
ក្រុមហ៊ុន Huawei បានត្រៀមខ្លួនរួចរាល់ហើយក្នុងការប្រកាសចេញស្មាតហ្វូនកំពូលជំនាន់ថ្មីរបស់ខ្លួន Huawei P70 Series ខាងមុខនេះ។ បើតាមប្រភពព័ត៌មានបែកធ្លាយបានបង្ហាញ Huawei នឹងមានការ Upgrade ទៅលើប្រព័ន្ធបន្ទះឈីបឲ្យកាន់តែមានប្រសិទ្ធិភាពខ្លាំងជាងជំនាន់មុនសម្រាប់ប្រើនៅលើបងប្អូន P70 Series ប៉ុន្តែ ការ Custom ល្បឿន Over-clock របស់បន្ទះឈីប គឺមានផ្សេងៗគ្នាសម្រាប់ម៉ូដែលនីមួយៗ។
បើតាមការបង្ហើបនៅលើគណនី Weibo ឈ្មោះថា Smart Pikachu បានឲ្យដឹងថា Huawei P70 Series នឹងប្រើប្រាស់បន្ទះឈីប Kirin 9000s ដែលជាឈីបប្រើនៅលើជំនាន់ Mate 60 Series។ ប្រភពដដែលបានបញ្ជាក់ទៀតថា សម្រាប់បន្ទះឈីបដែលនឹងប្រើនៅលើ Huawei P70 Pro និង P7 Art ហើយនិង P70 Pro+ នឹងពង្រឹងល្បឿនដំណើរការខ្លាំងជាងមុនប្រមាណ 20%។ ហើយបន្ទះឈីប Custom ថ្មីដែលនឹងត្រូវប្រើនៅលើ Huawei P70 Series គឺនឹងត្រូវផលិតដោយក្រុមហ៊ុនផលិតបន្ទះឈីបធំបំផុតរបស់ប្រទេសចិន SMIC ដោយប្រើបច្ចេកវិទ្យាស្តង់ដារផលិត 5nm។
គណនី Weibo ដដែលខាងលើនេះ ក៏បានបញ្ជាក់ទៀតថា បងប្អូន Huawei P70 Series ទាំងបួនម៉ូដែល គឺនឹងបំពាក់នូវបច្ចេកវិទ្យាអេក្រង់គែមកោងដែលមានកម្រិតបង្ហាញ 1.5K។ ហើយបច្ចុប្បន្ន Huawei ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងធ្វើការសាកល្បងនូវបច្ចេកវិទ្យាអេក្រង់ចំនួន 4 ដែលផលិតដោយក្រុមហ៊ុនក្នុងប្រទេសចិនសម្រាប់កំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន ដើម្បីផ្តល់នូវគុណភាព និងប្រសិទ្ធិភាពប្រើការកាន់តែខ្ពស់ជាងអេក្រង់ជំនាន់មុន។ ជាងនេះទៅទៀត ប្រភពក៏បានបញ្ជាក់បន្ថែមថា Huawei P70 Series នឹងគាំទ្រប្រព័ន្ធតភ្ជាប់ផ្កាយរណប Two-ways Satellite Connectivity គ្រប់ម៉ូដែលទៀតផង។
បើតាមប្រភពព័ត៌មានចុងក្រោយបាននិយាយថា Huawei នឹងធ្វើការប្រកាសចេញស្មាតហ្វូនកំពូលជំនាន់ថ្មីរបស់ខ្លួន P70 Series នៅចុងខែមីនា ឬដើមខែមេសា ឆ្នាំ 2024។ ជាមួយគ្នានេះ Huawei ក៏បាននឹងកំពុងធ្វើការអភិវឌ្ឍន៍ប្រតិបត្តិការជំនាន់ថ្មីរបស់ខ្លួនដែលមានឈ្មោះថ្មីថា HarmonyOS NEXT ហើយប្រតិបត្តិការជំនាន់ថ្មីនេះ ត្រូវបានគេដឹងថា មានលទ្ធភាពអាចគាំទ្រដំណើរការកម្មវិធីរបស់ប្រតិបត្តិការ Android របស់ក្រុមហ៊ុន Google បានថែមទៀតផង៕
