
នៅថ្ងៃនេះ ក្រុមហ៊ុន Canalys បានបញ្ចេញនូវរបាយការណ៌ថ្មីចុងក្រោយរបស់ខ្លួនទាក់ទងនឹងមានការនាំចេញស្មាតហ្វូននៅក្នុងប្រទេសចិនសម្រាប់ត្រីមាសចុងក្រោយឆ្នាំ 2023។ របាយការណ៌ខាងលើនេះបន្តថា ទីផ្សារស្មាតហ្វូននៅប្រទេសចិនបានការធ្លាក់ចុះបន្តិចនៅត្រីមាសទី 4 កន្លងទៅនេះ។
ការនាំចេញនៅត្រីមាសទី 4 ខាងលើនេះ គឺមានចំនួនសរុប 73.9 លានគ្រឿង មានការធ្លាក់ចុះ 1% ទាបជាងពេលដូចគ្នា ធៀបនឹងឆ្នាំមុន។ សម្រាប់ក្រុមហ៊ុនធំៗទាំង 5 នៅលើទីផ្សារចិនមានដូច Apple, Honor, Vivo, Huawei និង Xiaomi។

Huawei ត្រូវបានគេមើលឃើញថា មានការកើនឡើង 47% ប្រៀបធៀបជាមួយនិងឆ្នាំមុន។ នៅត្រីមាសទី 4 កន្លងទៅនេះ ក្រុមហ៊ុន Apple គឺជាអ្នកនាំមុខគេជាមួយនិងការនាំចេញបាន 17.5 លានគ្រឿង កើនឡើង 6% ប្រៀបធៀបនិងឆ្នាំមុន។ Honor គឺជាក្រុមហ៊ុនឈរលេខ 2 មានចំណែកទីផ្សារ 16% ជាមួយនិងការនាំចេញបាន 11.7 លានគ្រឿង។ Vivo គឺជាក្រុមហ៊ុនទីបី នាំចេញបាន 11.3 លានគ្រឿង។ ចំពោះក្រុមហ៊ុន Huawei គឺមានចំណែកទីផ្សារកើនឡើងដល់ទៅ 47% ជាមួយនិងការនាំចេញបាន 10.4 លានគ្រឿង។

យោងតាម Lucas Zhong ដែលជាអ្នកវិភាគប្រចាំនៅក្រុមហ៊ុន Canalys បានបញ្ជាក់ថា នៅពេលនេះ ក្រុមហ៊ុនHuawei បានត្រឡប់មកវិញហើយ តាមរយៈវត្តមានរបស់ “Mate 60 Pro ដែលមានការប្រើប្រាស់នូវបន្ទះឈីប Kirin ដែលជាឈីបអភិវឌ្ឍដោយខ្លួនឯង និងមានការបន្ថែមនូវមុខងារផ្កាយរណប satellite calling ទៀតផង”។ សម្រាប់ Xiaomi ឈរលេខរៀងទី 5 មានការនាំចេញបាន 9.5 លានគ្រឿង។ សូមជំរាបថា ទីផ្សារនាំចេញស្មាតហ្វូននៅលើទីផ្សារប្រទេសចិនឆ្នាំ 2023 នេះ គឺមានការធ្លាក់ចុះ 5% មានចំនួន 273 លានគ្រឿង។
