
យោងតាមរបាយការណ៍ចុងក្រោយបំផុតរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Counterpoint បានបញ្ជាក់ថា ទីផ្សារស្មាតហ្វូនរបស់ប្រទេសចិន គឺមានការធ្លាក់ចុះចំនួន 2.4% នៅក្នុងត្រីមាសទី 2 ឆ្នាំ 2025 នេះ ប៉ុន្តែតាមរយៈទិន្នន័យខាងលើ ហាក់មានភាពខុសប្លែកសម្រាប់ក្រុមហ៊ុន Huawei។ ក្រុមហ៊ុន Huawei គឺបាននាំមុខគេនៅក្នុងទីផ្សាររបស់ចិននេះ ហើយអ្វីដែលបានជួយជម្រុញទីផ្សារនេះ គឺដោយសារតែការលក់ស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួន។
ក្រុមហ៊ុន Huawei មានកំណើនចំនួន 17.6% ប្រៀបធៀបទៅនឹងឆ្នាំមុននេះដោយសារតែភាពច្នៃប្រឌិតខ្ពស់កាន់តែទំនើបសម្រាប់ស្មាតហ្វូនរបស់ខ្លួន។ សម្រាប់ចំណែកទីផ្សាររបស់ក្រុមហ៊ុននេះវិញ គឺមានកំណើន 18.1% ដែលមានការកើនឡើង 15% ពីឆ្នាំមុននេះក្នុងរយៈពេលដូចគ្នា។ តាមរយៈទិន្នន័យនេះ បង្ហាញថា ក្រុមហ៊ុន Huawei បានយកឈ្នះទៅលើក្រុមហ៊ុនជាច្រើនទៀតដែលក្នុងនោះក៏មានក្រុមហ៊ុន Apple ផងដែរ។ ជាមួយនិងការនាំមុខគេរបស់ក្រុមហ៊ុន Huawei នេះ គឺមានការជម្រុញពីស្មាតហ្វូន Nova 14 series ដែលបង្កើនការពេញនិយមខ្លាំងមែនទែននៅលើទីផ្សារ។

ស្មាតហ្វូន Nova 14 series មាន 3 ម៉ូដែលរួមមាន Standard, Pro និង Ultra។ ស្មាតហ្វូនទាំង 3 នេះ មានភាពលេចធ្លោទៅលើបច្ចេកវិទ្យាកាមេរ៉ា។ នៅលើស្មាតហ្វូនេះ ក៏មានបំពាក់នូវមុខងារ AI ជាច្រើនជាមួយនឹងប្រព័ន្ធប្រតិបត្តិការ HarmonyOS 5 ។ បន្ថែមពីនេះទៀតនោះ ក្រុមហ៊ុននេះ ក៏បានចុះតម្លៃយ៉ាងច្រើននៅលើស្មាតហ្វូន High-end ជាច្រើនម៉ូឌែលរបស់ខ្លួនដែលក្នុងនោះមានស្មាតហ្វូន Pura 70 series, Mate XT និង Mate X5 ។

សម្រាប់ក្រុមហ៊ុន Vivo ជាប់ចំណាត់ថ្នាក់លេខ 2 ដោយសារតែការពេញនិយមទៅលើស្មាតហ្វូន Y series ។ ការនាំចេញរបស់ក្រុមហ៊ុននេះ ជារួមមានការធ្លាក់ចុះ 7.8%។ ក្រុមហ៊ុន Oppo ជាប់លេខ 3 ដែលមានការធ្លាក់ចុះ 3.6% ប៉ុន្តែការលក់ដ៏ខ្លាំងរបស់ស្មាតហ្វូន Reno 14 ក៏បង្កើនកំណើនសម្រាប់ឆ្នាំនេះផងដែរ។ ក្រុមហ៊ុន Xiaomi ជាប់លេខ 4 ជាមួយនឹងកំនើន 4% និងចំណែកទីផ្សារចំនួន 15.7%។ ក្រុមហ៊ុន Apple ជាប់លេខ 5 និងដំណើរការល្អនៅលើទីផ្សារនេះគឺដោយសារតែយុទ្ធសាស្រ្តនៃការចុះតម្លៃរបស់ក្រុមហ៊ុននេះ។ ក្រុមហ៊ុន Honor ជាប់លេខ 6 នេះ គឺដោយសារតែវត្តមាននៃស្មាតហ្វូន Honor 400 series ៕
