លៃល្អសម្រាប់ទីផ្សារស្មាតហ្វូនអេក្រង់បត់ ហើយក៏នឹងអាចទាញចំណាប់អារម្មរបស់អ្នកប្រើប្រាស់ថ្មីបានច្រើនផងដែរ។

ប្រភព Weibo ដដែលបានបញ្ជាក់ថា Nova Series Flip នឹងបំពាក់ឈីបដូចគ្នានឹងម៉ូដែល Huawei Pura 70 Satellite Messaging Edition ដែលទើបបង្ហាញវត្តមានថ្មីៗនេះដែរ។ ដោយបន្ទះឈីប Kirin 9010E ដែលប្រើនៅលើ Pura 70 Satellite Messaging Edition គឺមានល្បឿនរត់បានដល់ 2.19GHz Single-Taishan Core និង 2.18GHz Dual-Taishan Core រួមជាមួយ 1.55GHz triple-contex-A510 ភ្ជាប់ជាមួយនឹងអង្គក្រាហ្វិច Maleoon 910 ល្បឿន 750MHz។
បើតាមប្រភពបានបន្ថែមទៀតថា Huawei Nova Series Flip នឹងមានការរចនាផ្នែកខាងក្រៅខុសគ្នាពីម៉ូដែល Pocket 2 ដោយស្មាតហ្វូនអេក្រង់បត់បែប Flip របស់ Huawei នឹងមានការឌីស្សាញអេក្រង់ខាងក្រៅធំ ខុសពីអេក្រង់របស់ Pocket 2 ដែលមានការរចនាអេក្រង់ក្រៅជាងរង្វង់។ ទោះជាយ៉ាងណាប្រភពមិនបានបង្ហាញព័ត៌មានលម្អិតនៃគុណសម្បត្តិរបស់ Nova Series Flip នោះទេ។
បើនិយាយពី Pocket 2 បច្ចុប្បន្នវិញ គឺបំពាក់អេក្រង់បត់ខាងក្នុងទំហំ 6.94-inch ជាប្រភេទ LTPO-OLED Display គាំទ្រកម្រិតបង្ហាញ 1136 x 2690px ជាមួយកម្រិតភាពច្បាស់ 420ppi និងកម្រិតពន្លឺខ្ពស់ដល់ 2,200nits peak brightness។ ចំនែកអេក្រង់រង្វង់ខាងក្រៅមានទំហំ 1.15-inch គាំទ្រកម្រិតបង្ហាញ 360x360px និងជាប្រភេទអេក្រង់ LTPO-OLED Display។

ស្មាតហ្វូនបត់ Flip នេះ ប្រើប្រាស់ប្រព័ន្ធសែនស័រកាមេរ៉ា XMAGE ដែលមានទំហំ 50MP+8MP+12MP+2MP។ ដោយក្នុងនោះសែនស័រមេទំហំ 50MP និង 8MP ជា telephoto កម្រិត 3x ភ្ជាប់ជាមួយប្រព័ន្ធ OIS។ Huawei Pocket 2 ប្រើប្រាស់បន្ទះឈីប Kirin 9000S៕
