
រថយន្តអគ្គិសនី Hyundai Ioniq 5 ទទួលបានការធ្វើបច្ចុប្បន្នភាពម៉ូដែលថ្មីឆ្នាំ 2024 ជាមួយការបង្កើនទំហំអាគុយអគ្គិសនីធំជាងមុន និងមានការឌីស្សាញរូបរាងបែបស្ព័រជាងមុន ដែលអាចនឹងធ្វើការប្រជែងជាមួយរថយន្ត Tesla Model Y។
សម្រាប់ម៉ូដែល Hyundai Ioniq 5-2024 នេះ បានបង្ហាញពីគម្រោងក្នុងការប្រើប្រាស់កញ្ចប់អាគុយមានទំហំតូចត្រឹម 77.4kWh ដោយចាប់យកការប្រើប្រាស់នូវជម្រើសអាគុយធំដល់ 84kWh ប៉ុន្តែ Hyundai មានរក្សាតម្លៃមិនឲ្យថ្លៃខ្ពស់ជាងម៉ូដែលចេញមុន តែបានផ្តល់ឲ្យនូវសមត្ថភាពក្នុងការបើកបរបានរយះចំងាយផ្លូវឆ្ងាយជាងមុន។

បើតាមការបញ្ជាក់សមត្ថភាពកញ្ចប់អាគុយរបស់ Ioniq 5 ស៊េរីឆ្នាំ 2024 គឺត្រូវបានបង្កើនខ្ពស់ជាងមុនប្រហែល 8.5% ដែលមានន័យថា អាចធ្វើការបើកបរបានចំងាយផ្លូវបន្ថែបានដល់ 35km សម្រាប់ម៉ូដែល AWD (All-Wheel-Drive) និងដល់ 42km សម្រាប់ម៉ូដែល RWD( Rear-Wheel-Drive)។ ទន្ទឹមនឹងនេះ Hyundai ក៏បានធ្វើការកែប្រែរចនាបថមួយចំនួននៅផ្នែកខាងក្រៅដែលធ្វើឲ្យរថយន្តអគ្គិសនីស៊េរីថ្មីនេះមើកទៅកាន់តែមានភាពទំនើបប្រណិតទាក់ទាញជាមុន។

ហើយចំពោះម៉ូដែលថ្មី Hyundai Ioniq 5 N Line វិញ គឺត្រូវបានធ្វើកំនែប្រែថ្មីចេញពីម៉ូដែល Ioniq 5 Standard ជាមួយនឹងការបំពាក់ទំហំយ៉ាន់ធំជាងឡើងដល់ 20-inch។ សម្រាប់ផ្នែកខាងក្នុងវិញការបំពាក់នៅកៅអីស្បែកពិសេស ដៃចង្កូតប្រភេទ N-branded steering wheel និងមានការដេរនៅថ្នេរជាមួយអំបោះពណ៌ក្រហមដ៏ស្រស់ស្អាត។
សម្រាប់ប្រព័ន្ធបញ្ជាការប្រើប្រាស់របស់ Hyundai Ioniq 5 2024 Series គឺមានភាពទំនើបជាមួយនឹងប្រព័ន្ធបញ្ជាចូលចតដោយស្វ័យប្រវត្តិ remote parking, ប្រព័ន្ធចាប់គន្លងបើកបរ lane-keeping technology ធ្វើការបានប្រសើរជាងមុន, ក៏ដូចជាគាំទ្រសោរប្រភេទ digital key ដែលអាចធ្វើការបញ្ជាតាមរយះស្មាតហ្វូនជាដើម។

ជាងនេះទៅទៀត Hyundai ក៏បានបង្កើនសមត្ថភាពកាន់ធ្វើការកាន់តែប្រសើរឡើងជាមួយប្រព័ន្ធបច្ចេកវិទ្យា និងប្រព័ន្ធសុវត្ថិភាព ដូចជាប្រព័ន្ធមុខងារ Connected Car Navigation Cockpit (ccNC) infotainment system ដែលធ្វើការបានកាន់តែប្រសើរ និងភាពជឿជាក់ក្នុងការប្រើប្រាស់ជាងមុនផងដែរ។
ហើយអ្វីដែលពិសេស គឺម្ចាស់ Hyundai Ioniq 5-2024 អាចធ្វើបច្ចុប្បន្នភាពមុខងារមួយចំនួនរបស់រថយន្តហៅថា OTA (On-the-air) បានដោយផ្ទាល់ដូចជាការធ្វើបច្ចុប្បន្នភាពកម្មវិធី Map, Software, និងប្រព័ន្ធជាច្រើនទៀតរបស់រថយន្ត ដោយមិនចាំបាច់យកទៅកាន់កន្លែងផ្តល់សេវាកម្មរបស់អ្នកលក់ ឬក្រុមហ៊ុនឡើយ។

ចំនែកប្រព័ន្ធសុវត្ថិភាពវិញ Hyundai Ioniq 5-2024 មានបំពាក់មកជាមួយប្រព័ន្ធ Hands-On Detection (HOD) steering wheel tech, advanced Lane Keeping Assist 2, enhanced remote parking capabilities, និង Parking Collision-Avoidance Assist ជាដើម។ ទោះជាយ៉ាងណា Hyundai មិនទាន់បានប្រកាសពីតម្លៃកម្អិត និងការបរិច្ឆេទចេញលក់សម្រាប់រថយន្តស៊េរីថ្មីម៉ាក Ioniq 5 និង Ioniq 5 N Line ស៊េរីឆ្នាំ 2024 របស់ខ្លួននៅឡើយទេ៕
