ស្វែងរកពួកយើង:

iPhone 15 Pro Max ក្លាយជាទូរស័ព្ទដែលលក់ដាច់ខ្លាំងបំផុតនៅក្នុងត្រីមាសទី 1 ក្នុងឆ្នាំ 2024

ដោយ

Koun Jab Luffy

08 ឧសភា 2024 11:43 ថ្ងៃត្រង់

អាន 2 នាទី

Article image
Apple និង Samsung បានកាន់កាប់តារាងជាក្រុមហ៊ុនលក់ស្មាតហ្វូនដាច់បំផុតទាំង 10 នៅក្នុងត្រីមាសដំបូងក្នុងឆ្នាំ 2024 នេះបើតាមការបង្ហាញពីក្រុមហ៊ុនស្រាវជ្រាវទីផ្សារ Counterpoint Research។ ក្រុមហ៊ុនបច្ចេកវិទ្យាស្មាតហ្វូនខ្នាតយក្សទាំងពីររបស់ពិភពលោកនេះ គឺមានស្មាតហ្វូនដែលលក់ដាច់បំផុតរៀងៗខ្លួនចំនួន 5 ម៉ូដែលនៅលើតារាង។ គ្រាន់តែ Apple មានស្មាតហ្វូនដែលលក់ដាច់បំផុតឈរនៅកំពូលនៃតារាងស្មាតហ្វូនទាំង 10 ម៉ូដែល ដោយក្នុងនោះ iPhone 15 Pro Max ឈរនៅកំពូលតារាង បន្ទាប់មក iPhone 15 និងបន្ទាប់ទៀត គឺ iPhone 15 Pro គឺស្ថិតនៅលេខរៀងទី 2 និងទី 3 ក្នុងតារាង។
ទូរស័ព្ទ iOS ម៉ូដែល Pro Series របស់ Apple បានកើនប្រជាប្រិយភាពខ្លាំងពីមួយជំនាន់ទៅមួយជំនាន់។ ដោយក្នុងឆ្នាំ 2020 ប្រជាប្រិយភាពរបស់ iPhone Pro Model បានកើនឡើងប្រមាណ 24% មកដល់ឆ្នាំ 2024 នេះ គឺប្រជាប្រិយភាពកាន់តែខ្លាំងកើនឡើងដល់ 64%។ សម្រាប់មូលហេតុនៃការបង្កើនប្រជាប្រិយភាពរបស់ iPhone  ម៉ូដែល Pro ក៏ដោយសារតែ Apple បានញាត់បញ្ចូលនូវបច្ចេកវិទ្យាប្រើប្រាស់ខ្លឹមខ្លាំង និងទំនើបចុងក្រោយបំផុតដែលខ្លួនបានធ្វើការអភិវឌ្ឍន៍ចូលទៅក្នុងម៉ូដែល Pro តែម្តង ដែលអាចទាញការចាប់អារម្មណ៍ខ្លាំងពីអ្នកប្រើប្រាស់ជាងម៉ូដែលស្តង់ដារពីរម៉ូដែលផ្សារទៀត។
Article image
សម្រាប់ស្មាតហ្វូនកំពូលរបស់ Samsung ចំនួនពីរម៉ូដែលក៏បានជាប់ក្នុងតារាង 10 Top-best Selling ផងដែរ គឺ Galaxy S24 និង S24 Ultra ហើយកត្តាដែលជម្រុញឲ្យស្មាតហ្វូនកំពូលទាំងពីររបស់ក្រុមហ៊ុនកូរ៉េខាងត្បូងជាប់ក្នុងតារាង ក៏ដោយសារតែបច្ចេកវិទ្យា Galaxy AI។ តាមការលើកឡើងពី Counterpoint បានឲ្យដឹងថា អ្នកប្រើប្រាស់បានសំឡឹងឃើញពីការប្រើប្រាស់ស្មាតហ្វូនរបស់ពួកគេក្នុងរយះពេលយូរ ជាមួយការគាំទ្រប្រព័ន្ធបច្ចេកវិទ្យាថ្មីសម្រាប់ការប្រើប្រាស់ក្នុងរយះពេលយូរឆ្នាំ ដោយមិនត្រូវការផ្លាស់ប្តូរស្មាតហ្វូនថ្មីច្រើនដង៕