
យោងតាមរបាយការណ៌ថ្មីដែលចេញផ្សាយដោយសារព័ត៌មាន DigiTimes បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple ម៉ូដែល iPhone 16 Pro នឹងមានការបំពាក់នូវកាមេរ៉ា tetraprism periscope camera ដែលភ្ជាប់នូវមុខងារហ៊្សូម 5x optical zoom ដែលឡែននេះ ធ្លាប់បានប្រើប្រាស់នៅលើស្មាតហ្វូន iPhone 15 Pro Max រួចហើយ។ យោងតាមការបញ្ជាក់ពីក្រុមហ៊ុនផលិតឡែនរបស់តៃវ៉ាន់ Largan Precision និង Genius Electronic Optical (GSEO) បានអោយដឹងថា ខ្លួននឹងធ្វើការផ្គត់ផ្គង់នូវឡែន Tetraprism camera components សម្រាប់ iPhone 16 Pro។
ប្រភពខាងលើនេះបន្តថា ក្រុមហ៊ុនទាំងពីរ ដែលរួមមានដូចជា Largan និង GSEO បានចាប់ផ្តើមធ្វើការផលិតទៅលើឡែននេះហើយ ដើម្បីឆ្លើយតបអោយទាន់ពេលវេលាទៅនឹងការប្រកាសចេញរបស់ iPhone 16 lineup។ ទាក់ទងនឹងព័ត៌មាននេះ មានការបញ្ជាក់ទៀតថា Largan ដែលជាអ្នកផ្គត់ផ្គង់ឡែន periscope សម្រាប់ iPhone 15 Pro Max ត្រូវបានគេរំពឹងថា នឹងទទួលបាននូវការបញ្ជាទិញកាន់តែច្រើនពីក្រុមហ៊ុន Apple។ បើតាមការបញ្ជាក់ពីអគ្គនាយករបស់ Largan លោក Adam Lin ថ្មីៗនេះ បាននិយាយថា តម្រូវការនៃសមាសភាគឡែនរបស់ខ្លួន នឹងមានការកើនឡើងខ្ពស់នៅខែកញ្ញា និងខែតុលា កំឡុងពេលនៃការប្រកាសចេញនូវស្មាតហ្វូន iPhone 16 Pro models។

សម្រាប់ក្រុមហ៊ុន GSEO ដែលជាដៃគូថ្មីនៅក្នុងការផ្គត់ផ្គងសមាសភាគកាមេរ៉ាថ្មីនេះសម្រាប់ក្រុមហ៊ុន Apple នៅពេលបាននឹងកំពុងធ្វើតេស្តទៅលើឡែននេះហើយ ដោយលទ្ធផល គឺបានដូចការរំពឹងទុកអញ្ចឹង។ យោងតាម DigiTimes បាននិយាយទៀតថា ឡែន periscope របស់ក្រុមហ៊ុន GSEO បានស្ថិងក្នុងការធ្វើតេស្តហើយ។ សម្រាប់សង្វាក់ផលិតកម្មទៅលើឡែននេះ អាចនឹងមានការចាប់ផ្តើមពីពាក់កណ្តាលខែកក្កដាខាងមុខនេះ។
