ស្វែងរកពួកយើង:

Hyundai Palisade ស៊េរីឆ្នាំ 2026 អាចនឹងដាក់លក់ជាមួយតម្លៃជាង 4 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

14 ឧសភា 2025 02:21 រសៀល

អាន 3 នាទី

Article image
នេះគឺជាឡាន SUV ខ្នាតធំរបស់កូរ៉េ Hyundai Palisade ស៊េរីឆ្នាំ 2026 ដែលទើបតែបានបង្ហាញខ្លួនជាផ្លូវការ សម្រាប់ទីផ្សារសហ រដ្ឋអាមេរិក ដោយឡានថ្មីនេះ បានផ្លាស់ប្តូរថ្មីទាំងស្រុង ទាំងផ្នែកខាងក្រៅ និងខាងក្នុងផងដែរ។ ឡាន Hyundai Palisade ឆ្នាំ 2026 បានបន្ថែមជម្រើសម៉ាស៊ីន Hybrid ថ្មី ចំណុះ 2.5L Turbo ទំហំ 4 ស៊ីឡាំង ដំណើរការជាមួយម៉ូទ័រអគ្គិសនី 2 មានកម្លាំងសរុប 329 HP និង កម្លាំងរមួល 459 NM ហើយប្រើប្រអប់លេខអូតូ 6 វគ្គ។
ដោយឡែក សម្រាប់ប្រភេទប្រើម៉ាស៊ីនសាំងធម្មតាវិញ គឺ ចំណុះ 3.5L ទំហំ 6 ស៊ីឡាំង ដំណើរការដោយប្រអប់លេខអូតូ 8 វគ្គ មានកម្លាំង 287 HP និង កម្លាំងរមួល 352 NM ហើយមានទាំងជម្រើសប្រើប៉ុង 1 និង ប៉ុង 2 (4WD) ហើយមានសមត្ថភាពអាចអូស សណ្តោង បានទម្ងន់ 2.2 តោន ខណៈប្រភេទ Hybrid បានត្រឹម 1.8 តោនប៉ុណ្ណោះ។
Article image
អ្វីដែលរឹតតែពិសេសនោះគឺ ក្រុមហ៊ុន Hyundai បានអះអាងថា Palisade ឆ្នាំ 2026 នឹងមានកម្រិតស៊ីសាំងជាមធ្យមខ្ទង់ 8L/100KM ប៉ុណ្ណោះ សម្រាប់ម៉ូដែល Hybrid ឬ ចាក់សាំងមួយពេញ អាចបើកបរបានចម្ងាយដល់ 1000 KM ដោយសារតែវាមានបំពាក់មុខងារ Stay Mode ដែលប្រើប្រាស់អាគុយ Hybrid នៅពេលកំពុងចត ដូចឡានអគ្គិសនីសុទ្ធអីចឹង។ ជាលទ្ធផល វានឹងបន្តដំណើរការប្រព័ន្ធម៉ាស៊ីនត្រជាក់ និង ប្រព័ន្ធកម្សាន្ត ដោយមិនប្រើសាំងសូម្បីមួយតំណក់។
បើនិយាយពីរូបរាងវិញ Hyundai Palisade ឆ្នាំ 2026 ថ្មី គឺមានប្រវែងតួខ្លួនវែងជាងមុន មើលទៅកាន់តែអំណាច ធំទូលាយជាងមុន និង ទំនើបជាងមុន ទៀតផង។ នៅផ្នែកខាងមុខ វាបានបំពាក់សំណុំចង្កៀងមុខ រចនាបែបបញ្ឈរ ជាមួយនឹងប៉ាណាមុខ រចនាបែបផ្តេកៗដ៏ធំ បែបហាប់ណែន និងមាំ តែម្តង ខណៈស្តុប LED ខាងក្រោយរបស់វា ក៏ដាក់បែបបញ្ឈរ ផងដែរ។
Article image
