
នៅពេលនេះ មិនត្រឹមតែក្លាយជាអ្នកនាំមុខគេទៅលើស្មាតហ្វូននោះទេ ប៉ុន្តែក្រុមហ៊ុន Huawei ក៏កំពុងតែនាំមុខគេទៅលើទីផ្សារស្មាតវ៉ចនៅក្នុងប្រទេសចិនសម្រាប់ឆមាសទី 1 ឆ្នាំ 2025 នេះ។ ក្រុមហ៊ុននេះ បាននាំមុខក្រុមហ៊ុនម៉ាកយីហោចំនួន 4 ទៀតនៅក្នុងបញ្ជីនៃក្រុមហ៊ុនដែលមានការនាំចេញ និងចំណែកទីផ្សារច្រើនបំផុត។ យោងតាមរបាយការណ៍ថ្មីមួយ ក៏បានទម្លាយអំពីចំនួននៃតួរលេខនៃការលក់របស់ស្មាតវ៉ចនេះ។
សូមជំរាបថា ក្រុមហ៊ុន Canalys ទើបតែចេញផ្សាយនូវរបាយការណ៍នៃទីផ្សារស្មាតវ៉ចរបស់ចិនសម្រាប់ឆមាសទី 1 ឆ្នាំ 2025 នេះ ដែលមានការបង្ហាញនូវក្រុមហ៊ុនផ្គត់ផ្គង់ចំនួន 5 ដែលស្ថិតនៅចំណាត់ថ្នាក់កំពូលនោះគឺ Huawei, Xiaomi, XTC, Apple, vivo និងក្រុមហ៊ុនជាច្រើនទៀត។ របាយការណ៍ខាងលើនេះ បានទម្លាយថា ក្រុមហ៊ុន Huawei បាននាំមុខគេនៅក្នុងទីផ្សារស្មាតវ៉ចរបស់ចិនសម្រាប់ឆមាសទី 1 ឆ្នាំនេះ។ ក្រុមហ៊ុននេះ មានការនាំចេញស្មាតវ៉ចចំនួន 12.1 លានគ្រឿងដែលនេះគឺមានការជួយខ្លាំងពីវត្តមានស្មាតវ៉ច Watch GT 5 ។

ក្រុមហ៊ុន Huawei មានចំណែកទីផ្សារចំនួន 35.7% និងកំណើនប្រចាំឆ្នាំដល់ទៅ 28.9%។ បើទោះបីជាចំណែកទីផ្សារមានការមានការធ្លាក់ចុះពីឆ្នាំមុនក្នងរយៈពេលដូចគ្នាក៏ដោយនោះ ក្រុមហ៊ុននេះមានការនាំចេញកើនឡើងជាងមុនទៅលើស្មាតវ៉ចនេះដល់ទៅ 2.7 លានគ្រឿងនៅក្នុងពេលនេះ។

បើនិយាយអំពីម៉ាកយីហោជាច្រើនទៀតនោះ ក្រុមហ៊ុន Xiaomi ជាប់ចំណាត់ថ្នាក់លេខ 2 ជាមួយនឹងការលក់បានជាង 10.9 លានគ្រឿង និងចំណែកទីផ្សារចំនួន 32.2% ។ ក្រុមហ៊ុននេះមានកំណើនខ្ពស់ដល់ទៅ 100.9% ធៀបទៅនឹងឆ្នាំមុននេះនៅក្នុងចំណោមក្រុមហ៊ុនជាច្រើនទៀតនៅក្នុងបញ្ជីនេះ នេះគឺដោយសារតែវត្តមាននៃស្មាតវ៉ច Smart Band 10 ។

ក្រុមហ៊ុន XTC ជាប់ចំណាត់ថ្នាក់លេខ 3 ដែលមានការនាំចេញស្មាតវ៉ចចំនួន 2.6 លានគ្រឿង និងចំណែកទីផ្សារ 7.6%។ ក្រុមហ៊ុននេះ មានកំណើនទីផ្សារដល់ទៅ 14.3% ពីឆ្នាំមុននេះ។ ក្រុមហ៊ុន Apple ជាប់ចំណាត់ថ្នាក់លេខ 4 ដែលមានមានការលក់ស្មាតវ៉ចចំនួន 1.9 លានគ្រឿងនៅក្នុងប្រទេសចិន និងចំណែកទីផ្សារចំនួន 5.7% ។ ក្រុមហ៊ុន Vivo ជាប់ចំណាត់ថ្នាក់លេខ 5 ដែលមានកំនើនចំនួន 396% ជាមួយនឹងការនាំចេញចំនួន 0.7 លានគ្រឿងផងដែរ៕
