
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានអោយដឹងថា ក្រុមហ៊ុន Huawei គ្រោងនឹងបង្ហាញនូវរបាយការណ៍ប្រាក់ចំណូលប្រចាំឆ្នាំ 2024 របស់ខ្លួនហើយ បន្ទាប់ពីប្រាក់ចំណូលស្មាតហ្វូនរបស់ក្រុមហ៊ុននេះ មានការកើនឡើងខ្លាំងប្រៀបធៀបជាមួយនិងឆ្នាំមុននេះ។ ក្រៅពីស្មាតហ្វូន ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិននេះ ក៏មានកំណើនទៅលើអាជីវកម្មរថយន្តបើកបរឆ្លាតវៃផងដែរ។
សូមជំរាបថា ក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ចិនមួយនេះ ត្រូវរងនូវការដាក់ទណ្ឌកម្មជាច្រើនអស់រយៈពេលជាង 5 ឆ្នាំ ហើយក្រុមហ៊ុននេះ ត្រូវបានគេហាមឃាត់មិនអោយលក់នៅក្នុងទីផ្សារសហរដ្ឋអាមេរិក ឬប្រើប្រាស់នូវបច្ចេកវិទ្យាកម្រិតខ្ពស់របស់សហរដ្ឋអាមេរិកនោះទេ។ ប៉ុន្តែកាលពី 2 ឆ្នាំមុននេះ ក្រុមហ៊ុននេះ បានព្យាយាមដោះស្រាយទៅលើឧបសគ្គទាំងនេះតាមរយៈការបញ្ចេញនូវដំណោះស្រាយជាច្រើន។ ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក គឺបានធ្វើអោយប៉ះពាល់ដល់ក្រុមហ៊ុននេះ ទៅលើការលក់ស្មាតហ្វូនប្រភេទ 5G និងដំណើរការនៃការផលិតបន្ទះឈីប ប៉ុន្តែអាជីវកម្មរថយន្តឆ្លាតវៃរបស់ក្រុមហ៊ុននេះ នៅតែមានកំណើនដដែលផងដែរ។
កាលពីខែកុម្ភៈនេះ មន្ត្រីជាន់ខ្ពស់របស់ក្រុមហ៊ុន Huawei បានទម្លាយថា កាលពីឆ្នាំមុននេះ ក្រុមហ៊ុន Huawei គឺមានប្រាក់ចំណូលចំនួន 860 ពាន់លានយ័ន (118 ពាន់លានដុល្លារអាមេរិក)។ នាយកប្រតិបត្តិនេះបន្ថែមថា អាជីវកម្មស្មាតហ្វូន និងយុទ្ធសាស្រ្តផលិតផលផលិតដោយខ្លួនឯង “self-made product” បានជួយក្រុមហ៊ុនអោយមានសន្ទុះឡើងវិញចំពេលដែលមានការហាមប្រាមពីសហរដ្ឋអាមេរិកនោះ។

ក្រុមហ៊ុន Huawei ធ្វើបានយ៉ាងល្អទៅលើអាជីវកម្មស្មាតហ្វូននៅក្នុងប្រទេសចិន និងទីផ្សារសកល នៅមុនពេលដែលមានការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកថែមទៀត។ ប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុននេះនៅ 2024 គឺមានចំនួន 860 ពាន់លានយ៉ន់ ដែលខិតជិតឈានដល់ប្រាក់ចំណូលខ្ពស់បំផុតកាលពីឆ្នាំ 2020 កន្លងទៅ ដែកមានចំនួន 891 ពាន់លានយ៉ន់។ តួលេខនេះ គឺមានគម្លាតគួរអោយកត់សម្គាល់រវាងប្រាក់ចំណូលប្រចាំឆ្នាំ 2020 និង 2024។ យ៉ាងណាមិញ តាមរយៈតួរលេខនេះ ក្រុមហ៊ុន Huawei អាចនឹងយកឈ្នះទៅលើការហាមប្រាមរបស់សហរដ្ឋអាមេរិក ខណៈពេលដែលប្រាក់ចំណូលប្រចាំឆ្នាំរបស់ក្រុមហ៊ុននេះ មានការកើនឡើង អាជីវកម្មរថយន្តឆ្លាតវៃមានការកើនឡើង និងការអភិវឌ្ឍបន្ទះឈីបនៅតែបន្តទៅមុខនោះ៕
