
នៅពេលនេះ មានការសេចក្តីរាយការណ៌ជាច្រើន បានបន្តនិយាយពីវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី Huawei Pura 80 Series ដោយក្នុងនោះប្រភពថែមទាំងមានការបង្ហើបថា ស្មាតហ្វូនថ្មីនេះ អាចនឹងមានសមត្ថភាពខ្ពស់ជាងម៉ូដែល Mate 70 ថែមទៀតផង។ បន្ថែមពីនេះ ក្រុមហ៊ុន Huawei ក៏ប្រហែលជានឹងមានការប្រើប្រាស់នូវបន្ទះឈីបជំនាន់ថ្មីរបស់ Kirin នៅលើស្មាតហ្វូនថ្មីនេះផងដែរ។
បើតាមការបង្ហោះនៅលើ Weibo ពីអ្នកទម្លាយ @BeijingDigitalMaster ក៏បាននិយាយដូចគ្នានេះដែរថា ស្មាតហ្វូន Huawei Pura 80 series អាចនឹងមានការបំពាក់នូវសមត្ថភាពខ្ពស់ជាង Mate 70 ហើយនៅលើស្មាតហ្វូនថ្មីនេះ ក៏នឹងការដាក់បន្ថែមនូវមុខងារថ្មីៗជាច្រើនសម្រាប់ផ្តល់នូវបទពិសោធន៌ថ្មីៗសម្រាប់អ្នកប្រើប្រាស់ទៀតផង។ បើតាមប្រភពខាងលើនេះបាននិយាយថា Pura 80 series នឹងមានការប្រើប្រាស់នូវបន្ទះឈីបថ្មី ដែលមានការអាប់ដែតខ្លាំងសម្រាប់ត្រកូល Pura ជំនាន់ថ្មីផងដែរ។
សូមជំរាបថា ក្រុមហ៊ុន Huawei តែងតែប្រើប្រាស់នូវបន្ទះឈីប Kirin ថ្មីៗនៅលើម៉ូដែលប្រណិតៗដូចជា Mate និង P-Series។ ក្រុមហ៊ុន OEM បានប្រើប្រាស់នូវឈីបនេះតាំងតែពីម៉ូដែល Mate 60 series មកម្លេះ។ បន្ទាប់ពីការបង្ហាញវត្តមានរបស់ 9000s ក្រុមហ៊ុននេះ បានបញ្ចេញនូវបន្ទះឈីប Kirin 9010 នៅលើ Pura 70 និងបន្ទះឈីប 9020 5G នៅលើ Mate 70 Pro។ ថ្មីៗនេះមានដំណឹងថា ស្មាតហ្វូន Huawei Pura 80 series អាចនឹងមានការប្រើប្រាស់នូវបន្ទះឈីប Kirin 9020។ ឈីបនេះត្រូវបានគេមើលឃើញថា បានទទួលនូវពិន្ទុ 1.2 ដល់ 1.3 លានពិន្ទុ នៅលើបញ្ជីធ្វើតេស្ត AnTuTu benchmark។

ប្រភពដដែលនេះ បានធ្វើការបញ្ជាក់បន្ថែមថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ អាចនឹងមានការប្រើប្រាស់នូវបន្ទះឈីប Kirin 9020 សម្រាប់ម៉ូដែលស្តង់ដាររបស់ Pura 80 ខណៈដែលម៉ូដែលផ្សេងទៀត គឺអាចនឹងមានការប្រើប្រាស់នូវបន្ទះឈីបរបស់ Kirin។
