
ទីផ្សារស្មាតហ្វូនរបស់ក្រុមហ៊ុន Huawei មានការកើនឡើងគួរឲ្យកត់សំគាល់កាលពីឆ្នាំ 2023 នៅទីផ្សារប្រទេសចិន។ ថ្មីៗនេះ ក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IDC បានបញ្ចេញរបាយការណ៍ចុងក្រោយរបស់ខ្លួន ដោយបានបង្ហាញថាការនាំចេញស្មាតហ្វូនរបស់ Huawei មានការកើនឡើងប្រមាណ 36.2% នៅត្រីមាសទី 4 នៃឆ្នាំ 2023 និងបានឈរនៅលេខរៀងទីបួនក្នុងទីផ្សារស្មាតហ្វូនប្រទេសចិន។
ហើយនៅពេលនេះបើតាមរបាយការណ៍របស់ Counterpoint research បានឲ្យដឹងថា ការលក់ស្មាតហ្វូនរបស់ Huawei នៅទីផ្សារប្រទេសចិនបានឈានដល់ចំនុចកំពូល ពោល គឺឈរនៅលេខរៀងទីមួយសម្រាប់រយះពេល 2 សប្តាហ៍ដំបូងក្នុងឆ្នាំ 2024 នេះ។ ហើយបាននាំមុខក្រុមហ៊ុន Apple ហើយក៏ជាលើកដំបូងរបស់ Huawei ក្នុងការឈានឡើងមកឈរនៅលេខរៀងទីមួយចាប់តាំងពីការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកនៅឆ្នាំ 2019 ដែល Huawei បានមកឈរនៅលំដាប់ជួរមុខក្នុងទីផ្សារស្មាតហ្វូនរបស់ប្រទេសចិន។ ហើយសម្រាប់ស្មាតហ្វូនដែលជម្រុញឲ្យទីផ្សារ Huawei ឡើងមកឈរនៅលំដាប់កំពូលតារាងនៅទីផ្សារប្រទេសចិន គឺជាម៉ូដែល Mate 60 Series។

ស្មាតហ្វូនកំពូលជំនាន់ថ្មីរបស់ Huawei មួយនេះ ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញកាលពីចុងឆ្នាំ 2023 ជាមួយការបំពាក់បន្ទះឈីប Kirin 9000S និងគាំទ្រដំណើរការដោយប្រតិបត្តិការ HarmonyOS។ ហើយបច្ចុប្បន្នកំពូលស្មាតហ្វូនជំនាន់ថ្មីមួយនេះ កំពុងកើនតម្រូវការខ្លាំងនៅទីផ្សារក្នុងស្រុក នេះបើតាមរបាយការណ៍របស់ក្រុមហ៊ុនចែកចាយក្នុងប្រទេសចិន។
ទន្ទឹងនឹងភាពជោគជ័យនេះ ថ្មីៗនេះ Huawei បានធ្វើការប្រកាសចេញប្រតិបត្តិការជំនាន់ថ្មីហៅថា Harmony NEXT ដែលប្រើប្រាស់នូវប្រព័ន្ធ Kernel របស់ក្រុមហ៊ុនផ្ទាល់ ដែលអនុញ្ញាតិឲ្យមានការគាំទ្រនូវកម្មវិធីរបស់ប្រតិបត្តិការ Android ថែមទៀតផង។ ហើយប្រតិបត្តិការណ៍ Harmony NEXT ត្រូវបានគេរំពឹងថា នឹងប្រកាសចេញផ្លូវការណ៍នៅមុនដំណាច់ឆ្នាំ 2024 នេះ ហើយក៏នឹងជួយជម្រុញឲ្យអាជីវកម្មស្មាតហ្វូនរបស់ Huawei កាន់តែជោគជ័យបន្ថែមទៀត។
ក្រៅពី Huawei Mate 60 Series ម៉ូដែល Nova 12 Series ក៏ជាតួរអង្គសំខាន់ក្នុងការជម្រុញចំនួននៃការលក់ស្មាតហ្វូនរបស់ Huawei មានការកើនឡើងផងដែរ។ គ្រួសារស្មាតហ្វូនកម្រិតថវិកា ឬ Mid-range smartphone របស់ Huawei នេះ បានដំឡើងមកជាមួយបន្ទះឈីប Kirin លើកលែងតែម៉ូដែល Nova 12 Lite មួយប៉ុណ្ណោះ ដែលប្រើបន្ទះឈីប 4G Snapdragon 778G។

បើតាមរបាយការណ៍របស់ Counterpoint Research បានបញ្ជាក់ថា តម្រូវការស្មាតហ្វូនកំពូល High-End នៅក្នុងប្រទេសចិនមានការកើនឡើងប្រមាណ 27% ក្នុងឆ្នាំ 2023 កន្លងទៅ។ ដោយ Apple បន្តកាន់តំណែងកំពូលក្នុងទីផ្សារស្មាតហ្វូន High-End ខណៈ Huawei និងក្រុមហ៊ុនស្មាតហ្វូនម៉ាកយីហោចិនផ្សេងទៀត បាននឹងកំពុងទាញទម្លាក់ចំណែកទីផ្សាររបស់ Apple បន្តិចម្តងៗចាប់តាំងពីត្រីមាសទី 3 ក្នុងឆ្នាំ 2023៕
