
យោងតាមសេចក្តីថ្មីនៅថ្ងៃនេះ បានបង្ហាញថា ក្រុមហ៊ុន Huawei បានក្លាយជាអ្នកឈ្នះនៅក្នុងទីផ្សារស្មាតហ្វូនបត់បាននៅក្នុងប្រទេសចិន សម្រាប់ត្រីមាសទី 3 ឆ្នាំ 2024 នេះ ដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ បានយកឈ្នះទៅលើក្រុមហ៊ុនម៉ាកយីហោល្បីៗជាច្រើនដែលមានលក់ស្មាតហ្វូននៅលើទីផ្សារប្រទេសនេះ។ គួរបញ្ជាក់ថា បន្ទាប់ពីមានការប្រកាសចេញនូវស្មាតហ្វូនអេក្រង់បត់បានជាច្រើននោះ ក្រុមហ៊ុន Huawei បានក្លាយជាជើងឯកសម្រាប់ការប្រកួតប្រជែងនៅលើទីផ្សារស្មាតហ្វូនបត់បាន ដោយគ្រប់គ្រងចំនែកទីផ្សារធំបំផុតនៅប្រទេសចិន។
បើតាមការទម្លាយចេញពី CINNO Research ដែលបានចែករំលែកអំពីការវិភាគរបស់ខ្លួន ទៅលើទីផ្សារស្មាតហ្វូនបត់បាននៅក្នុងប្រទេសចិន សម្រាប់ត្រីមាសទី 3 ឆ្នាំ 2024 នេះ ហើយក្រុមហ៊ុន Huawei ក៏បាននាំមុខគេនៅលើទីផ្សារស្មាតហ្វូនបត់បានផងដែរ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ ក៏បាននាំចេញស្មាតហ្វូនបត់បានជាច្រើនគ្រឿងនៅក្នុងត្រីមាសទី 3 ឆ្នាំនេះដែលបានយកឈ្នះទៅលើគូប្រជែងជាច្រើនរបស់ខ្លួន។

ក្រុមហ៊ុន Huawei បានជាប់ចំណាត់ថ្នាក់លេខ 1 នៅក្នុងទីផ្សារស្មាតហ្វូនបត់បាននៅក្នុងត្រីមាសទី 3 ឆ្នាំ 2024 នេះ។ ក្រុមហ៊ុននេះ នាំចេញស្មាតហ្វូនបត់បានចំនួន 1.12 លានគ្រឿង នៅក្នុងត្រីមាសទី 3 ឆ្នាំនេះ។ សម្រាប់ពេលនេះ ការលក់នេះ គឺមានការកើនឡើង 97% បើធៀបទៅនឹងឆ្នាំមុននេះ។ ក្រុមហ៊ុនស្រាវជ្រាវនេះ បាននិយាយថា ក្រុមហ៊ុន Huawei នៅតែជាជើងឯកនៅក្នុងទីផ្សារស្មាតហ្វូនបត់បាននេះ។ CINNO បញ្ជាក់ថា ស្មាតហ្វូន Mate X5 បានជួយអោយក្រុមហ៊ុននេះ នាំមុខគេនៅលើទីផ្សារស្មាតហ្វូនបត់បានរបស់ប្រទេសចិន។ ស្មាតហ្វូននេះ នៅតែក្លាយជាជើងឯកលក់អស់រយៈពេល 4 ត្រីមាសហើយនៅក្នុងទីផ្សាររបស់ប្រទេសចិននេះ។

នៅពលេនេះ ក្រុមហ៊ុនចិនមួយនេះ ក៏បានត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនបត់បាន Mate X6 នៅថ្ងៃទី 26 ខែវិច្ឆិកាខាងមុខនេះ។ ស្មាតហ្វូន Mate X6 នេះ នឹងមានការកែប្រែទៅលើលក្ខណៈសម្បត្តិជាច្រើនបើធៀបទៅនឹងម៉ូដែលជំនាន់មុននេះ។ ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវបន្ទះឈីបថ្មី និងប្រព័ន្ធប្រតិបត្តិការ HarmonyOS NEXT ថែមទៀតផង។ ក្រុមហ៊ុន Honor ជាប់ចំណាត់ថ្នាក់លេខ 2 នៅក្នុងទីផ្សារស្មាតហ្វូនបត់បាននៅក្នុងប្រទេសចិន សម្រាប់វត្តមានរបស់ស្មាតហ្វូន Magic V3 និង Vs3 ។ សម្រាប់ក្រុមហ៊ុនផ្សេងទៀតដែលជាប់ចំណាត់ថ្នាក់បន្តបន្ទាប់គឺ Vivo, Xiaomi និង Samsung ៕