ចំពោះអតិថិជនដែលចង់បានបែប Off-road ក្រុមហ៊ុន Hyundai ក៏ផ្តល់ជម្រើសម៉ូដែល Palisade XRT PRO ដែលមានកម្ពស់បាតឡានខ្ពស់ជាងធម្មតា ល្អសម្រាប់ការបើកបរលើផ្លូវពិបាក ហើយក៏បានបន្ថែមការតុបតែងខ្លួន បែប Off-road ខុសប្លែកពីម៉ូដែលធម្មតា ផងដែរ ដូចជា បំពាក់សំបកកង់ប្រភែទ All-terrain, បន្ថែមមុខងារចាក់សោរប៉ុងក្រោយ, មានទំពក់អូសសណ្តោង និង ប្រើប៉ុង 2 មកស្តង់ដារ ក៏ដូចជា មានបន្ថែម Drive Mode: Mud, Sand និង Snow, ប្រព័ន្ធកាមេរ៉ា 360 ដឺក្រេ, មុខងារ Real-time pitch, roll, compass និង elevation displays ព្រមទាំង មុខងារជំនួយហ្វ្រាំងពេលចុះចំណោត (Downhill Brake Control) ទៀតផង។
Article image
ក្រឡេកទៅមើលផ្នែកខាងក្នុងវិញ វារៀបចំបានយ៉ាងប្រណីត និង ទំនើបផងដែរ ដោយក្នុងនោះមានបំពាក់អេក្រង់ភ្លោះ ទំហំ 12.3 អ៊ីញ ដោយមួយដើរតួជា កុងទ័រឌីជីថល និងមួយទៀតជា អេក្រង់កម្សាន្ត Touchscreen អាចភ្ជាប់មុខងារ Apple CarPlay & Android Auto ដោយមិនចាំបាច់ប្រើខ្សែ មកស្តង់ដារ អមដោយ ដំបូលកញ្ចក់ចុចបើកអូតូ, ប្រព័ន្ធភ្លើងឌីម Ambient Lighting, Speaker ម៉ាក Bose 14 គ្រាប់ និង ពូកស្បែក ជាដើម។ ក្រុមហ៊ុន Hyundai បានបញ្ជាក់ដែរថា អតិថិជនអាចបន្ថែម Option កៅអីធំ Relaxation Seats សម្រាប់ជួរទី 1 និង ជួរទី 2 ដែលវានឹងមាន ទម្រជើង ហើយអាចចុចសារ៉េផ្តេក បានឆ្ងាយជាងកៅអីធម្មតា។
Article image
ទោះបីជាយ៉ាងណាក៏ដោយ Palisade ឆ្នាំ 2026 នឹងមានបំពាក់កៅអីចំនួន 8 មកស្តង់ដារ ប៉ុន្តែអតិថិជនក៏អាចជ្រើសរើស Option កៅអីធំ សម្រាប់ជួរទី 2 និង កៅអីជួរទី 3 ចុចទម្លាក់អូតូ និងមានមុខងារកម្តៅ បានផងដែរ។ កៅអីគ្រប់ជួរទាំងអស់ ក៏មានកន្លែងដាក់កែវទឹក និង រន្ធសាកថ្ម USB-C កម្លាំង 100W ទៀតផង។ ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន Hyundai មិនទាន់បានបង្ហាញតម្លៃផ្លូវការរបស់ Palisade ឆ្នាំ 2026 ឡើយ ប៉ុន្តែគេរំពឹងថា វានឹងមានតម្លៃចាប់ពីខ្ទង់ $40,000 ដល់ $53,000 សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ហើយវានឹងត្រូវផលិតនៅក្នុងប្រទេសកូរ៉ែខាងត្បូង៕
Hyundai Palisade ស៊េរីឆ្នាំ 2026 អាចនឹងដាក់លក់ជាមួយតម្លៃជាង 4 ម៉ឺនដុល្លារ