
មានការទម្លាយផ្ទាំងរូបភាពនៃរថយន្តអគ្គិសនីស៊េរីថ្មីឆ្នាំ 2026 ម៉ូដែល Hyundai loniq 6 N ដែលត្រៀមបង្ហាញវត្តមានជាសកលផ្លូវការណ៍នៅខែក្រោយនេះ។ ទោះជាយ៉ាងណា Hyundai មិនទាន់បានបង្ហាញលម្អិតពីលក្ខណៈសម្បត្តិផ្លូវការណ៍ណាមួយរបស់ loniq 6 N ឆ្នាំ 2026 នៅឡើយទេ ប៉ុន្តែ មានការរំពឹងថា ឡានអគ្គិសនីម៉ូដែលថ្មីឆ្នាំ 2026 នឹងបំពាក់នូវបច្ចេកវិទ្យាម៉ូទ័រអគ្គិសនីរបស់ក្រុមហ៊ុនផ្ទាល់ដែលមានកម្លាំង 478kW ដែលក្រុមហ៊ុនបានប្រើនៅលើម៉ូដែល loniq 5 ដែលបានបង្ហាញខ្លួនកាលពីឆ្នាំមុន។
បើតាមរូបភាពដែលបានទម្លាយចេញមកនេះ ឃើញថា Hyundai loniq 6 ឆ្នាំ 2026 មានការឌីស្សាញកន្ទុយ Spoiler ខាងក្រោយធំ មានផ្ទៃបាតក្រោមទាប ជាមួយការឌីស្សាញរូបរាងបែប Flared bodywork រួមនឹងការប្រើប្រាស់យ៉ាន់កង់ និងសម្បកកង់ថ្មីជាដើម។ ជាមួយគ្នានេះ ក៏មានការបញ្ជាក់ផ្លូវការណ៍ថា ឡានអគ្គិសនី High-performance របស់កូរ៉េខាងត្បូងមួយនេះ ត្រៀមធ្វើការផលិត និងសម្រាប់ការសាកល្បងនៅលើដងវីថីក្នុងប្រទេសអូស្ត្រាលី។

បន្ថែមពីនេះ កាលពីពេលថ្មីៗនេះ Hyundai បានបញ្ជាក់ថា ក្រុមហ៊ុនខ្លួនបាននឹងកំពុងដំណើរការលើសង្វាក់ផលិតឡានអគ្គិសនីស៊េរីថ្មី loniq 6 N ដើម្បីធ្វើការប្រជែងទីផ្សារជាមួយនឹង Tesla Model 3 ជាមួយនឹងការប្រើប្រាស់ម៉ទូ័រអេឡិចត្រូនិចដែលមានកម្លាំង 478kW ដែលបានប្រើនៅលើម៉ូដែល loniq 5 ដែលចេញឆ្នាំមុន។
តាមប្រភពព័ត៌មានបានបញ្ជាក់ថា Hyundai loniq 6 N ស៊េរីឆ្នាំ 2026 អាចនឹងត្រូវបានបង្ហាញវត្តមាននៅខែកក្តដា ខាងមុខនេះ ក្នុងព្រឹត្តិការណ៍ Goodwood Festival of Speed។ ហើយឡានអគ្គិសនីស៊េរីថ្មីនេះ ត្រូវបានគេរំពឹងថា នឹងមកដល់បន្ទប់តាំងបង្ហាញរបស់ Hyundai ក្នុងប្រទេសអូស្ត្រាលីនាឆ្នាំ 2026 ហើយការចេញលក់ផ្លូវការណ៍អាចនឹងធ្វើឡើងនៅពាក់កណ្តាលឆ្នាំ។ Hyundai គឺជាក្រុមហ៊ុនរថយន្តដែលចេញលក់រថយន្តក្នុងតម្លៃថ្លៃមួយនៅប្រទេសអូស្រ្តាលី។ ក្រុមហ៊ុនផលិតរថយន្តកូរ៉េខាងត្បូងមួយនេះ បានចេញលក់ឡានអគ្គិសនីម៉ូដែល loniq 5 ក្នុងតម្លៃខ្ទង់ $110,383 តម្លៃបូកពន្ធ ឬក៏ឈានដល់ $125,000។

យោងទៅលើរូបភាពដែលបានទម្លាយមកនេះ ឃើញថា Hyundai loniq 6 N ត្រូវបានធ្វើការឌីស្សាញរូបរាងតាមរយៈគំរូរថយន្ត RN22e ដែលស្ថិតក្នុង N performance division របស់ Hyundai ដែលបានប្រកាសកាលពីឆ្នាំ 2022។ Hyundai loniq 6 N ឆ្នាំ 2026 នឹងប្រើប្រាស់យ៉ាន់កង់ទំហំ 21-inch ជាប្រភេទយ៉ាន Alloy ជាមួយសម្បកស្ព័រ រួមជាមួយប្រព័ន្ធហ្វ្រាំងមានសមត្ថភាពខ្ពស់ និងផ្ទាំងរបាំងការពារដ៏រឹងមាំ។
ឡានអគ្គិសនីស៊េរីថ្មីឆ្នាំ 2026 នេះ នឹងបំពាក់នូវប្រព័ន្ធម៉ូទ័រអគ្គិសនីដែលមានកម្លាំង 478kW និងកម្លាំងរមូល 770Nm ជាមួយកញ្ចប់ថ្មទំហំ 84kWh។ Hyundai loniq 6 N ឆ្នាំ 2026 អាចជាន់ស្ទុះកុងទ័រពី 0 ទៅ 100km/h ចាយពេលខ្ទង់ 3.4 វិនាទី ហើយការសាកភ្លើងពេញម្តងអាចនឹងជិះបានចម្ងាយឆ្ងាយជាង 448km៕

