
នៅថ្ងៃនេះ មានការបែកធ្លាយថ្មីមួយ បានបញ្ជាក់ថា ក្រុមហ៊ុន Huawei អាចបន្តក្នុងកាអាប់ដេតទៅលើស្មាតហ្វូនបត់បាន 3 តង់របស់ខ្លួននៅឆ្នាំក្រោយនេះ។ ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើន នៅតែគិតក្នុងការត្រៀមខ្លួនបញ្ចេញនូវស្មាតហ្វូនបត់បាន 3 តង់នៅលើទីផ្សារនោះ មានការលេចលឺព័ត៌មានថា អ្នកអភិវឌ្ឍស្មាតហ្វូន Mate ត្រៀមខ្លួនបញ្ចេញនូវស្មាតហ្វូនបត់បាន 3 តង់ថ្មីរបស់ខ្លួនថែមទៀតហើយ។
សូមជំរាបថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិនមួយនេះ បានបង្ហាញចេញនូវ Mate XT ដែលជាស្មាតហ្វូនបត់បាន 3 តង់របស់ខ្លួនកាលពីខែកញ្ញាកន្លងទៅនេះ។ ស្មាតហ្វូនថ្មីនេះ បានធ្វើអោយអ្នកប្រើប្រាស់ជាច្រើនមានការភ្ញាក់ផ្អើលដោយសារតែការឌីស្សាញកាន់តែប្លែក និងមុខងារ AI ជាច្រើនថែមទៀតផង។ នៅពេលនេះ ក្រុមហ៊ុន Huawei បានត្រៀមបញ្ចេញនូវស្មាតហ្វូនបត់បាន 3 តង់នៅឆ្នាំក្រោយនេះ ដែលម៉ូដែលថ្មី នឹងមានការពង្រឹងទៅលើសមត្ថភាពកាន់តែខ្លាំងក្លា។

យោងតាមអ្នកទម្លាយ SmartPikachu បាននិយាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ នឹងបន្តអាប់ដេតកាន់តែប្រសើរទៅលើស្មាតហ្វូនបត់បាន 3 តង់នេះ។ ស្មាតហ្វូននេះ អាចនឹងមានឈ្មោះហៅថា Mate XT 2 ។ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei អាចនឹងពង្រឹងនូវចំណុចខ្វះខាតដែលមាននៅលើស្មាតហ្វូន Mate XT ជាមួយនឹងស្មាតហ្វូនបត់បាន 3 តង់ជំនាន់ថ្មី។ ស្មាតហ្វូននេះ នឹងមានរចនាសម្ព័ន្ធរឹងមាំជាងមុន និងធន់ជាងមុនក្នុងការប្រើប្រាស់ថែមទៀតផង។ គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនមុនគេដែលផលិតស្មាតហ្វូនបត់បាន 3 តង់នេះ។
ក្រុមហ៊ុននេះ បានធ្វើអោយអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលដោយសារតែវត្តមានអេក្រង់បត់បាន 3 តង់។ ស្មាតហ្វូននេះ នឹងមានការពង្រឹងទៅលើបច្ចេកវិទ្យា AI កាន់តែមានប្រយោជន៍ នៅក្នុងការប្រើប្រាស់សម្រាប់អតិថិជនផងដែរ។ ក្រៅពីក្រុមហ៊ុន Huawei ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនទៀត ក៏មានគម្រោងក្នុងការបញ្ចេញនូវស្មាតហ្វូនបត់បាន 3 តង់នេះផងដែរ។

ក្រុមហ៊ុន Samsung និង Huawei គឺជាក្រុមហ៊ុន ដែលគូរប្រជែងគ្នាក្នុងការផលិតទៅលើស្មាតហ្វូនបត់បាន 3 តង់នេះ គ្រាន់តែក្រុមហ៊ុន Huawei បានលក់ស្មាតហ្វូនបត់បាន 3 តង់នេះ មុននៅលើទីផ្សារ។ សូមជំរាបថា ក្រុមហ៊ុន Xiaomi និង Honor ក៏ស្ថិតនៅក្នុងបញ្ជីដែលត្រៀមខ្លួនបញ្ចេញនូវស្មាតហ្វូនបត់បាន 3 តង់របស់ខ្លួនផងដែរ។ ក្រុមហ៊ុន Honor គ្រោងនឹងបញ្ចេញនូវស្មាតហ្វូនបត់បាន 3 តង់នេះនៅក្នុងឆមាសទី 1 ឆ្នាំ 2025 ខាងមុខនេះ៕
