ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់កំពូលរបស់ប្រទេសចិន Huawei ត្រៀមធ្វើការប្រកាសចេញរថយន្តប្រភេទ full-size SUV 6-កៅអីស៊េរីថ្មី នៅថ្ងៃទី 23 ខែមេសា ស្អែកនេះ នៅប្រទេសចិន មុនថ្ងៃនៃការប្រារព្ធព្រឹត្តិការណ៍ពិពរណ៌រថយន្តប្រចាំឆ្នាំ 2026 Beijing International Auto Show។ រថយន្តស៊េរីថ្មីនេះ គឺមានឈ្មោះថា Yijing X9 ជារថយន្ត SUV ខ្នាតធំមានប្រវែង 5.3 ម៉ែត្រ ជាមួយការបំពាក់កៅអីចំនួន 6 ព្រមទាំងគាំទ្រការបំពាក់នូវប្រព័ន្ធសែនស័រកម្រិតខ្ពស់ជំនាន់ចុងក្រោយរបស់ Huawei គឺ 896-line LiDAR Sensor ថែមទៀតផង។

ម៉ាករថយន្ត Yijing ត្រូវបានបង្កើតឡើងក្រោមកិច្ចសហការរវាង Huawei និង Dongfeng ដែលកន្លងមករថយន្តនេះត្រូវបានគេស្គាល់តាមរយះកូដម៉ូដែលថា DH។ នាពេលថ្មីៗនេះ លោក  Zeng Qinling ដែលជា CEO នៃម៉ាក Yijing បានធ្វើការបង្ហោះរូបភាពរថយន្តម៉ូដែលដំបូងនៃម៉ាកយីហោថ្មីនេះ។ ហើយរូបភាពដែល CEO បានបង្ហោះនោះ គឺបង្ហាញថា រថយន្តម៉ូដែលដំបូងនេះប្រើប្រាស់ស្លាកឈ្មោះថា Epicland X9 Crossover សម្រាប់ទីផ្សារសកល។ រថយន្តស៊េរីថ្មីនេះ ស្ថិតក្នុងស្រឡាយរថយន្ត Flagship SUV ខ្នាតធំដែលមានប្រវែង 5.3m ជាមួយគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3.1m។

លោក Zeng Qinling បានបញ្ជាក់ថា  Epicland X9/ Yijing X9 គឺជាម៉ូដែលដំបូងដែលភ្ជាប់មកជាមួយប្រព័ន្ធបច្ចេកវិទ្យាពេញលិញរបស់ Huawei ទាំងស្រុងតែម្តង រួមមានប្រព័ន្ធសែនស័រជំនាន់ចុងក្រោយ 896-line LiDAR Sensor ដែលគាំទ្រដល់ប្រព័ន្ធសុវត្ថិភាពជំនួយការបើកបរ Qiankun assisted driving system និងបច្ចេកវិទ្យាប្រើប្រាស់ក្នុងកាប៊ីនទំនើប Huawei Harmony OS Cockpit ជំនាន់ចុងក្រោយជាដើម។ បន្ថែមពីនេះ Epicland X9 នឹងត្រូវផលិតឡើងដោយប្រើប្រាស់នូវស្ថាបត្យកម្មគ្រោងឆ្អឹង XMC Qiankun chassis ដែលអភិវឌ្ឍន៍ដោយ Huawei ផ្ទាល់ ព្រមជាមួយនឹងការគាំទ្រប្រព័ន្ធ Cloud solution ពី Huawei ផងដែរ។

Epicland X9 ឬ Yijing X9 បំពាក់មកជាមួយកៅអីបីជួរស្មើរនឹង 6 កៅអី រៀបជា 2x2x2។ រថយន្តស៊េរីថ្មីនេះ ក៏មានបំពាក់នូវប្រព័ន្ធសែនស័រភ្លើង Blue light indicating សម្រាប់ជំនួយដល់មុខងារបើកបរស្វ័យប្រវត្តិ ឬ Driving Autonomously នៅពេលបើកដំណើរការមុខងារ Navigate On Autopilot (NOA) ដែលអនុញ្ញាតិឲ្យរថយន្តអាចធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយទៀត បានដោយស្វ័យប្រវត្តិ។ ទោះជាយ៉ាងអ្នកបើកបរតម្រូវឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលប្រព័ន្ធ ADAS ដំណើរការមិនប្រក្រតីដោយយថាហេតុណាមួយ មានន័យថា អ្នកបើកបរមិនត្រូវប្រលែងដៃចង្កូតចោល ឬដកជើងចេញពីប្រព័ន្ធហ្វ្រាំងទាំងស្រុងនោះទេ។ 

ដោយឡែកពាក់ព័ន្ធទៅនឹងលក្ខណៈសម្បត្តិលម្អិតរបស់ Epicland X9/ Yijing X9 ក្រុមហ៊ុនមិនទាន់បង្ហាញលម្អិតនោះទេក្នុងពេលនេះ។ លោក Zeng Qinling បានបញ្ជាក់ផ្លូវការណ៍ថា Epicland X9 នឹងបង្ហាញខ្លួនផ្លូវការណ៍នៅថ្ងៃស្អែកទី 23 ខែមេសា ក្នុងសន្និសិត “Huawei Qiankun Ecosystem Technology Conference” ដូចនេះសម្រាប់ព័ត៌មានលម្អិតរបស់ Epicland X9 យើងនឹងបានដឹងទាំងអស់គ្នានៅថ្ងៃស្អែកនេះ។ Epicland X9 ត្រូវបានគេរំពឹងថា អាចនឹងមានតម្លៃខ្ទង់ប្រហែល $51,340៕