
ក្រុមហ៊ុន Infinix ត្រូវគេរាយការណ៌ថា បានធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Infinix Note 40 និង Note 40 Pro ហើយ។ ទាក់ទងនឹងស្មាតហ្វូននេះ មានរបាយការណ៍ជាច្រើន បានបង្ហាញទៀតថា ស្មាតហ្វូនថ្មីនេះ គឺមានការប្រើប្រាស់នូវលេខកូដម៉ូដែល X6853 និង X6850។ ស្មាតហ្វូនទាំងពីរនេះ ក៏ត្រូវបានគេបង្ហាញខ្លួននៅលើ Database នៃវិញ្ញាបនបត្រ Google Play Console និង Bluetooth SIG រួចរាល់ហើយផងដែរ។
សម្រាប់ស្មាតហ្វូនម៉ូដែល PRO ក៏ត្រូវបានគេឃើញថា បានបង្ហាញខ្លួននៅលើបញ្ជី FCC និង NBTC របស់ប្រទេសថៃរួចរាល់ហើយផងដែរ។ នៅលើបញ្ជីនៃវេបសាយផ្លូវការខាងលើនេះ ក៏មានការទម្លាយអំពីទំហំនៃថាមពលថ្ម និងបច្ចេកវិទ្យាសាកថ្មលឿនរបស់ស្មាតហ្វូនទាំងពីរនេះថែមទៀតផង។ នៅក្នុងឯកសារនៃ Declaration of Conformity របស់ស្មាតហ្វូន Infinix Note 40 និង Note 40 Pro បានទម្លាយថា ស្មាតហ្វូនទាំងពីរនេះ មានថាមពលថ្មទំហំ 5,000mAh។ ខណៈពេលដែលស្មាតហ្វូន Note 40 ទ្រទ្រង់នូវកម្លាំងសាក 45W charging និងស្មាតហ្វូន Note 40 Pro នេះ គឺមានបច្ចេកវិទ្យាសាកថ្មលឿន 70W fast charging ។

នៅក្នុងរបាយការណ៍ជាច្រើនផ្សេងទៀតបានបន្តថា ស្មាតហ្វូន Infinix Note 40 series គឺមានអេក្រង់កម្រិត FHD+, បន្ទះឈីប Helio G99, រ៉េម 8GB និងប្រព័ន្ធប្រតិបត្តិការ Android 14។ នៅក្នុងវិញ្ញាបនបត្រ FCC វិញ គឺបានបង្ហាញថា ស្មាតហ្វូន Note 40 Pro នេះគឺមានរ៉េមទំហំ 12GB និងអង្គចងចាំទំហំ 256GB ហើយនិងមានបច្ចេកវិទ្យា NFC ថែមទៀត។ ស្មាតហ្វូននេះ មានវិមាត្រ 165x76x8mm។ សម្រាប់ព័ត៌មានលម្អិតជាច្រើនទៀតរបស់ស្មាតហ្វូន Note 40 នៅមិនទាន់ទម្លាយនៅឡើយទេ៕
