
តាមសេចក្តីរាយការណ៌មុននេះ បាននិយាយថា ក្រុមហ៊ុន Huawei បានវ៉ាដាច់ទៅលើក្រុមហ៊ុនស្មាតហ្វូនជាច្រើន តាមរយៈការប្រកាសចេញនូវស្មាតហ្វូនបត់បាន 3 តង់របស់ខ្លួនដំបូងបំផុតរបស់ពិភពលោក ហើយពេលនេះ ក្រុមហ៊ុននេះ ក៏បានត្រៀមបញ្ចេញនូវស្មាតហ្វូនបត់បាន 3 តង់ ជំនាន់ទី 2 របស់ខ្លួនថែមទៀតហើយ។ ខណៈពេលដែលក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើនស្វែងរកនូវវិធីសាស្រ្តថ្មីៗ ដើម្បីអភិវឌ្ឍទៅលើស្មាតហ្វូនបត់បាន 3 តង់នោះ ក្រុមហ៊ុន Huawei អាចនឹងនាំមុខគេទៅលើបច្ចេកវិទ្យាថ្មីនេះ។
បន្ទាប់ពីស្មាតហ្វូន Mate XT ក្រុមហ៊ុន Huawei ក៏កំពុងតែធ្វើការនៅលើស្មាតហ្វូនអេក្រង់បត់បាន 3 តង់ជំនាន់ទី 2 ហើយ អាចនឹងបង្ហាញខ្លួននៅចុងឆ្នាំនេះទៀតផង។ តាមការទម្លាយចេញពី DigitalChatStation បានអោយដឹងថា ក្រុមហ៊ុន Huawei បានផ្អាកទៅលើការអភិវឌ្ឍទៅលើស្មាតហ្វូនបត់បាន 3 តង់របស់ខ្លួន ហើយក៏មិនទាន់អាចបង្ហាញខ្លួនជាផ្លូវការនៅក្នុងឆ្នាំ 2025 នេះនោះទេ។ ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិននេះ បានធ្វើការនៅលើស្មាតហ្វូនបត់បាន 3 តង់ អស់ពេលជាច្រើនឆ្នាំ។

តាមការបញ្ជាក់ចេញពីលោក Richard Yu អគ្គនាយកផ្នែក Huawei Consumer Business បានបញ្ជាក់ថា ក្រុមហ៊ុនបានចំណាយពេល 5 ឆ្នាំ នៅក្នុងគម្រោងផែនការនេះ និងធ្វើការនៅលើការស្រាវជ្រាវ និងការអភិវឌ្ឍទៅលើបច្ចេកវិទ្យានេះផងដែរ។ ទោះបីជាស្មាតហ្វូន Mate XT បានធ្វើអោយមនុស្សជាច្រើនមានការភ្ញាក់ផ្អើលជាមួយនឹងទម្រង់បត់បាន 3 តង់ជា Z នោះ ស្មាតហ្វូននេះក៏ត្រូវពង្រឹងបន្ថែមទៅលើភាពធន់ និងផ្នែកសំខាន់ៗជាច្រើនទៀតផងដែរ។

ក្រុមហ៊ុន Huawei មានគម្រោងក្នុងការបន្ថែមនូវបច្ចេកវិទ្យាថ្មីៗ សម្រាប់ស្មាតហ្វូនបត់បានជំនាន់ទី 2 របស់ខ្លួន ហើយវាក៏អាចនឹងក្លាយជាហេតុផលដែលនាំអោយមានការពន្យារពេលក្នុងការបង្ហាញនូវស្មាតហ្វូនបត់បាន Mate XT ជំនាន់ថ្មីនេះផងដែរ។ ក្រុមហ៊ុន Huawei មិនទាន់បញ្ជាក់អំពីដំណឹងនេះទេ ប៉ុន្តែវាក៏មិនទាន់ច្បាស់ដែរថាស្មាតហ្វូនបត់បាន 3 តង់នេះអាចនឹងបង្ហាញខ្លួននៅឆ្នាំ 2025 ឬឆ្នាំបន្ទាប់ទៀត៕
