
នៅថ្ងៃនេះ មានសេចក្តីរាយការណ៌ថ្មី បាននិយាយថា Huawei P70 series នឹងមានការប្រើប្រាស់នូវកាមេរ៉ាមុខតែមួយគ្រាប់ប៉ុណ្ណោះ ហើយសម្រាប់ខ្នងក្រោយវិញ គឺមានការឌីស្សាញនូវម៉ូឌុលកាមេរ៉ាមានទំហំជាងជំនាន់មុនៗ ដោយថែមទាំងមានការបង្ហាញនូវស្លាកសញ្ញាថ្មីរបស់ខ្លួនថែមទៀតផង។
បើតាមការទម្លាយចេញពី @FixedFocus នៅពេលនេះ ក៏បានបញ្ជាក់អោយដឹងដែរថា ក្រុមហ៊ុន Huawei នឹងប្រើប្រាស់នូវសិនស័រកាមេរ៉ាមុខនៅលើស្មាតហ្វូន P70 series តែមួយគ្រាប់ប៉ុណ្ណើះ។ ដូច្នេះផ្អែកតាមការបែកធ្លាយនេះ មានការរំពឹងថា ស្មាតហ្វូន Huawei P-series អាចនឹងមិនមានការប្រើប្រាស់នួវ 3D facial recognition ដូច Mate 60 Pro នោះទេ។
មួយវិញទៀតនៅលើស្មាតហ្វូនជំនាន់ថ្មីនេះ ក៏ត្រូវបានគេទម្លាយបន្ថែមថា នឹងមានការប្រើប្រាស់នូវម៉ូឌុលកាមេរ៉ាក្រោយមានទំធំជាងមុន ហើយនិងមានការតម្លើងនូវសិនស័រកាមេរ៉ាក្រោយចំនួន 3 គ្រាប់ ធំជាងសិនស័ររបស់ iPhone 15 Pro ថែមទៀតផង។ ការបែកធ្លាយនៅថ្ងៃនេះ អ្នកទម្លាយខាងលើនេះ មិនទាន់មានការបញ្ចេញនូវព័ត៌មានកាមេរ៉ានៅឡើយទេ។ ប៉ុន្តែការបែកធ្លាយកន្លងមកមានការទម្លាយថា Huawei ទំនងជានឹងមានការប្រើប្រាស់នូវសិនស័រថ្មីសម្រាប់ស្មាតហ្វូន P-series ជំនាន់ថ្មី ដើម្បីធ្វើអោយស្មាតហ្វូននេះមានសមត្ថភាពកាន់តែខ្លាំងទៅលើការផលិតរូបភាព និងវីដេអូ ក៏ដូចជាបន្តក្លាយជាស្មាតហ្វូនដែលកាមេរ៉ាខ្លាំងនាំមុខគេ។
ប្រភពខាងលើនេះបន្តថា Huawei P70 Pro និង P70 Art នឹងបង្ហាញវត្តមានជាមួយនិងពាក្យថា ‘far ahead’ ដែលពាក្យខាងលើនេះ គឺគេចង់បញ្ជាក់ពីសមត្ថភាពកាមេរ៉ា។ អ្នកទម្លាយរូបនេះបន្តថា សម្រាប់អ្នកដែលចូលចិត្តស្មាតហ្វូនដែលមានការបំពាក់នូវកាមេរ៉ាជំនាន់ថ្មី អាចរង់ចាំវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Huawei P70 នេះបាន។ សូមជំរាបថា មកដល់ពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិនមួយនេះ បាននាំមកនូវបច្ចេកវិទ្យាថ្មីៗជាច្រើនសម្រាបស្មាតហ្វូន P70 series ដែលក្នុងនោះមានដូចជា ការឌីស្សាញរូបរាងថ្មី បន្ទះឈីបថ្មី ប្រព័ន្ធផ្កាយរណប និងកាមេរ៉ាជាដើម។
Huawei P70 series ត្រូវបានគេរំពឹងថា នឹងមានម៉ូដែលស្តង់ដារ ម៉ូដែល Pro, Pro+ និងម៉ូដែល Art ហើយស្មាតហ្វូនទាំងនេះ គឺនឹងមានការប្រើប្រាស់នូវកាមេរ៉ាដែលមានកម្រិតខ្ពស់ដូចៗគ្នា។ សម្រាប់កាមេរ៉ាគោលនៅលើស្មាតហ្វូននេះ អាចនឹងប្រើប្រាស់នូវសិនស័រ IMX989 sensor រួមជាមួយនិងកាមេរ៉ាផ្សងៗ OV50H ហើយនិងមាន hybrid lens រួមជាមួយនិងការអាប់ដែតទៅលើ variable aperture tech ថែមទៀតផង។
