
ក្រុមហ៊ុនបច្ចេកវិទ្យា Huawei បានធ្វើការពង្រីកស្រឡាយនៃការឧបករណ៍សាកភ្លើងរបស់ខ្លួនជាមួយនឹងការប្រកាសចេញឆ្នាំងសាកឥតខ្សែស៊េរីថ្មីជាប្រភេទ vertical wireless charger ដែលគាំទ្រកំលាំងសាកភ្លើង 80W។ ឧបករណ៍សាកភ្លើងស៊េរីថ្មីនេះ អាចធ្វើការសាកភ្លើងជាមួយនឹងស្មាតហ្វូនរបស់ Huawei ព្រមទាំងអាចសាកភ្លើងបានជាមួយទូរស័ព្ទ iPhone ជំនាន់ចុងក្រោយមួយចំនួនរបស់ iPhone ថែមទៀតផង។
ឆ្នាំងសាកភ្លើងឥតខ្សែស៊េរីថ្មីរបស់ Huawei មានជម្រើសពីរពណ៌ គឺពណ៌សទឹកប្រាក់ និងពណ៌ប្រផេះ។ ជាពិសេសឆ្នាំងសាកស៊េរីថ្មីនេះ ត្រូវបានរចនាឡើងបែប Dual-Coil Design ដែលផ្តល់ឲ្យអ្នកប្រើប្រាស់អាចធ្វើការផ្លាស់ប្តូរទម្រង់នៃការប្រើបានស្របតាមតម្រូវការការដូចជាដាក់បញ្ចូលដោយផ្តេក និងបញ្ឈសម្រាប់ការសាកឧបករណ៍។ ឆ្នាំងសាកស៊េរីថ្មីនេះត្រូវបានរចនាឡើងជាមួយទ្រនាប់សាកជារាងពងក្រពើមានទម្រេតប្រមាណជា 60 ដឺក្រេ និងមានពាសជាមួយផ្ទៃកញ្ចក់ខ្មៅរលោង។
ហើយអ្វីដែលពិសេសដើម្បីទប់ទល់នឹងកំលាំងចរន្តភ្លើងឡើងចុះ និងកំដៅខ្លាំង Huawei ក៏បានបំពាក់នូវប្រព័ន្ធសារធាតុត្រជាក់ 3D Air-Cooling ផងដែរ ដើម្បីរក្សាតុល្យភាពនៃភាពត្រជាក់ក្នុងការសាកភ្លើងទៅកាន់ឧបករណ៍។ បន្ថែមពីនេះឆ្នាំងសាក Wireless Charger ថ្មីរបស់ Huawei ក៏មានបំពងខ្យល់ចំនួន 3 (three-dimensional air ducts) ដើម្បីជួយបំភាយខ្យល់ក្តៅចេញពីឆ្នាំងសាក និងទូរស័ព្ទថែមទៀតផង។ ជាមួយគ្នានេះ Huawei ក៏បានបំពាក់នូវប្រព័ន្ធសុវត្ថិភាពក្នុងការសាកភ្លើងទៅកាន់ឧបករណ៍ foreign object detection (FOD) ដោយមុខងារនេះ មានភាពឆ្លាតវៃ នៅពេលដែលផ្ទៃសាកភ្លើងមានភ្ជាប់ដោយសារធាតុលហៈ ឬដែក ពេលនោះវានឹងលោតភ្លើង LED ប្រាប់ជាដំណឹងដល់អ្នកប្រើប្រាស់បានភ្លាមៗតែម្តង។

ឆ្នាំងសាកឥតខ្សែស៊េរីថ្មីនេះ អាចសាកបានជាមួយនឹងស្មាតហ្វូន Huawei Mate 60, Mate 50, Mate 40, P60, P50, P40, P30 និង Huawei MatePad Pro 10.8 រួមនឹង iPhone 13, iPhone 14, iPhone 15 Series ផងដែរ។ ហើយក៏អាចសាកកាសរបស់ Huawei ដូចជា Huawei FreeBuds Pro, FreeBuds Pro 2, FreeBuds Pro 2+, FreeBuds Pro 3, FreeBuds 3, FreeBuds 4, និង FreeBuds 5។ Huawei មិនទាន់បានបញ្ជាក់ពីតម្លៃនៃឆ្នាំងសាកស៊េរីថ្មីរបស់ខ្លួននៅឡើយទេ។ ប៉ុន្តែ សម្រាប់ Huawei Vertical Wireless Charger ដែលមានកំលាំង 50W បច្ចុប្បន្ន Huawei ដាក់លក់ក្នុងទីផ្សារប្រទេសចិនជាមួយតម្លៃខ្ទង់ 300 យាន់ ឬប្រហែលជាង $41 អាមេរិក៕
