
នៅពេលនេះ ស្មាតហ្វូន Huawei Pura 80 Series ត្រូវបានគេជឿជាក់ថា បានចាប់ផ្តើមដំណើរការនៅក្នុងការផលិតហើយស្របពេលជាមួយគ្នានេះក៏មានការបែកធ្លាយថ្មីមួយបានបញ្ជាក់ដែរថា ស្មាតហ្វូន Flagship នេះ អាចនឹងមានការប្រើប្រាស់នូវ CMOS ផ្តាច់មុខនៅសិនស័រគោលផងដែរ។ បន្ថែមពីនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិននេះ ក៏នឹងមានការតម្លើងមកជាមួយនូវសមាសភាគកម្រិតខ្ពស់សម្រាប់ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួននេះទៀតផង។
សូមជំរាបថា កាលពីខែមេសាកន្លងទៅនេះ ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំរបស់ចិន ក៏ទើបតែប្រកាសចេញនូវស្មាតហ្វូន Pura ផងដែរ។ សម្រាប់ការបង្ហាញវត្តមានស្មាតហ្វូនជំនាន់ថ្មីនេះនៅក្នុងឆ្នាំនេះ ត្រូវបានគេមើលឃើកថា គឺនឹងមានការប្រើប្រាស់នូវសេនស័រកាមេរ៉ាថ្មីកម្រិតខ្ពស់ជាងមុនថែមទៀតផង។ បើតាមការទម្លាយចេញថ្មីៗនេះ នៅពេលនេះ ក្រុមហ៊ុននេះមានគម្រោងបង្កើនសមត្ថភាពនៃកាមេរ៉ារបស់ស្មាតហ្វូន Pura 80 Series ដោយប្រើប្រាស់នូវសិនស័រកាមេរ៉ាគោលថ្មី ហើយនិងសិនស័រ Periscope ទៀតផង។ អ្នកទម្លាយដដែលនេះ បានបង្ហោះនៅលើ Weibo ថា ក្រុមហ៊ុននេះ ក៏បានធ្វើការសហការជាមួយនឹងក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន ដើម្បីអភិវឌ្ឍទៅលើ Lenses កម្រិតខ្ពស់ទៅលើស្មាតហ្វូន Flagship ថ្មីនេះ។

តាមការទម្លាយចេញពី SmartPikachu បានកត់សម្គាល់ថា ក្រុមហ៊ុន Huawei និង OmniVision នឹងសហការគ្នាបង្កើតនូវសិន ស័រកាមេរ៉ាគោលថ្មី ហើយនិង Periscope Telephoto សម្រាប់ស្មាតហ្វូន Pura 80 series នេះ។ អ្នកទម្លាយនេះ មិនទាន់បានទម្លាយនូវព័ត៌មានផ្សេងអំពីស្មាតហ្វូននេះទេ។ គួរបញ្ជាក់ថា ក្រុមហ៊ុន OmniVision ត្រូវបានគេស្គាល់ថា គឺជាក្រុមហ៊ុនផលិតនូវកាមេរ៉ាឌីជីថល សម្រាប់ប្រើនៅលើស្មាតហ្វូន ថេប្លេត កុំព្យូទ័រ webcams និងជាដើម។
ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនមួយនៅក្នុងចំណោមក្រុមហ៊ុនផ្គត់ផ្គង់ជាច្រើនរបស់ក្រុមហ៊ុន Huawei ក្នុងការផលិតនូវសិនស័រកាមេរ៉ាសម្រាប់ស្មាតហ្វូន Mate 60 series, P60 series, Pura 70 និងជាច្រើនទៀត។ ក្រុមហ៊ុននេះ អាចនឹងបន្តក្នុងការក្លាយជាអ្នកផ្គត់ផ្គង់កាមេរ៉ាដ៏ធំរបស់ក្រុមហ៊ុន Huawei នេះ។

បើមើលទៅលើស្មាតហ្វូន Huawei Pura 70 Pro វិញ គឺមានការប្រើប្រាស់នូវកាមេរ៉ាគោល OmniVision 50H និងស្មាតហ្វូន Ultra នឹងប្រើប្រាស់នូវកាមេរ៉ា Sony IMX 989។ សម្រាប់ lenses ទាំងពីរនេះ ផ្តល់នូវលទ្ធផលដ៏អស្ចារ្យនៅក្នុងការថតរូបភាព ជាពិសេសនៅក្នុង blur effects។ Huawei Pura 80 Series ត្រូវគេរំពឹងថា អាចនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 2 ឆ្នាំក្រោយនេះ៕
