ស្វែងរកពួកយើង:

Infinix Note 40s 4G បំពាក់អេក្រង់ 3D AMOLED និងបច្ចេកវិទ្យាសាកថ្ម magCharge wireless charging បង្ហាញខ្លួននៅលើវេបសាយផ្លូវការ

ដោយ

Koun Jab Luffy

30 មិថុនា 2024 04:41 ល្ងាច

អាន 3 នាទី

Article image
បើទោះបីជាមានការទម្លាយព័ត៌មានជាច្រើនក៏ដោយ ក្រុមហ៊ុន Infinix នៅមិនទាន់ប្រកាសជាផ្លូវការអំពីកាលបរិច្ឆេទនៃការបង្ហាញវត្តមានរបស់ស្មាតហ្វូន Infinix Note 40s 4G របស់ខ្លួននៅឡើយទេ។ មកដល់ពេលនេះ ព័ត៌មានលម្អិតរបស់ស្មាតហ្វូននេះ មានការបែកធ្លាយនៅលើអនឡាញជាច្រើនរួចហើយ។ ជាក់ស្តែងថ្ងៃនេះមានការបែកធ្លាយថ្មីមួយទៀត ត្រូវទម្លាយចេញពី Passionategeekz ដែលបានទម្លាយនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះ នឹងបង្ហោះនៅលើវេបសាយផ្លូវការរបស់ក្រុមហ៊ុននេះថែមទៀតផង។
និយាយពីការឌីស្សាញ និងលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Note 40s 4G នេះ គឺមានភាពស្រដៀងគ្នាទៅនឹងស្មាតហ្វូន Note 40 និង Note 40 Pro ដែលបង្ហាញខ្លួននៅក្នុងប្រទេសឥណ្ឌាកាលពីខែមីនាអញ្ចឹង។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ  6.78-អ៊ីង មានគែមកកោង 3D curved AMOLED display គាំទ្រជាមួយនឹងកម្រិតល្បឿន 120Hz refresh rate ហើយនិងមានការការពារដោយកញ្ចក់ Corning Gorilla Glass ថែមទៀត។ បើមើលទៅលើសមត្ថភាពរបស់ស្មាតហ្វូននេះ គឺដំណើរការនៅលើបន្ទះឈីប MediaTek Helio G99 Ultimate ដែលជាឈីបធ្លាប់ប្រើប្រាស់នៅលើស្មាតហ្វូន Note 40 ផងដែរ។
Article image
ក្រឡេកមកមើលកាមេរ៉ានៅលើស្មាតហ្វូន Note 40s 4G នេះវិញ ត្រូវបានគេបញ្ជាក់ថា គឺមានភាពខុសគ្នាបន្តិចដោយសារតែស្មាតហ្វូននេះ មានកាមេរ៉ាភ្លោះ Dual-sensor ខណៈពេលដែលស្មាតហ្វូន Note 40 និង Note 40 Pro មានកាមេរ៉ាសេនស័រចំនួន 3 គ្រាប់។ ស្មាតហ្វូនថ្មីនេះ គឺមានកាមេរ៉ាគោលទំហំ 108MP និង 2MP macro ។ នៅលើស្មាតហ្វូននេះ ក៏មានបំពាក់នូវអំពូល Halo AI lighting ring ដែលនឹងធ្វើការផ្លាស់ប្តូរទៅលើពន្លឺនៃពណ៌ផ្អែកទៅលើ notifications, calls, charging status រួមនិងមុខងារជាច្រើនទៀត។
Article image
ស្មាតហ្វូននេះ មានរ៉េមទំហំ 8GB LPDDR4X RAM និងម៉េមូរីទំហំ 256GB UFS 2.2 ហើយនិងដំនើរការនូវ  XOS 1 ផ្អែកនៅលើ Android 14 ដែលថែមទាំងទទួលបាននូវការអាប់ដេត Android បានដល់ទៅ 2 ឆ្នាំ និងការអាប់ដេតសុវត្ថិភាពបានដល់ទៅ 3 ឆ្នាំទៀតផង។ ស្មាតហ្វូន Note 40s 4G នេះ មានថាមពលថ្មទំហំ 5000mAh ដែលទ្រទ្រង់ទៅលើបច្ចេកវិទ្យា 33W fast wired charging ហើយក៏នឹងមាន 20W wireless charging ដែលគាំទ្រជាមួយនឹងបច្ចេកវិទ្យា magCharge technology ផងដែរ។
Article image
សម្រាប់មុខងារជាច្រើនទៀតដែលមានបំពាក់នៅលើស្មាតហ្វូននេះ គឺមានដូចជា IP54 សម្រាប់ការពារធូលី និងការជ្រាបទឹក បច្ចេកវិទ្យា NFC សម្រាប់ទ្រទ្រង់នូវការទូទាត់ (contactless) ប្រព័ន្ធ Dual-Speakers របស់ក្រុមហ៊ុន JBL ថែមទៀត។ ស្មាតហ្វូននេះ មានពណ៌  Obsidian Black និង Vintage Green។ សូមជំរាបថា បើទោះបីជាស្មាតហ្វូននេះ បានបង្ហាញខ្លួននៅលើវេបសាយរបស់ក្រុមហ៊ុនក៏ដោយ ក្រុមហ៊ុន Infinix នៅមិនទាន់បានទម្លាយអំពីកាលបរិច្ឆេទផ្លូវការរបស់ស្មាតហ្វូននេះទេ។ ស្មាតហ្វូននេះ មិនទាន់មានការបញ្ជាក់អំពីតម្លៃរបស់ស្មាតហ្វូននេះនៅឡើយទេ៕