
ប្រភពព័ត៌មានជាច្រើនបាននិយាយថាឆ្នាំនេះ Apple នឹងបើកប្រវត្តិសាស្រ្តថ្មីជាមួយនឹងការប្រកាសចេញ iPhone ជំនាន់ថ្មីគឺ iPhone 12 Series រហូតដល់ទៅ 4 ម៉ូដែលផ្សេងគ្នាជាមួយអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីន និងទំហំរ៉េមផ្សេងៗគ្នាផងដែរ។ ដោយឡែកសម្រាប់ព័ត៌មានថ្មីពេលនេះគឺបានទម្លាយចេញពីតម្លៃសម្រាប់ស្រឡាយ iPhone 12 ដោយប្រភពបានបង្ហាញថា iPhone 12 mini មានអេក្រង់ទំហំ 5.4” មានតម្លៃខ្ទង់ $649 សម្រាប់ម៉ូដែល 64GB, ខ្ទង់ $699 សម្រាប់ម៉ូដែល 128GB និងខ្ទង់ $799 សម្រាប់ម៉ូដែល 256GB។
សម្រាប់ iPhone 12 ដែលជាម៉ូដែលផ្សេងទៀតគឺមានអង្គផ្ទុកទិន្នន័យទំហំចាប់ពីរ 128GB, 256GB ដល់ 512GB ហើយម៉ូដែលកំពូលជាងគេក្នុងចំនោមបងប្អូន iPhone ជំនាន់ថ្មីគឺ iPhone 12 Pro Max គឺមានតម្លៃខ្ពស់បំផុតដល់ $1,399 ជាមួយម៉ូដែល 512GB ចំនែកម៉ូដែល 128GB និង 256GB គឺមានតម្លៃខ្ទង់ $1,099 និង $1,199។ រីម៉ូដែល iPhone 12 Pro នឹងមានតម្លៃចាប់ពីខ្ទង់ $999/$1,099/$1,299 ទៅតាមម៉ូដែលរបស់វាគឺ 128GB/256GB/512GB និងម៉ូដែល iPhone 12 វិញនឹងមានតម្លៃចាប់ពីខ្ទង់ $749/$799/$899 តាមម៉ូដែលរបស់វាផងដែរគឺ 64GB/128GB/256GB។

ស្មាតហ្វូន iPhone 12 Pro Max នឹងមានអេក្រង់ទំហំធំជាងគេបំផុតក្នុងគ្រួសារអាយហ្វូនគឺ 6.7” និងទ្រទ្រង់ប្រព័ន្ធសេវា 5G ផងដែរ ហើយពីរម៉ូដែលទៀតគឺ iPhone 12 និង 12 Pro នឹងមានអេក្រង់ទំហំ 6.1”។ iPhone ជំនាន់ថ្មី 4 ស៊េរីនេះនឹងប្រើប្រាស់បន្ទះឈីប A14 Bionic ខ្នាត 5nm ដំបូងគេក្នុងលោកជាមួយនឹងប្រតិបត្តិការ iOS14។ សម្រាប់ថ្ងៃមកដល់នៃ iPhone 12 Series ត្រូវបានប្រភពព័ត៌មានជាច្រើនបានអោយដឹងដូចគ្នាថាគឺថ្ងៃទី 13 ក្នុងខែតុលានេះគឺនៅសល់ពេលតែ 10 ថ្ងៃទៀតប៉ុណ្ណោះ ដូចនេះរងចាំអ៊ុតពីតម្លៃរបស់ពូកវាទាំងអស់គ្នាថាតើមានតម្លៃដូចព័ត៌មានខាងលើនេះដែរ ឬទេ៕
