
យោងតាមព័ត៌មានថ្មី បាននិយាយថា ក្រុមហ៊ុន Huawei បានក្លាយជាស្តេចនៅក្នុងទីផ្សារថេប្លេតនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 នេះ ហើយក្រុមហ៊ុន Apple គឺនៅចំណាត់ថ្នាក់លេខ 2 ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ បានក្លាយជាអ្នកនាំមុខគេនៅក្នុងត្រីមាសទី 4 ឆ្នាំមុននេះ ហើយក៏បន្តក្នុងការនាំមុខម្តងទៀតនៅក្នុងទីផ្សារប្រទេសចិនរបស់ខ្លួនផងដែរ។ បើតាមរបាយការណ៌ស្ថាប័ន IDC (International Data Corporation) ទើបតែបញ្ចេញនូវរបាយការណ៍ទីផ្សារថេប្លេតសម្រាប់ត្រីមាសទី 1 ឆ្នាំ 2024 នេះ បង្ហាញថា ក្រុមហ៊ុន Huawei បានជាប់ចំនាត់ថ្នាក់កំពូល ខណៈដែលក្រុមហ៊ុន Apple នៅតែឈរនៅចំណាត់ថ្នាក់លេខ 2 ជាមួយនឹងការធ្លាក់ចុះច្រើនជាង 10% នៅក្នុងចំណែកទីផ្សាររបស់ចិន។
របាយការណ៌ខាងលើនេះ បានបន្តថា ថេប្លេត MatePad មានការនាំចេញចំនួន 2.59 លានគ្រឿងនៅក្នុងរយៈពេល 3 ខែដំបូងនៅក្នុងឆ្នាំនេះ។ សម្រាប់ការវិវត្តន៍នៃអាជីវកម្មស្មាតហ្វូនក៏បានជួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះអោយបង្កើនការលក់ទៅលើទីផ្សារថេប្លេតផងដែរ។ បើធៀបទៅនឹងឆ្នាំមុននេះ ចំនែកទីផ្សាររបស់ក្រុមហ៊ុន Huawei មានការកើនឡើង 10.6% ផងដែរដែលធ្វើអោយចំនែកទីផ្សាររបស់ក្រុមហ៊ុននេះកើនឡើងដល់ទៅ 36.3% ។

ក្រុមហ៊ុន Apple មានចំណែកទីផ្សារត្រឹមតែ 24.4% នៅលើទីផ្សារ និងមានការខាតបង់យ៉ាងច្រើនមែនទែន។ សម្រាប់ក្រុមហ៊ុន Xiaomi គឺជាប់ចំណាត់ថ្នាក់លេខ 3 នេះគឺដោយសារតែការជួយពីវត្តមាននៃថេប្លេត Pad 6S Pro ដែលបានបង្កើនទៅលើការនាំចេញក្នុងនាមជាផលិតផលថេប្លេតថ្នាក់កណ្តាលដ៏ខ្លាំងក្លានៅក្នុងទីផ្សាររបស់ចិន។ វាមានចំនែកទីផ្សារចំនួន 12.8% ដែលមានការកើនឡើង 2.7% ផងដែរ។

ក្រុមហ៊ុន Honor និង Lenovo ទទួលបានចំណាត់ថ្នាក់រៀងគ្នាលេខ 4 និងលេខ 5។ ក្រុមហ៊ុន Honor មានការកើនឡើង 1.1% ហើយក្រុមហ៊ុន Lenovo មានការកើនឡើងបន្តិចប៉ុណ្នោះជាមួយនឹងចំណែកទីផ្សារចំនួន 4.7%។ កំណើនសរុបរបស់ក្រុមហ៊ុននេះគឺចាត់ទុកថាល្អសម្រាប់ក្រុមហ៊ុននេះ។ ស្ថាប័ន IDC បានបន្តទម្លាយថា ទីផ្សារថេប្លេតរបស់ចិន ដែលមានការនាំចេញថេប្លេត 7.13 លានគ្រឿងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 នេះគឺជាកំនើនល្អដល់ទៅ6.6% បើធៀបទៅនឹងឆ្នាំមុននេះ៕
