
នៅពេលនេះ ក្រុមហ៊ុន Samsung Foundry កំពុងតែខិតខំយ៉ាងខ្លាំង ដើម្បីអោយអតិថិជាច្រើនងាកមកសម្រេចបញ្ជាទិញទៅលើបន្ទះឈីប 3nm របស់ខ្លួន។ ថ្មីៗនេះ មានដំណឹងថា ក្រុមហ៊ុននេះ ប្រហែលជាអាចនឹងទទួលបាននូវការបញ្ជាទិញដ៏ធំមួយក្នុងពេលឆាប់ៗនេះ។ យោងតាមរបាយការណ៍ជាច្រើននោះ ក្រុមហ៊ុនHyundai គឺចាប់អារម្មណ៍ចង់អោយក្រុមហ៊ុន Samsung ក្នុងការផលិតបន្ទះឈីបសម្រាប់រថយន្តបើកបរដោយខ្លួនឯងរបស់ខ្លួន។
បន្ទះឈីបទាំងនេះ អាចនឹងផលិតនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ Automotive Semiconductor របស់ក្រុមហ៊ុន Samsung ផ្អែកនៅលើដំណើរការ 5nm។ បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតរថយន្តជាច្រើនរួមមានក្រុមហ៊ុន Hyundai ក៏ឌីស្សាញទៅលើបន្ទះឈីបផ្ទាល់ខ្លួនផងដែរ។ ក្រុមហ៊ុននេះ ក៏បានស្វែងរកដៃគូសម្រាប់ផលិតបន្ទះឈីបនេះផងដែរ។ បន្ទាប់ពីក្រុមហ៊ុន TSMC នោះ ក្រុមហ៊ុន Samsung គឺជាក្រុមហ៊ុនផលិតធំបំផុតទី 2 នៅក្នុងពិភពលោក ហើយក្រុមហ៊ុននេះ ក៏បានផលិតនូវបន្ទះឈីបជាច្រើនសម្រាប់ឧស្សាហកម្មរថយន្តផងដែរ។
តាមសារព័ត៌មានរបស់កូរ៉េក៏មានការបញ្ជាក់ថា ក្រុមហ៊ុន Hyundai និង Samsung កំពុងតែពិភាក្សាគ្នាអំពីកិច្ចព្រមព្រៀងមួយដែលអាចជាលទ្ធផលឈ្នះ ឈ្នះសម្រាប់ក្រុមហ៊ុនទាំងពីរនេះ។ ក្រុមហ៊ុន Hyundai នឹងទទួលបាននូវប្រយោជន៍ជាច្រើនក្នុងការធ្វើការជាមួយនឹងក្រុមហ៊ុន Samsung ដែលធានាទៅលើខ្សែសង្វាក់ផ្គត់ផ្គង់សម្រាប់រថយន្តបើកបរដោយខ្លួនឯង។
ការធ្វើការជាមួយនឹងក្រុមហ៊ុនផ្គត់ផ្គង់នៅក្នុងប្រទេសកូរ៉េនោះអាចនឹងធ្វើអោយក្រុមហ៊ុន Hyundai កាត់បន្ថយទៅលើការចំណាយរបស់ខ្លួន។ ក្រុមហ៊ុន Hyundai នឹងបង្ហាញនូវរថយន្តបើកបរដោយខ្លួនឯងជាច្រើនដែលនឹងប្រើប្រាស់នូវបន្ទះឈីបរបស់ខ្លួននៅឆ្នាំ 2026 ខាងមុខនេះ។

សូមជំរាបថា ក្រុមហ៊ុន Tesla ក៏បានជ្រើសរើសក្រុមហ៊ុន Samsung ក្នុងការផលិតបន្ទះឈីប Full Self-Driving chips ជំនាន់ថ្មីដែលនឹងប្រើប្រាស់នៅលើរថយន្ត Level-5 autonomous ដែលគ្រោងនឹងផលិតទ្រង់ទ្រាយធំនៅក្នុងពេល 3 ទៅ 4 ឆ្នាំទៀតផងដែរ។ គួរបញ្ជាក់ផងដែរថា ពេលនេះ ក្រុមហ៊ុន Samsung ទាក់ទាញបាននូវអតិថិជនជាច្រើនសម្រាប់ទីផ្សាររថយន្តបើកបរដោយខ្លួនឯងនេះដែលមានតម្លៃប្រហែលជា 29 ពាន់លានដុល្លារអាមេរិកនៅត្រឹមឆ្នាំ 2030 នេះ៕
