ស្វែងរកពួកយើង:

iFixit បន្តបង្ហាញផ្នែកខាងក្នុងរបស់ iPhone 16 Pro និង iPhone 16 Pro Max!

ដោយ

Koun Jab Luffy

28 កញ្ញា 2024 10:19 ព្រឹក

អាន 2 នាទី

Article image
កាលពីដើមសប្តាហ៍នេះ វេបសាយជួសជុល iFixit បានប្រកាសពីការដោះមើលផ្នែកខាងក្នុងរបស់ស្មាតហ្វូន iPhone 16 និង iPhone 16 Plus ដែលពេលនោះ ក៏មានការបង្ហាញអំពីដំណើរការនៃការដោះថ្មដែលមាននៅលើស្មាតហ្វូនថ្មីនេះទៀតផង។ ការបំបែកស្មាតហ្វូននេះ ត្រូវបាន iFixit ប្រើប្រាស់នូវចរន្តអគ្គិសនីសម្រាប់ដោះចេញនូវកាវស្អិត ហើយនៅថ្ងៃនេះ iFixit ក៏បានបន្តបង្ហាញអំពីការដោះទៅលើស្មាតហ្វូន iPhone 16 Pro និង iPhone 16 Pro Max ថែមទៀតហើយ។
តាមរយៈនៃការបំបែកទៅលើតួររបស់ស្មាតហ្វូននេះ iFixit បានបញ្ជាក់ថា iPhone 16 Pro របស់ក្រុមហ៊ុន Apple មិនមានដំណើរការដោះថ្ម ដូចគ្នាទៅនឹងស្មាតហ្វូន iPhone 16 នោះទេ។ ម៉ូដែល Pro មានភាពងាយស្រួលជាងមុនក្នុងការដោះផ្នែកខាងក្រោយ ខណៈដែលការដោះទៅលើផ្នែកអេក្រង់ អាចងាយស្រួលបែក ប្រសិនបើមិនប្រយ័ត្ន។ ក្រុមហ៊ុន Apple បានស្រោបថ្មរបស់ស្មាតហ្វូន iPhone 16 Pro ជាមួយនឹងលោហៈ ប៉ុន្តែសម្រាប់ស្មាតហ្វូន iPhone 16 Pro Max មិនមានស្រោបលោហៈនោះទេ។
iFixit បានបង្ហាញពីចង្ងល់ថា ហេតុអ្វី Apple ការសម្រេចចិត្តក្នុងការប្រើប្រាស់នូវថ្មដែលមានស្រោបលោហៈនៅលើតែម៉ូដែល iPhone 16 Pro តែមិនមែនសម្រាប់ស្មាតហ្វូន iPhone 16 Pro Max។ សម្រាប់ LiDAR Scanner គឺងាយស្រួលក្នុងការជួសជុលជាងមុន។ សម្រាប់ Modules កាមេរ៉ានៅលើស្មាតហ្វូនម៉ូដែល Pro នេះ គឺដូចគ្នា ប៉ុន្តែប្រវែងខ្សែ គឺមានភាពខុសគ្នា និងទីតាំងនៃខ្ចៅក៏ខុសគ្នាផងដែរទៅលើផ្នែកខាងក្នុង។ ក្រុមហ៊ុន Apple ក៏បានធ្វើការផ្លាស់ប្តូរទៅលើទីតាំងនៃ mmWave antenna ដើម្បីទុកចន្លោះសម្រាប់ដាក់ប៊ូតុង Camera Control ផងដែរ។
iFixit និយាយទៀតថា mmWave signal អាចនឹងមានបញ្ហាដោយសារតែការប្រើប្រាស់នូវ Titanium Frame នៅលើស្មាតហ្វូន iPhone 16 Pro។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូន iPhone 16 Pro ក៏មានការប្រើប្រាស់នូវម៉ូដឹម Qualcomm SDX71M modem ដែលជា version របស់ SDX70M modem ធ្លាប់ប្រើប្រាស់នៅក្នុងស្មាតហ្វូន iPhone 15 Pro អញ្ចឹង។
Article image
យោងតាមពាក្យចចាមអារ៉ាមជាច្រើនមុននេះ បាននិយាយថា ស្មាតហ្វូនម៉ូដែល Pro នឹងមាន Qualcomm X75 modem នោះ គឺមិនពិតនោះទេ។ iFixit អោយចំណាត់ថ្នាក់នៃការជួសជុលទៅលើស្មាតហ្វូន iPhone 16 pro គឺ 7/10 ដោយសារតែការផ្លាស់ប្តូរទៅលើការឌីស្សាញ និងលទ្ធភាពនៃការជួសជុលបានដោយខ្លួនឯង៕
iFixit បន្តបង្ហាញផ្នែកខាងក្នុងរបស់ iPhone 16 Pro និង iPhone 16 Pro Max!