
យោងតាមអ្នកទម្លាយម្នាក់នៅលើបណ្តាញ Weibo នៅថ្ងៃនេះ បានបញ្ជាក់ពីភាពលម្អិតទៅលើការលក់ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Huawei Foldable ដែលមានស្មាតហ្វូនដូចជា Pura X និង Mate X6 ហើយ។ ស្មាតហ្វូនទាំងពីរនេះ គឺទទួលបាននូវភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងទីផ្សារស្មាតហ្វូនបត់បាននៅក្នុងប្រទេសចិន ហើយក៏បានផ្តល់នូវប្រាក់ចំណេញបានយ៉ាងល្អសម្រាប់ក្រុមហ៊ុននេះផងដែរ។
នៅពេលនេះ អ្នកទម្លាយ DigitalChatStation បានចែករំលែកនូវទិន្នន័យនៃការលក់ទៅលើស្មាតហ្វូន Huawei Pura X, Mate X6, Mate XT tri-fold , Mate X5 និងស្មាតហ្វូន Collector Edition ហើយ។ បើមើលទៅលើស្មាតហ្វូន Pura X គឺមានការនាំចេញបានចំនួន 220,000 គ្រឿង។ ស្មាតហ្វូនបត់បានទទួលបាននូវការចាប់អារម្មណ៍ខ្លាំងដោយសារតែទម្រង់នៃការឌីស្សាញថ្មី មុខងារ AI និងការពង្រឹងទៅលើបន្ទះឈីប Kirin ផងដែរ។ មួយវិញទៀតនោះ ស្មាតហ្វូន Huawei Mate X6 និង Collector Edition គឺមានការនាំចេញបានជាង 1 លានគ្រឿង។

Huawei Mate X6 ដែលជាស្មាតហ្វូន Flagship ជំនាន់ថ្មីនេះ បានបង្ហាញខ្លួនកាលពីឆ្នាំមុននេះ ជាមួយនឹងស្មាតហ្វូន Mate 70 series ហើយក៏មានរូបរាងធំជាងមុន ស្តើងជាងមុន បន្ទះឈីប Kirin 5G និងបច្ចេកវិទ្យាថ្មីៗជាច្រើនទៀត។ ស្មាតហ្វូននេះបំពាក់នូវ Satellite ថ្មី និងប្រព័ន្ធកាមេរ៉ា 3 គ្រាប់ជាមួយនឹង multi-spectral lens ផងដែរ។ សម្រាប់ការលក់ទៅលើស្មាតហ្វូន Huawei Mate XT និង Collector’s Edition គឺមានចំនួន 420,000 គ្រឿង ដោយសារតែបច្ចេកវិទ្យានៃអេក្រង់បត់បាន 3 តង់ ។

បើមើលទៅលើវត្តមានរបស់ស្មាតហ្វូន Huawei Mate X5 និង Mate X5 Collector’s Edition គិតមកដល់ពេលនេះ គឺមានការដំណើរការច្រើនជាង 3.3 លានគ្រឿង។ សូមជំរាបថា ចាប់តាំងពីឆ្នាំ 2023 មក ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Huawei គឺបានធ្វើការផ្លាស់ប្តូរទៅលើទីផ្សារជាច្រើនសម្រាប់អ្នកប្រើប្រាស់ ហើយក៏មានការបំពាក់នូវបន្ទះឈីប Kirin 5G ដ៏ខ្លាំងក្លាថែមទៀតផង៕
