ស្វែងរកពួកយើង:

Huawei មានកំណើន 23% ទៅលើការនាំចេញស្មាតហ្វូនបត់បានសម្រាប់ទីផ្សារសកលនៅត្រីមាសទី 3 ឆ្នាំ 2024

ដោយ

Koun Jab Luffy

29 វិច្ឆិកា 2024 08:27 ព្រឹក

អាន 3 នាទី

Article image
យោងតាមរបាយការណ៍ថ្មីមួយបញ្ជាក់ថា ក្រុមហ៊ុន Huawei មានកំណើនចំនួន 23% ទៅលើការនាំចេញស្មាតហ្វូនបត់បានសម្រាប់ទីផ្សារសកលនៅក្នុងត្រីមាសទី 3 ឆ្នាំ 2024 នេះ។ ស្របពេលជាមួយគ្នានេះដែរ នៅពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិនមួយនេះ ក៏បានបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មី Mate 70 series ផងដែរ ដែលការប្រកាសនេះ គឺបញ្ជាក់ច្បាស់ថា ក្រុមហ៊ុន OEM របស់ចិននេះ បានសម្រេចនូវសមិទ្ធិផលដ៏ធំមួយទៀតហើយ។
ក្រុមហ៊ុន Counterpoint ដែលជាអ្នកសិក្សាស្រាវជ្រាវទីផ្សារ បានចែករំលែកនូវរបាយការណ៍ថ្មីមួយ ទៅលើស្មាតហ្វូនបត់បានសម្រាប់ទីផ្សារសកល និងស្ថានភាពរបស់ក្រុមហ៊ុននេះ នៅក្នុងពេលបច្ចុប្បន្នផងដែរ។ របាយការណ៌នេះ បាននិយាយថា ទីផ្សារសកលមានការធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងត្រីមាសទី 3 ឆ្នាំ 2024 នេះ។ បើទោះបីជាមានការប្រកាសបង្ហាញវត្តមានរបស់ស្មាតហ្វូន Galaxy Z6 series ពីក្រុមហ៊ុន Samsung ក៏ដោយ ទីផ្សារស្មាតហ្វូនបត់បាននៅក្នុងទីផ្សារសកលមានការធ្លាក់ចុះ 1% ។
ប៉ុន្តែសម្រាប់ក្រុមហ៊ុន Huawei បែរជាមានកំនើនទៅលើការនាំចេញស្មាតហ្វូនបត់បានសម្រាប់ទីផ្សារសកលនេះទៅវិញ។ ក្រុមហ៊ុននេះមានកំណើនដល់ទៅ 23% នៅក្នុងត្រីមាសទី 3 ឆ្នាំ 2024 នេះ។ ក្រុមហ៊ុននេះ មានចំណែកទីផ្សារសកលដល់ទៅ 15% ដែលមានការកើនឡើងចំនួន 2% បើធៀបទៅនឹងឆ្នាំមុននេះ។ ក្រុមហ៊ុនស្រាវជ្រាវទីផ្សារនេះ បាននិយាយថា ក្រុមហ៊ុន Huawei នឹងបន្តក្នុងការកើនឡើងទៅលើការលក់ស្មាតហ្វូនបត់បានរបស់ខ្លួន។
កត្តាដែលជម្រុញអោយក្រុមហ៊ុន Huawei មានការកើនឡើងនេះ គឺដោយសារតែស្មាតហ្វូន Mate X5 និង Pocket 2 នៅក្នុងទីផ្សារប្រទេសចិន។ ស្មាតហ្វូននេះ បាននាំអោយការលក់ស្មាតហ្វូនបត់បានរបស់ក្រុមហ៊ុននេះឈានទៅកាន់កម្រិតថ្មីមួយទៀត។ ទន្ទឹមនឹងនេះផងដែរ ស្មាតហ្វូន Nova Flip របស់ក្រុមហ៊ុននេះក៏មានការចាប់អារម្មណ៍ខ្លាំងផងដែរដោយសារតែតម្លៃសមរម្យ និងមុខងារ AI ជាច្រើនទៀត។បន្ថែមពីនេះ ស្មាតហ្វូនបត់បាន៣ តង់របស់ក្រុមហ៊ុន Huawei នោះគឺ Mate XT ក៏ក្លាយជាកត្តាជម្រុញទីផ្សារស្មាតហ្វូនបត់បានផងដែរ។
Article image
សូមជំរាបថា ក្រុមហ៊ុន Huawei ទើបតែបង្ហាញនូវស្មាតហ្វូនបត់បាន Huawei Mate X6 ដែលមានបំពាក់នូវមុខងារដ៏ខ្លាំងក្លា និងបច្ចេកវិទ្យាទំនើបៗជាច្រើន។ ក្រុមហ៊ុន Counterpoint រំពឹងថាក្រុមហ៊ុន Huawei នឹងមានការកើនឡើងទៅលើចំនែកទីផ្សារបន្តទៀតនៅក្នុងការចេញលក់ស្មាតហ្វូន Mate X6 នៅក្នុងត្រីមាសទី 4 ឆ្នាំ 2024 នេះ។
Article image
ក្រុមហ៊ុន Counterpoint បានបញ្ជាក់ថា ក្រុមហ៊ុន Samsung នៅតែឈានមុខគេនៅលើទីផ្សារស្មាតហ្វូនបត់បានសកល ប៉ុន្តែក្រុមហ៊ុននេះ មានការធ្លាក់ចុះ 21% ទៅលើការនាំចេញ។ ក្រុមហ៊ុន Huawei ជាប់ចំណាត់ថ្នាក់លេខ 2 និងក្រុមហ៊ុន Honor ជាប់លេខ 3 ដែលមានការកើនឡើងចំនួន 121% ធៀបទៅនឹងឆ្នាំមុននេះ។ ក្រុមហ៊ុនMotorola ជាប់លេខ 4 ដែលមានការកើនឡើង 164% ធៀបទៅនឹងឆ្នាំមុនផងដែរ៕
Huawei មានកំណើន 23% ទៅលើការនាំចេញស្មាតហ្វូនបត់បានសម្រាប់ទីផ្សារសកលនៅត្រីមាសទី 3 ឆ្នាំ 2024