ស្វែងរកពួកយើង:

Huawei ចាប់ដៃ SAIC ត្រៀមបញ្ចេញរថយន្តអគ្គិសនីស៊េរីថ្មីដែលមានតម្លៃសមរម្យនៅថ្ងៃទី 10 ខែមេសា ខាងមុខនេះ

ដោយ

Koun Jab Luffy

29 មីនា 2025 12:49 ថ្ងៃត្រង់

អាន 3 នាទី

Article image
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ចិន Huawei បាននឹងកំពុងលូកដៃចូលកាន់តែជ្រៅទៅក្នុងវិស័យរថយន្តអគ្គិសនី (EV) តាមរយៈការចាប់ដៃគូសម្ព័ន្ធភាពជាយុទ្ធសាស្រ្តជាមួយក្រុមហ៊ុន SAIC Motor ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់រដ្ឋឈានមុខគេរបស់ចិន។ ភាពជាដៃគូគ្នានេះ នឹងបង្ហាញម៉ាកយីហោ រថយន្តអគ្គិសនីថ្មីមួយដែលមានឈ្មោះថា "Shangjie" ដែលស្ថិតនៅក្រុមហ៊ុន  Harmony Intelligent Mobility Alliance របស់ Huawei។
បើតាមប្រភពព័ត៌មានចុងក្រោយបានបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍ដាក់សម្ពោធចេញជាផ្លូវការសម្រាប់រថយន្តអគ្គិសនីថ្មីរបស់ Huawei-BAIC ដែលគ្រោងធ្វើឡើងនៅថ្ងៃទី 10 ខែមេសា ខាងមុខនេះ។ “Shangjie” នឹងក្លាយជាម៉ាកយីហោទីប្រាំនៅក្នុងផលប័ត្ររថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Huawei។
ចំពោះការបណ្តាក់ទុនចុងក្រោយនេះ គឺនឹងពង្រីកវត្តមានដ៏សំខាន់របស់ Huawei នៅក្នុងទីផ្សារអគ្គិសនី ដែលរួមមានម៉ាកស្ថិតនៅក្រោមប្រព័ន្ធអេកូឡូស៊ី Harmony Intelligent Mobility ដូចជា Aito ជាម៉ាកកើតឡើងពីការចាប់ដៃគូជាមួយក្រុមហ៊ុន Seren ដោយបានចេញលក់នូវម៉ូដែល Aito M5, M7 និង M9 Series ហើយក្នុងឆ្នាំ 2024 រថយន្តស្ថិតក្រោមម៉ាក Aito លក់បានចំនួនសរុប 385,904 គ្រឿង។
ម៉ាក Luxeed ចាប់ដៃគូជាមួយ Chery ដែលលក់បានចំនួន 57,956 គ្រឿងក្នុងឆ្នាំ 2024, ម៉ាក Stelato ចាប់ដៃគូជាមួយ BAIC Motor លក់បានចំនួន 3,008 គ្រឿងក្នងឆ្នាំ 2024  និងចុងក្រោយ គឺម៉ាក Maextro ចាប់គូជាមួយ JAC Motors ដែលទើបតែបញ្ចេញលក់ម៉ូដែលដំបូង គឺ Maextro S800 ដែលជារថយន្តប្រភេទ Luxury sedan ដែលមានតម្លៃជាង $138,000។
ចំនែកម៉ូដែលថ្មីដែលត្រៀមបង្ហាញវត្តមាននៅថ្ងៃទី 10 ខែមេសា ខាងមុខនេះ ត្រូវបានគេដឹងថាជាប្រភេទរថយន្ត mid-to-large SUV ដែលនឹងមានតម្លៃចាប់ពីខ្ទង់ $20,700 ដល់ $27,000។ រថយន្តអគ្គិសនីស៊េរីថ្មីនេះ អាចនឹងចេញលក់ផ្លូវការណ៍នៅត្រីមាសទី 4 ឆ្នាំ 2025 នេះ ហើយទីផ្សារដ៏សំខាន់សម្រាប់រថយន្តម៉ូដែលថ្មី “Shangjie” របស់ Huawei និង BAIC គឺជាយុវវ័យតែម្តង។
តាមប្រភពបានបញ្ជាក់ថា “Shangjie” នឹងត្រូវផលិតឡើងដោយប្រើប្រាស់ប្រព័ន្ធគ្រោងឆ្អឹង BAIC Platform ដូចគ្នានឹងម៉ូដែល Marvel RC7 ដែរ ហើយនិងគាំទ្រនៅប្រព័ន្ធជំនួយការបើកបរ ADS autonomous driving system, និងប្រព័ន្ធដំណើរការក្នុងកាប៊ីនឆ្លាតវៃ HarmonyOS smart cockpit។ ហើយរថយន្តស៊េរីថ្មីនេះ ក៏នឹងមានជម្រើសប្រើថាមពលអគ្គិសនីសុទ្ធ (BEV) និងម៉ូដែលកូនកាត់ (អគ្គិសនី+ម៉ាស៊ីន) ដែលហៅថា PHEV ឬ Plug-in-hybrid ផងដែរ។
Article image
សម្រាប់កិច្ចសហការរវាងក្រុមហ៊ុន Huawei និង SAIC ដើម្បីបង្កើតម៉ាកយីហោរថយន្តអគ្គិសនីថ្មី“Shangjie” គឺបានបង្ហាញពីការផ្លាស់ប្តូរដ៏សំខាន់មួយរបស់ Huawei ក្នុងការចាប់យកចំណែកដ៏ធំនៃទីផ្សាររថយន្តអគ្គិសនីដែលកំពុងរីកចម្រើនខ្លាំងនៅក្នុងប្រទេសចិន។ ហើយសម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីម៉ាករថយន្តអគ្គិសនីថ្មី "Shangjie"យើងនឹងបានដឹងទាំងអស់គ្នាជាផ្លូវការនៅខែក្រោយនេះ៕