
នៅពេលនេះ ក្រុមហ៊ុន Huawei ត្រូវបានគេមើលឃើញថា ហាក់បីដូចជាមានសន្ទុះខ្លាំងឡើងៗជាលំដាប់ មិនថាតែអាជីវកម្មស្មាតហ្វូន ឬប្រព័ន្ធរថយន្តឆ្លាតវៃ ក៏ដូចជានាឡិកាឆ្លាតវៃនោះទេ សូម្បីតែអាជីវកម្មកុំព្យូទ័រក៏មានការនាំមុខគេនៅលើទីផ្សារប្រទេសចិនផងដែរ។ យោងតាមរបាយការណ៌ថ្មីនៅថ្ងៃនេះ បានបញ្ជាក់ថា Huawei ឡើងឈរលើ Top 3 ទីផ្សារ PC ក្នុងប្រទេសចិននាត្រីមាសទី 3 ឆ្នាំ 2024 នេះ ជាមួយនិងការលក់ MateBook របស់ខ្លួនបានច្រើនបំផុត។
របាយការណ៌ខាងលើនេះ បានបន្ថែមថា ក្រុមហ៊ុន Huawei គឺបាននឹងកំពុងតែធ្វើការប្រកួតប្រជែងយ៉ាងខ្លាំងនៅលើទីផ្សារកុំព្យូទ័រក្នុងប្រទេសចិន។ តាមការបញ្ជាក់ពី Canalys បានអោយដឹងថា ផ្អែកតាមតម្រូវការនៃការប្រើប្រាស់មានសន្ទុះកើនឡើងវិញនាពេលថ្មីៗនេះ នៅឆ្នាំក្រោយនេះ ទីផ្សារកុំព្យូទ័រនៅប្រទេសចិន អាចនឹងមានការកើនឡើង 6%។ សម្រាប់ពេលនេះ ទីផ្សារនេះ គឺមានការលក់ធ្លាក់ចុះចំនួន 1% ជាមួយនិងការនាំចេញទៅលើថេប្លេតបាន 11.1 លានគ្រឿង។ បើទោះជាកន្លងមក មានការព្យាករណ៌ថា ការលក់កុំព្យូទ័រមានការកើនឡើងចំនួន 4% ក៏ដោយ។

ក្រឡេកមកមើលក្រុមហ៊ុន Huawei ត្រូវបានគេមើលឃើញថា គឺបានឡើងមកឈរលើកំពូលតារាង Top 3 ហើយនៅក្នុងត្រីមាសទី 3 ឆ្នាំ 2024 នេះ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិននេះ គឺបាននាំចេញកុំព្យូ័ទ័ររបស់ខ្លួនបានចំនួន 1.1 លានគ្រឿង គ្រប់គ្រងចំណែកទីផ្សារចិនបាន 10%។ ក្រុមហ៊ុននេះមានកំណើនប្រចាំឆ្នាំ 12%។ សូមជំរាបថា កាលពីឆ្នាំមុននេះ ក្រុមហ៊ុននេះលក់កុំព្យូទ័ររបស់ខ្លួនបាន 1.0 លានគ្រឿង មានចំណែកទីផ្សារត្រឹមតែ 9% ប៉ុណ្ណោះ។ សម្រាប់ឆ្នាំនេះ ក្រុមហ៊ុននេះ គឺបានប្រកាសចេញនូវកុំព្យូ័ទ័រជាច្រើន ក្នុងនោះរួមាន MateBook X Pro, MateBook GT 14 និង MateBook 14 2024 ជាដើម ដោយម៉ូដែលថ្មីៗទាំងនេះ គឺមានការឌីស្សាញជាមួយនិងរូបរាងថ្មី ហើយនិងមានការបំពាក់នូវបច្ចេកវិទ្យាថ្មី រួមជាមួយនិងតម្លៃសមរម្យថែមទៀតផង។
