
ព័ត៌មានទាក់ទងនឹងផលិតផលនៃឧបករណ៍អេក្រង់បត់របស់ Apple នៅតែបន្តបែកធ្លាយជាបន្តបន្ទាប់ ខណៈពេលដែលព័ត៌មាននៃការប្រកាសចេញផ្លូវការណ៍នៅលើទីផ្សារហាក់នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយទេ ហើយ Apple ក៏រក្សាភាពស្ងប់ស្ងាត់ដោយមិនមានប្រតិកម្មអ្វីទាក់ទងនឹងព័ត៌មានលេចធ្លាយពី Foldable iPhone ឬ iPad នោះឡើយ។ នៅខណៈពេលដែលដៃគូប្រកូតប្រជែងរបស់ខ្លួន Samsung និង Huawei បាននឹងកំពុងទទួលបានជោគជ័យខ្លាំងនៅក្នុងទីផ្សារស្មាតហ្វូនអេក្រង់បត់របស់ពួកគេក្នុងពេលបច្ចុប្បន្ន។
យោងតាមប្រភពពីគណនី Weibo ឈ្មោះថា Fixed Focus Digital បានឱ្យដឹងថា Apple ពិតជាបាននឹងកំពុងដំណើរការអភិវឌ្ឍទូរស័ព្ទបត់អេក្រង់ (Foldable iPhone) របស់ខ្លួនយ៉ាងសកម្ម។ ទោះជាយ៉ាងណាក៏ដោយ របាយការណ៍ពីគណនីដដែលនេះ បានបង្ហាញទស្សនៈថា សម្រាប់ការបង្ហាញវត្តមាននៃ Foldable iPhone អាចនឹងត្រូវពន្យារពេលយូរដោយសារតែ "លទ្ធផលនៃការធ្វើតេស្តអេក្រង់បត់សម្រាប់ iPhone បត់ មិនទទួលបានការពេញចិត្តពី Apple ឡើយ" ដែលប្រកាសនេះ គឺបានបង្ហាញពីស្តង់ដារមិនត្រូវតាមការចង់បានរបស់ Apple ដែលនាំឲ្យការបង្ហាញឧបករណ៍បត់អេក្រង់របស់ក្រុមហ៊ុនបិតាបច្ចេកវិទ្យាអាមេរិកមួយនេះបន្តពន្យារពេលបន្ថែមទៀត។
ទោះជាយ៉ាងណា បើយោងតាមរបាយការណ៍ដែលបានចេញផ្សាយនាពេលមុននេះ បាននិយាយថា Apple បាននឹងកំពុងធ្វើការពិចារណាលើគំរូឧបករណ៍អេក្រង់បត់ចំនួនពីរ ដោយទីមួយ គឺជាទូរស័ព្ទដែលមានរាងដូច Samsung Galaxy Z Flip ខណៈដែលមួយទៀត គឺជា iPad ដែលអាចបត់ចូលបានជាមួយនឹងអេក្រង់ទំហំ 8 អ៊ីញ។

បើតាមប្រភពព័ត៌មានចុងក្រោយបាននិយាយថា Apple ទំនងជានឹងមានការដាក់បង្ហាញឧបករណ៍បត់អេក្រង់ដំបូងរបស់ខ្លួននៅឆ្នាំ 2025 ប៉ុន្តែ បើតាមប្រភពចេញពី The Information និង The Elec បានធ្វើការព្យាករណ៍ថា Apple អាចនឹងធ្វើការប្រកាសចេញ Foldable iPhone ឬ iPad នៅក្នុងឆ្នាំ 2026 ដោយសារតែក្រុមហ៊ុន កំពុងស្ថិតក្នុងដំណើរការអភិវឌ្ឍន៍ឧបករណ៍ថ្មីរបស់ខ្លួនឲ្យមានគុណភាពផលិតស្របតាមស្តង់ដារដែលខ្លួនចង់បាន៕
