
ក្រុមហ៊ុន Huawei បានបោះជំហានទៅកាន់ភាពច្នៃប្រឌិតនៃស្មាតហ្វូនថ្មីទៅកាន់កម្រិតមួយទៀតជាមួយនឹងស្មាតហ្វូន Pura ដែលបានប្រកាសចេញកាលពីឆ្នាំមុននេះ។ នៅពេលនេះ ព័ត៌មានថ្មីមួយ បានបញ្ជាក់ថា ស្មាតហ្វូន Huawei Pura 80 Series អាចនឹងបន្តក្នុងការប្រើប្រាស់នូវកាមេរ៉ាដូចមុនទៅលើស្មាតហ្វូនជំនាន់មុនរបស់ខ្លួន។ យ៉ាងណាមិញ យើងអាចនឹងឃើញនូវការផ្លាស់ប្តូរមួយចំនួនផងដែរ។
យោងតាមអ្នកទម្លាយ @SmartPikachu ដែលបានបង្ហោះនៅលើ Weibo បានបញ្ជាក់ថា ស្មាតហ្វូន Huawei Pura 80 Series នឹងមានការឌីស្សាញកាមេរ៉ាត្រីកោណដូចមុនដដែល។ បើមើលទៅលើការឌីស្សាញស្មាតហ្វូននេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ ប្រហែលជាមិនទាន់មានការ Upgrade ទៅលើកាមេរ៉ាខ្លាំងនោះទេ។ ព័ត៌មានលម្អិតនៃកាមេរ៉ារបស់ស្មាតហ្វូននេះ ក៏មិនទាន់ច្បាស់ដូចគ្នា។ បើតាមអ្នកទម្លាយរូបនេះបានព្យាករណ៌ថា ស្មាតហ្វូនថ្មីនេះ នឹងមានការបំពាក់នូវកាមេរ៉ានៅទីតាំងដូចគ្នាទៅនឹងស្មាតហ្វូន Pura 70 អញ្ចឹង។

គួរបញ្ជាក់ផងដែរថា ស្មាតហ្វូន P Series គឺមានការឌីស្សាញយ៉ាងស្រស់ស្អាត និងសមត្ថភាពនៃការថតរូបភាពដ៏អស្ចារ្យ។ ស្មាតហ្វូន Huawei Pura 70 គឺមានការប្រើប្រាស់នូវម៉ូឌូលកាមេរ៉ាត្រីកោណជាមួយនឹងឡេន 3 គ្រាប់។ ខណៈដែលនៅលើម៉ូឌុលកាមេរ៉ាស្មាតហ្វូន Ultra គឺមានស្លាកសញ្ញា XMAGE។ យើងអាចនឹងឃើញនូវព័ត៌មានលម្អិតជាច្រើនទៀតរបស់ស្មាតហ្វូន Pura 80 Series នេះ នៅក្នុងពេលខាងមុខឆាប់ៗនេះ។

ក្រៅពីការឌីស្សាញកាមេរ៉ានេះ ការបែកធ្លាយនេះ បានទម្លាយថា ក្រុមហ៊ុន Huawei នឹងមានការ upgrade ទៅលើសិនស័រ Periscope សម្រាប់ស្មាតហ្វូន Pura 80 របស់ខ្លួន។ ក្រុមហ៊ុននេះ ក៏អាចនឹងប្រើប្រាស់នូវដំណោះស្រាយថ្មីទៅលើអេក្រង់របស់ស្មាតហ្វូននេះដូចគ្នា ដោយអាចនឹងមានអេក្រង់រាបស្មើទំហំ 6.6-អ៊ីង និងមួយទៀតជាអេក្រង់គែមកោងទំហំ 6.8-អ៊ីង។ សម្រាប់កាមេរ៉ា Periscope នេះ ក្រុមហ៊ុននេះនឹងប្រើប្រាស់នូវសេនស័រ 1/1.3-អ៊ីងកាមេរ៉ា 50MP នៅលើស្មាតហ្វូន Ultra របស់ខ្លួន៕
