
iCar V27 ឡាន Off-Road Hybrid ស៊េរីថ្មី ប្រកាសចេញជាផ្លូវការណ៌ជាមួយតម្លៃ 2 ម៉ឺនស្តើង
ដូចការគ្រោងទុក កាលពីសប្តាហ៍មុននេះ Chery ដែលជាក្រុមហ៊ុនរថយន្តដ៏ធំមួយរបស់ប្រទេសចិន ប្រកាសចេញនូវឡាន Off-Road ស៊េរីថ្មីរបស់ខ្លួននៅទីផ្សារប្រទេសចិនហើយ ដែលមានតម្លៃចាប់ពី 24,500 ដុល្លារ។ ហើយសម្រាប់ម៉ូដែលនេះដែរត្រូវបានគេចាត់ទុកថា គឺជាម៉ូដែល Flagship ដំបូងគេ ដែលមានរូបរាង "retro boxy design នឹងមានការប្រើប្រាស់នូវប្រព័ន្ធ extended-range hybrid system។
រថយន្តថ្មី iCar V27 មានជម្រើសចំនួន 5 ពណ៌មានដូចជា ទឹកប្រាក់ លឿង ទឹកមាសស្រាល ខ្មៅ និង ខៀវ។ឡាន off-road SUV ស៊េរីថ្មីនេះ មានការឌីស្សាញរូបរាងបែបប្រអប់ដែលភាសាឌីស្សាញហៅថា “Boxy body design” ជាមួយចង្កៀងខាងមុខរចនាបែបរង្វង់មូល និងទ្វារទីប្រាំខាងក្រោយបើកចំហៀងជាមួយកង់សាគួនៅជាប់ជាមួយ។

iCar V27 មានប្រវែងតួរខ្លួន 4,909/ ទទឹង 1,976mm/ កំពស់ 1,855mm (1,894mm) ជាមួយគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,910mm ដែលធ្វើឲ្យ V27 ក្លាយជាម៉ូដែលរថយន្តទំហំធំដំបូងគេក្នុងត្រកូលនៃម៉ាក iCar។
សម្រាប់ប្រព័ន្ធបើកបរ range-extender system របស់ iCar V27 ត្រូវពឹងផ្អែកទៅលើម៉ាស៊ីនសាំង 1.5T ដែលអាចផលិតកម្លាំងបាន 141 សេះ រួមនឹងប្រព័ន្ធម៉ូទ័រអគ្គិសនីមួយ ជាមួយជម្រើសកញ្ចប់ថ្មពីរទំហំ គឺ 34.317kWh និង 20.638kWh។ សម្រាប់ម៉ូដែលប្រើម៉ូទ័រអគ្គិសនីមួយ ឬប៉ុងមួយមានកម្លាំង 248 សេះ ខណៈម៉ូដែលប្រើម៉ូទ័រពីរ ឬប៉ុងពីរអាចផលិតកម្លាំងសរុបបានដល់ 449 សេះ ដែលអាចជាន់ស្ទុះពីកុងទ័រ 0 ទៅ 100km/h ចេញពេលខ្ទង់ 5.5 វិនាទី។

រថយន្ត iCar V27 (AWD) ថ្មីនេះ អាចបើកបរដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 210km និងដល់ 1,200km នៅពេលប្រើគូបជាមួយម៉ាស៊ីនចាក់សាំងពេញ។
