ស្វែងរកពួកយើង:

iPhone បត់អេក្រង់ដំបូងពី Apple ទំនងជានឹងមានការឌីស្សាញបត់ចេញក្រៅដូចគ្នានឹង Huawei Mate Xs 2

ដោយ

Koun Jab Luffy

11 មិថុនា 2024 02:54 រសៀល

អាន 2 នាទី

Article image
ស្មាតហ្វូនអេក្រង់បត់ដែលកំពុងមានភាពពេញនិយមខ្លាំងនៅលើទីផ្សារបច្ចុប្បន្ន គឺមានការឌីស្សាញគន្លឹះត្រចៀកបត់អេក្រង់ចូលក្នុងដូចជា Samsung Galaxy Z Fold 5 ជាដើម។ យ៉ាងណាមិញបើតាមការលើកឡើងពីអ្នកវិភាគល្បីឈ្មោះផលិតផល Apple មួយរូប គឺលោក  Jeff Pu បានបង្ហើបថា សម្រាប់ផលិតផលទូរស័ព្ទអេក្រង់បត់ដំបូងរបស់ Apple គឺអាចនឹងមានការឌីស្សាញផ្ទុយគ្នាជាមួយ Galaxy Z Fold Series របស់ Samsung ពោល គឺអាចនឹងបត់អេក្រង់់ចេញមកក្រៅដូចជាអ្វីដែល Huawei បានធ្វើនៅលើ Mate Xs 2 កាលពីប៉ុន្មានឆ្នាំមុនដែរ។ ប្រភពដដែលបានបញ្ជាក់ថា iPhone អេក្រង់បត់ដំបូងរបស់ Apple នឹងមានអេក្រង់ទំហំ 7.9-inch ជាមួយការឌីស្សាញបត់ចេញក្រៅដូចនឹង Huawei Mate Xs 2។
Huawei គឺជាក្រុមហ៊ុនដំបូងគេតែមួយគត់ដែលមានការឌីស្សាញស្មាតហ្វូនអេក្រង់បត់អេក្រង់ចេញមកក្រៅ ដោយក្នុងនោះអេក្រង់ម្ខាងបត់ចេញមកធ្វើអេក្រង់អេក្រង់ខាងក្រៅ ឬ Cover-Display និងម្ខាងទៀតស្ថិតនៅខាងក្នុង។ ប៉ុន្តែការឌីស្សាញការបត់អេក្រង់ចេញក្រៅ ឬ Outward-display នេះ គឺមានការប្រឈមជាច្រើនជាងការបត់អេក្រង់ផ្អោបចូលក្នុង Inward-display ប៉ុន្តែ វាក៏ផ្តល់ឲ្យតួររបស់ទូរស័ព្ទមានកម្រាស់ស្តើងងាយស្រួលកាន់នៅពេលបត់អេក្រង់ផងដែរ។ ជាងនេះទៅទៀត ការរចនាអេក្រង់បត់ចេញក្រៅ ក៏ផ្តល់ឲ្យមានភាពងាយស្រួលក្នុងការប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាក្រោយសម្រាប់ការថតរូប និងវីដេអូសែលហ្វីបានក្នុងកម្រិតគុណភាពខ្ពស់ថែមទៀតផង។
Article image
បើតាមការបញ្ជាក់ពីលោក Jeff Pu បានឲ្យដឹងថា Apple ទំនងជានឹងមានលទ្ធភាពក្នុងការបញ្ចេញ iPhone Fold នៅពេលណាមួយក្នុងឆ្នាំ 2026 ឬក៏ក្នុងពេលដំណាលគ្នានៃការបង្ហាញវត្តមានរបស់ iPhone 18 Series។ បន្ថែមពីលើព័ត៌មាននៃការបង្ហាញវត្តមាន iPhone Fold ក្រុមហ៊ុនបិតាបច្ចេកវិទ្យារបស់អាមេរិកនេះ ត្រូវបានគេរាយការណ៍ថា បាននឹងកំពុងដំណើរការអភិវឌ្ឍន៍ផលិតម៉ាស៊ីនកុំព្យូទ័រ Macbook ដែលមានអេក្រង់បត់ផងដែរ។ Foldable Macbook ត្រូវបានគេនិយាយថា នឹងបំពាក់អេក្រង់បត់បានទំហំ 20.3-inch ហើយសង្វាក់នៃការផលិតទ្រង់ទ្រាយធំអាចនឹងត្រូវចាប់ផ្តើមធ្វើឡើងនៅចុងឆ្នាំ 2025។ ប្រភពព័ត៌មានមួយចំនួនផ្សេងទៀតបាននិយាយថា សម្រាប់ការចេញលក់ Foldable Macbook អាចនឹងត្រូវពន្យាពេលរហូតដល់ឆ្នាំ 2027៕