ស្វែងរកពួកយើង:

Huawei បញ្ចេញលក់ឆ្នាំងសាក SuperCharge Max 100W ដែលមានរន្ធសាកពីរជាមួយតម្លៃខ្ទង់ $41

ដោយ

Koun Jab Luffy

09 មេសា 2024 11:14 ថ្ងៃត្រង់

អាន 2 នាទី

Article image
ក្រុមហ៊ុន Huawei បានធ្វើការប្រកាសចេញឆ្នាំងសាកស៊េរី SuperCharge Max 100W កាលពីខែមករា ដើមឆ្នាំនេះ។ ឆ្នាំងសាកប្រភេទ All-in-one charger នេះមានចេញលក់នៅលើគេហទំព័រ  JD.com ជាមួយតម្លៃខ្ទង់ 299 យ៉ាន់ ឬប្រហែល $41។ ឆ្នាំងសាកល្បឿនលឿនរបស់ Huawei មួយនេះ អាចប្រើប្រាស់សម្រាប់សាកថ្មឧបករណ៍បានច្រើនប្រភេទ។
Huawei SuperCharge Max 100W មានរន្ធ USB-Type A/C ដែលគាំទ្របច្ចេកវិទ្យាសាក SuperCharge របស់ Huawei ជាមួយប្រព័ន្ធ Universe Fast Charging Specification (UFCS)។ ឆ្នាំងសាកនេះ គាំទ្រមុខងារសាកភ្លើងបានច្រើនទម្រង់ដូចជា PD (Power Delivery), PPS (Programmable Power Supply), និង Qualcomm QC (Quick Charge) ជាដើម។ ដែលនេះ គឺមានន័យថា ឆ្នាំងសាក Huawei SuperCharge 100W នេះ អាចប្រើសម្រាប់ការសាកភ្លើងទៅកាន់ឧបករណ៍ជាច្រើនដូចជា ស្មាតហ្វូន ឡេបថប់ ថេបប្លែត ស្មាតវ៉ច កាសស្តាប់ និងឧបករណ៍ហ្គេម។
តាមការបញ្ជាក់ពី Huawei បានឲ្យដឹងថា ឆ្នាំងសាក SuperCharge Max 100W គឺអាចសាកថ្មរបស់ស្មាតហ្វូន Nova 12 Pro ពី 0 ទៅ 60% ប្រើពេលខ្ទង់ 10 នាទី ហើយអាចសាក 30 នាទីសម្រាប់ថ្មរបស់ Mate 60 Pro, Mate 60, Mate X5 និង P60 Pro បាន 98%, 93%, 86% និង 97%។ អ្នកប្រើប្រាស់អាចធ្វើការជ្រើសរើសក្នុងការសាកភ្លើងរវាងរន្ធសាក USB-A to USB-C ឬ USB-C to USB-C ប៉ុន្តែ មិនអាចសាកដោយប្រើរន្ធទាំងពីរព្រមគ្នាបាននោះទេ។ បន្ថែមពីនេះ SuperCharge Max 100X ក៏មានបំពាក់នូវបន្ទះឈីបប្រភេទ Intelligent control Chip សម្រាប់គ្រប់គ្រង់ថាមពលទៅតាមប្រភេទនៃឧបករណ៍ថែមទៀតផង។ ដូចនេះ វាជួយកាត់បន្ថយការហានិភ័យនៃការកើនកំដៅ និងការសាកភ្លើងលើស ក៏ដូចជាការថែទាំតុល្យភាពនៃអាយុកាលប្រើប្រាស់ថ្មរបស់ឧបករណ៍ផងដែរ។
Article image
បន្ថែមពីនេះ ឆ្នាំងសាកនេះ ក៏មានមុខងារ  charger dynamically monitors charging status ដែលនឹងធ្វើការឆ្លាសចរន្តសាកទៅ Trickle Charging mode នៅពេលកម្រិតថាមពលថ្មឡើងខ្លាំង ដើម្បីការពារឧបករណ៍។  Huawei SuperCharge Max 100W មានជម្រើសពីរពណ៌ គឺពណ៌ផ្កាឈូក និងពណ៌ស ហើយនិងមានទំហំវិមាត្រ  55mm x 55mm x 28.3mm ជាមួយទំងន់ 125ក្រាម។ ហើយនៅក្នុងប្រអប់ Huawei បានដាក់ថែមឲ្យនៅខ្សែប្រភេទ 6A C-C ប្រវែងមួយម៉ែត្រផងដែរ៕
Huawei បញ្ចេញលក់ឆ្នាំងសាក SuperCharge Max 100W ដែលមានរន្ធសាកពីរជាមួយតម្លៃខ្ទង់ $41