
ជាមួយនិងវត្តមានរបស់ស្មាតហ្វូនស៊េរីថ្មី Huawei Pura 90 Series សម្រាប់ឆ្នាំ 2026 នេះ ត្រូវបានគេរំពឹងថា គឺនឹងមានបំពាក់នូវកាមេរ៉ា Periscope កម្រិតខ្ពស់ដែលមិនធ្លាប់មានពីមុនមកនោះទេ ដោយសារតែក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ បាមត្រៀម នូវបច្ចេកវិទ្យាផលិតរូបភាពកម្រិតខ្ពស់ជាច្រើនសម្រាប់បំពាក់ទៅលើស្មាតហ្វូន Flagship របស់ខ្លួនមួយនេះ ហើយសិនស័រ Zoom ក៏អាចនឹងក្លាយជាផ្នែកមួយនៃការអភិវឌ្ឍស្មាតហ្វូនថ្មីនេះផងដែរ។
យោងតាមអ្នកទម្លាយជាច្រើននាពេលថ្មីៗនេះ ក៏បានទម្លាយអំពីព័ត៌មានកាមេរ៉ារបស់ស្មាតហ្វូនជំនាន់ថ្មី Huawei Pura 90 Series ផងដែរ ដោយទាំងនិយាយពីកាមេរ៉ាគោល និងកាមេរ៉ា Periscope ទៀតផង។ អ្នកទម្លាយ @SmartPikachu បាននិយាយថា ក្រុមហ៊ុន Huawei នឹងប្រើប្រាស់នូវ Periscope lens ជាមួយនឹងសមត្ថភាពខ្ពស់ គ្មានការបាត់បង់នូវគុណភាព រូបភាពនោះទេ។
ស្មាតហ្វូនជំនាន់ថ្មី Huawei Pura 90 នេះ នឹងមានកាមេរ៉ាគោលទំហំ 200MP ខណៈពេលដែល កាមេរ៉ា Magnification Zoom គឺមានចាប់ពី 5x, 10x ហើយអាចនិងមានកម្រិតជាច្រើនទៀត។ សម្រាប់ស្មាតហ្វូនថ្មីនេះ ក៏នឹងមាន ការឌីស្សាញទម្រង់ L Shape ផងដែរ។

សូមជំរាបថា កាមេរ៉ា Periscope គឺជា Zoom Lenses ដ៏ខ្លាំងក្លាជាមួយនឹងការរក្សានូវគុណភាពរូបភាពច្បាស់។ ប៉ុន្តែអ្នកទម្លាយនេះ នៅមិនទាន់បានទម្លាយអំពីព័ត៌មានលម្អិតនៃកាមេរ៉ា Periscope ឬសិនស័រនៃកាមេរ៉ាផ្សេងទៀតរបស់ស្មាតហ្វូន Huawei Pura 90 នោះទេ។ បើតាមការបែកធ្លាយមុននេះ បានទម្លាយថា ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏ធំមួយនេះ ក៏បានធ្វើតេស្តទៅលើកាមេរ៉ា OmniVision និង SmartSens ដើម្បីប្រើប្រាស់នៅលើស្មាតហ្វូន Pura ជំនាន់ថ្មីរបស់ខ្លួននាពេលខាងមុខនេះដូចគ្នា៕
