
ក្រុមហ៊ុន Apple ត្រូវបានគេមើលឃើញថា តែងតែរៀបចំនូវព្រឹត្តិការណ៍នៃការបង្ហាញនូវស្មាតហ្វូនថ្មីរបស់ខ្លួននៅក្នុងខែកញ្ញាជារៀងរាល់ឆ្នាំ។ នៅថ្ងៃនេះ អ្នកទម្លាយម្នាក់ចេញពីប្រទេសចិន បានទម្លាយអំពីថាមពលថ្មដែលមាននៅលើស្មាតហ្វូន iPhone 16 Pro និងម៉ូដែល Pro Max នេះហើយ។ បើតាមការបែកធ្លាយជាច្រើនបានបន្ថែមថា ស្មាតហ្វូន iPhone 16 Pro នេះ នឹងមានថាមពលថ្មទំហំ 3,577mAh ដែលមានការបង្កើនខ្ពស់ជាងមុន 9% បើធៀបជាមួយនឹងថាមពលថ្មទំហំ iPhone 15 Pro គឺមានត្រឹមតែ 3,274mAh ប៉ុណ្ណោះ។
សម្រាប់ពេលនេះ មានពាក្យចចាមអារ៉ាមជាច្រើន ក៏បាននិយាយអំពីស្មាតហ្វូន iPhone 16 នេះផងដែរ។ ក្រឡេកមកមើលស្មាតហ្វូន iPhone 16 Pro Max វិញ នឹងមានថាមពលទំហំ 4,676mAh មានការកើនឡើង 5% បើធៀបជាមួយនឹងថាម ពលថ្មនៅលើស្មាតហ្វូន iPhone 15 Pro Max មានទំហំ 4,441mAh។ ជាមួយនិងការបង្កើនទៅលើថាមពលថ្មនេះត្រូវបានគេមើលឃើញថា ហាក់ដូចជាមិនមានអ្វីដែលប្លែកនោះទេ។
ស្របពេលជាមួយគ្នានេះ អ្នកប្រើប្រាស់ក៏ស្នើអោយក្រុមហ៊ុន Apple បន្តក្នុងការផ្តោតទៅលើការពង្រឹងទៅលើអាយុកាលនៃថាមពលថ្មអោយកាន់តែប្រសើរជាងមុនថែមទៀតផងដែរ។ ថាមពលថ្មនេះ ពិតជាមានការបង្កើនតិចតួចប៉ុណ្ណោះ ប៉ុន្តែការបង្កើនទៅលើប្រសិទ្ធិភាពនៃបន្ទះឈីប និងបច្ចេកវិទ្យាអេក្រង់នេះ អាចនឹងធ្វើអោយស្មាតហ្វូន iPhone 16 Pro និង Pro Max នេះ កាន់តែប្រើប្រាស់បានយូរជាងមុន។ ស្មាតហ្វូន iPhone 16 Pro ត្រូវគេមើលឃើញថា មានការបង្កើនទៅលើល្បឿននៃការសាកថ្មលឿនជាងមុនសម្រាប់ឆ្នាំនេះ។

ស្មាតហ្វូនទាំងពីរនេះ នឹងមានទ្រទ្រង់នូវបច្ចេកវិទ្យា 40W wired charging ប្រៀបធៀបជាមួយម៉ូដែលមុនមានការកើនឡើងបី 27W ។ សម្រាប់ Wireless Charging នេះ ក៏មានការពង្រឹងពី 15W ទៅកាន់ 20W ជាមួយនឹងបច្ចេកវិទ្យា MagSafe នេះ។ ក្រុមហ៊ុន Apple មិនទាន់បានទម្លាយលម្អិតអំពីស្មាតហ្វូន iPhone 16 នៅឡើយទេ។ ជាមួយនិងវត្តមានរបស់ iPhone 16 Pro និង Pro Max អ្នកប្រើប្រាស់ នឹងមានការបង្កើនទៅលើថាមពលថ្មតិចជាងមុន ប៉ុន្តែ មានបទពិសោធន៍នៃការសាកថ្មលឿនបំផុត៕
