
នៅថ្ងៃនេះ IM Motors ដែលជាម៉ាកយីហោឡានអគ្គិសនីសុទ្ធដែលមាន SAIC Motor ជាក្រុមហ៊ុនមេនោះ បានធ្វើការប្រកាសចេញជាផ្លូវការណ៌ននូវឡានអគ្គិសនី IM LS9 ជម្រើស 6 កៅអី ប្រភេទ Large SUV របស់ខ្លួនហើយ ដោយម៉ូដែលនេះ នឹងក្លាយជាឡាន hybrid ដែលមានការបំពាក់នូវថាមពលថ្មធំជាងគេនៅលើទីផ្សារប្រទេសចិន។ សម្រាប់ការដាក់លក់នៅពេលនេះ IM LS9 គឺមានជម្រើស 2 ម៉ូដែល គឺមាន 52 Ultra និង 66 Ultra ហើយនិងមានតម្លៃ 322,800 យ៉ន់ ($45,360) និង 352,800 យ៉ន់។
ក្រុមហ៊ុននេះបានបញ្ជាក់ថា ការដឹកប្រគល់ឡាននេះ នឹងធ្វើឡើងនៅខចុងខែនេះហើយ។ នៅក្នុងនោះក្រុមហ៊ុន IM Motors ក៏មានគម្រោងនឹងប្រកាសចេញនូវ IM LS9 Hyper នៅលើទីផ្សារនាដើមត្រីមាសទី 1 ឆ្នាំ 2026 ខាងមុខនេះផងដែរ។ ឡានជម្រើស 6 កៅអីថ្មីនេះ គឺមានប្រវែង 5,279mm ទទឹង 2,000mm និងកំពស់ 1,806mm ខណៈដែលគម្លាតកង់មុខក្រោយមានប្រវែង 3,160 mm។ នៅលើឡានថ្មីនេះ គឺដំណើរការនៅលើប្រព័ន្ធ Hengxing extended-range system របស់ SAIC និងគាំទ្រដោយបច្ចេកវិទ្យាសាក 800-volt high-voltage architecture ផងដែរ។

IM LS9 បំពាក់នូវប្រព័ន្ធថាមពលថ្មរបស់ CATL ដែលជាប្រភេទ Freevoy Super Hybrid Battery មានទំហំ 52 kWh និង 66 kWh។ សម្រាប់ការសាកថ្មពេញម្តងអាចរត់បានចម្ងាយ 320 km និង 402 km តាមស្តង់ដារ CLTC។ ចំពោះការចាក់សាំងពេញ និងការសាកពេញព្រមគ្នា គឺអាចបើកបរបានចម្ងាយ 1,454 km និង 1,508 km។ និយាយពីកសាកពី 10% ទៅ 80% ចំណាយពេលត្រឹមតែ 16.5 នាទីប៉ុណ្ណោះ។

IM LS9 ដំណើរការនៅលើម៉ូទ័រភ្លោះ ដោយឡានទាំងពីរនេះ គឺម៉ូទ័រក្រោយមានកម្លាំង 230 kW ដូចគ្នា ខណៈដែលម៉ូដែលតម្លៃធូគឺមានម៉ូទ័រមុខកម្លាំង 150 kW និងម៉ូដែលតម្លៃខ្ពស់មានម៉ូទ័រមុខកម្លាំង 160kW។ ដូច្នេះឡានថ្មីនេះមានកម្លាំងសរុ 390 kW (523 សេះ) កម្លាំងរមួល 670 Nm និងអាចបង្កើតល្បឿនពី 0 ទៅ 100 km/h ប្រើពេលត្រឹមតែ 4.9 វិនាទីប៉ុណ្ណោះ។

ឡានអគ្គិសនីស៊េរីថ្មីនេះ LS9 មានការប្រើប្រាស់នូវសិនស័រ LiDAR 520 ដែលជាសិនស័រមានសមត្ថភាពខ្ពស់ជាងគេ ហើយកំពុងមានការពេញនិយមនៅលើឡានអគ្គិសនីក្នុងប្រទេសចិន។ បន្ថែមពីនេះនៅលើឡាននេះ ក៏មានការគាំទ្រដោយបន្ទះឈីប Nvidia Thor AI និងមានប្រព័ន្ធបើកបរស្វ័យប្រវត្តិ IM AD Max autonomous driving system ដែលទ្រទ្រង់ដោយ Momenta ផងដែរ។
