ស្វែងរកពួកយើង:

Huawei ត្រឡប់មកឈរនៅលើកំពូលតារាងនៅលើទីផ្សារប្រទេសចិនបន្ទាប់ពីខកខានអស់ជាង 3 ឆ្នាំ

ដោយ

Koun Jab Luffy

27 ឧសភា 2024 07:51 ព្រឹក

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានអោយដឹងថា ក្រុមហ៊ុន Huawei បានត្រឡប់មកឈរនៅលើកំពូលតារាងនៅលើទីផ្សារស្មាតហ្វូននៅក្នុងប្រទេសចិនវិញហើយ បន្ទាប់ពីខកខានអស់ជាង 3 ឆ្នាំ។ ព័ត៌មានថ្មីខាងលើនេះ ត្រូវបានគេដកស្រង់ចេញពី របាយការណ៌របស់ក្រុមហ៊ុនសិក្សាស្រាវជ្រាវ Canalys នៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 នេះ ដោយនៅក្នុងរបាយការណ៌នេះ មានការបង្ហាញថា ក្រុមហ៊ុន Huawei មានការនាំចេញស្មាតហ្វូនរបស់ខ្លួនបានដល់ 11.7 លានគ្រឿង។ តាមរយៈទិន្នន័យ ខាងលើនេះ ក៏មានការបង្ហាញទៀតថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ គឺគ្រប់គ្រងទីផ្សារបានចំនួន 17% ដែលមាន ការកើនឡើងដល់ទៅ 70% ប្រៀបធៀបទៅនឹងឆ្នាំមុន។
អ្នកវិភាគរបស់ Canalys ដែលមានឈ្មោះថា Toby Zhu បានចាត់ទុកថា ភាពជោគជ័យរបស់ក្រុមហ៊ុនស្មាតហ្វូន Huawei នៅពេលនេះ គឺបានកើតឡើងដោយសារតែវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Mate Series និង Nova Series នាពេលកន្លងមក។ ការពង្រឹងសមត្ថភាពកាន់តែខ្លាំងទៅលើការផលិត និងការផ្គត់ផ្គង់សមាសភាគទៅលើស្មាតហ្វូនជំនាន់ថ្មី Mate 60 Series នាពេលកន្លងមក បានធ្វើអោយក្រុមហ៊ុន Huawei មានភាពរីកចំរើនកាន់តែខ្លាំង។
Article image
គួរបញ្ជាក់ថា ការធ្លាក់ចេញពីកំពូលតារាងរបស់ក្រុមហ៊ុន Huawei កន្លងមកនេះ គឺដោយសារតែបញ្ហាជាច្រើន ដែលមានទាំង ការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក និងការហាមឃាត់ដៃគូរនានាមិនអោយធ្វើការជាមួយនិងក្រុមហ៊ុន Huawei។ សូមជំរាប ថា កាលពីឆ្នាំ 2019 កន្លងទៅនេះ ក្រុមហ៊ុន Huawei ត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មនៅក្នុងបញ្ជីខ្មៅ ហើយនិងបន្តថា ហាមឃាត់ក្រុមហ៊ុន Google មិនអោយផ្តល់សេវាកម្មសម្រាប់ក្រុមហ៊ុន Huawei រួមជាមួយនិងការហាមឃាត់មិនអោយក្រុម ហ៊ុនផលិតផលបន្ទះឈីបលក់ឈីបរបស់ខ្លួនអោយក្រុមហ៊ុន Huawei ជាដើម។
Article image
បន្ថែមពីនេះ សហរដ្ឋអាមេរិកក៏បានដកចេញ នូវបច្ចេកវិទ្យា Huawei 5G ចេញពីប្រទេសរបស់ខ្លួនថែមទៀតផង។ ជាមួយគ្នានេះ ប្រទេសដៃជាសម្ព័ន្ធមិត្តរបស់សហរដ្ឋ អាមេរិក ដែលមានដូចជា ចក្រភពអង់គ្លេស, អូស្រ្តាលី និងប្រទេសជប៉ុនជាដើម ក៏បានដកបច្ចេកវិទ្យា 5G របស់ក្រុមហ៊ុន Huawei ចេញពីប្រទេសរបស់ខ្លួនដូចគ្នា។
Huawei ត្រឡប់មកឈរនៅលើកំពូលតារាងនៅលើទីផ្សារប្រទេសចិនបន្ទាប់ពីខកខានអស់ជាង 3 ឆ្នាំ