ស្វែងរកពួកយើង:

Huawei បន្តគ្រប់គ្រងទីផ្សារថេប្លេតនៅក្នុងប្រទេសចិនសម្រាប់ត្រីមាសទី 1 ឆ្នាំ 2025

ដោយ

Koun Jab Luffy

19 មិថុនា 2025 09:31 ព្រឹក

អាន 2 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុន Canalys បានបញ្ចេញនូវទិន្នន័យទៅលើការវិភាគចុងក្រោយបំផុតរបស់ខ្លួនសម្រាប់ទីផ្សារថេប្លេតនៅក្នុងប្រទេសចិនសម្រាប់ត្រីមាសទី 1 ឆ្នាំ 2025 ហើយ ដោយក្រុមហ៊ុន Huawei បានឈរនៅចំណាត់ថ្នាក់លេខ 1។ ដូចគ្នាទៅនឹងត្រីមាសមុនៗនេះដែរ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ នៅតែបន្តគ្រប់គ្រងទីផ្សារថេប្លេតអេក្រង់ធំនៅក្នុងរយៈពេល 3 ខែដំបូងនៅក្នុងឆ្នាំនេះ។ នៅក្នុងរបាយការណ៍នេះ ក្រុមហ៊ុន Huawei បាននាំចេញថេប្លេត MatePad ជាង 2.3 លានគ្រឿងនៅក្នុងទីផ្សារថេប្លេតរបស់ចិនសម្រាប់ត្រីមាសទី 1 ឆ្នាំ 2025 នេះ។
ទោះបីជាចំណែកទីផ្សាររបស់ក្រុមហ៊ុននេះ គឺតិចជាងការវិភាគឆ្នាំមុននេះ កំណើនសរុបរបស់ក្រុមហ៊ុននេះ គឺមានការកើនឡើង 7% បើធៀបទៅនឹងឆ្នាំមុននេះ។ ក្រុមហ៊ុន Huawei មានចំណែកទីផ្សារចំនួន 26% នៅលើទីផ្សារទីផ្សារថេប្លេតចុងក្រោយនេះ ដោយថែមទាំងបាននាំមុខឈ្នះទៅលើក្រុមហ៊ុន Apple, Xiaomi, Honor និង Lenovo ថែមទៀតផង។ នៅក្នុងទីផ្សារថេប្លេតរបស់ចិននេះ ក្រុមហ៊ុន Apple បានជាប់ចំណាត់ថ្នាក់លេខ 2 សម្រាប់ត្រីមាសទី 1 ឆ្នាំ 2025 ដែលមានការនាំចេញចំនួន 2.1 លានគ្រឿង និងចំណែកទីផ្សារចំនួន 24% ។
Article image
ដូចគ្នាទៅនឹងក្រុមហ៊ុន Huawei ក្រុមហ៊ុននេះ មានកំនើនកើនឡើង 7% បើទោះបីជាមានការប្រជែងជាមួយនឹងម៉ាកយីហោជាច្រើនរបស់ចិនក៏ដោយ។ ក្រុមហ៊ុន Xiaomi ជាប់លេខ 3 ដែលមានការនាំចេញថេប្លេតចំនួន 1.4 លានគ្រឿង និងចំណែកទីផ្សារចំនួន 16% ។ ក្រុមហ៊ុននេះ មានកំណើនខ្ពស់បំផុតដល់ទៅ 57% ធៀបទៅនឹងឆ្នាំមុននេះសម្រាប់ត្រីមាសទី 1 នៅក្នុងទីផ្សារថេប្លេតរបស់ចិន។
Article image
ក្រុមហ៊ុន Honor លក់ថេប្លេត MagicPad បានចំនួន 0.9 លានគ្រឿង និងមានកំណើន 41% ធៀបទៅនឹងឆ្នាំមុននេះ ដែលមានចំណែកទីផ្សារចំនួន 10%។ ក្រុមហ៊ុន Lenovo បានជាប់លេខ 5 ដែលមានការធ្លាក់ចុះ 23% ធៀបទៅនឹងឆ្នាំមុននេះ។ ក្រុមហ៊ុននេះ មានចំណែកទីផ្សារចំនួន 6% ដោយសារតែថេប្លេតដែលមានតម្លៃសមរម្យ។ លោក Emma Xu ដែលជាអ្នកវិភាគជាន់ខ្ពស់របស់ក្រុមហ៊ុន Canalys បាននិយាយថា ទីផ្សារថេប្លេតរបស់ចិននៅក្នុងត្រីមាសទី 1 នេះ គឺមានការកើនឡើងខណៈពេលដែលថេប្លេតជាច្រើនក្នុងពេលបច្ចុប្បន្ននេះ គឺផ្តោតទៅលើការលេងហ្គេម និងការពង្រឹងទៅលើផលិតភាពការងារនោះ៕
Huawei បន្តគ្រប់គ្រងទីផ្សារថេប្លេតនៅក្នុងប្រទេសចិនសម្រាប់ត្រីមាសទី 1 ឆ្នាំ 2025