ស្វែងរកពួកយើង:

Huawei Pura X ទទួលបាននូវជោគជ័យខ្លាំងនៅចិន ដោយមានការនាំចេញបានជាង 70 ម៉ឺនគ្រឿង

ដោយ

Koun Jab Luffy

08 កញ្ញា 2025 11:05 ថ្ងៃត្រង់

អាន 2 នាទី

Article image
Huawei  Pura X ដែលជាស្មាតហ្វូនបត់បានដំបូងបំផុតប្រភេទ Wide-Folding របស់ពិភពលោក ត្រូវបានគេរាយការណ៌ថា បានទទួលបាននូវជោគជ័យខ្លាំងនៅក្នុងទីផ្សាររបស់ប្រទេសចិន។ បន្ទាប់ពីការប្រកាសចេញកាលពីខែមីនាមក ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេរាយការណ៌ថា ទទួលបានការនាំចេញបានច្រើនជាង 700,000 គ្រឿងហើយ នេះបើតាមការបញ្ជាក់ចេញពីសារព័ត៌មាន ITHome។ គួរបញ្ជាក់ថា នៅក្នុងរយៈពេល 1 សប្តាហ៍ដំបូង មានអ្នកប្រើប្រាស់ស្មាតហ្វូនជំនាន់ថ្មីនេះ ជិត 100,000 គ្រឿង ដែលតួរលេខនេះ គឺបានបង្ហាញអំពីតម្រូវការខ្ពស់ទៅលើស្មាតហ្វូនបត់បានថ្មីរបស់ក្រុមហ៊ុន Huawei នេះ។
ស្មាតហ្វូនអេក្រង់បត់បាន Pura X បានបង្ហាញខ្លួនជាទម្រង់ថ្មី មានអេក្រង់បង្ហាញចេញបានជាមួយខ្នាត 16:10 aspect ratioដែលផ្តល់នូវភាពងាយស្រួលក្នុងការអាន និងការប្រើប្រាស់ split-screen ហើយនិងការងារជាច្រើនទៀតបានយ៉ាងរលូន។ ស្មាតហ្វូនអេក្រង់តបានថ្មីនេះ គឺមានដំណើរការនូវ HarmonyOS 5 និងមុខងារ AI ជាច្រើនទៀត ហើយស្មាតហ្វូននេះ មានតម្លៃចាប់ពី 7,499 yuan ឬ $1,037 ដែលអាចប្រជែងបានជាមួយនឹងស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 7 ដែលមានតម្លៃដល់ទៅ $2,000 ។
បច្ចុប្បន្ននេះ ក្រុមហ៊ុន Huawei មានចំណែកទីផ្សារស្មាតហ្វូនបត់បាននៅក្នុងប្រទេសចិនដល់ទៅ 75% ដែលយកឈ្នះទៅលើក្រុមហ៊ុន Samsung, OPPO ឬ vivo ថែមទៀតផង។ ជាមួយនិងវត្តមានរបស់ស្មាតហ្វូនអេក្រង់បត់បានថ្មី Pura X នេះ បានធ្វើអោយទីផ្សាររបស់ Huawei មានការកើនឡើង ហើយថ្មីៗនេះ ក្រុមហ៊ុន Huawei ក៏ទើបតែប្រកាសចេញស្មាតហ្វូនបត់បាន 3 តង់ជំនាន់ទី 2 គឺ  Mate XTs ជាមួយនឹង MatePad Mini ផងដែរ។
Article image
គួរបញ្ជាក់ថា ស្មាតហ្វូនអេក្រង់ Mate XT មានការនាំចេញចំនួន 500,000 គ្រឿងសម្រាប់រយៈពេល 6 ខែក្នុងឆ្នាំ 2025 នេះ។ តាមសេចក្តីរាយការណ៌ថ្មី ក៏បានបង្ហើបថា ក្រុមហ៊ុន Huawei អាចនឹងត្រៀមខ្លួនក្នុងការបង្ហាញនូវផលិតផលជាច្រើនទៀតដូចជា Mate X7 ឬ Pura X ជំនាន់ថ្មីសម្រាប់ដើមឆ្នាំ 2026 នេះផងដែរ។ ស្មាតហ្វូននេះបំពាក់នូវ Harmony OS និងមុខងារថ្មីៗជាច្រើនដ៏សម្បូរបែបក្នុងការប្រើប្រាស់៕