ស្វែងរកពួកយើង:

iPhone 16 Pro Max ឌីស្សាញរចនាបថតាមទីក្រុងម៉ូស្គូ ដាក់លក់ជាមួយតម្លៃជាង 1 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

27 មីនា 2025 07:45 ព្រឹក

អាន 2 នាទី

Article image
កាលពីប៉ុន្មានសប្តាហ៍មុននេះ Caviar ដែលជាក្រុមហ៊ុនរចនាផលិតផលថ្មីៗ ប្រណិតៗ បានទម្លាយនូវផលិតផលថ្មីបែប Horizon collection ជាច្រើនរបស់ខ្លួន ដោយធ្វើការកែប្រែពីស្មាតហ្វូនប្រណិតៗទៅជាសិល្បៈ ដ៏អស្ចារ្យជាមួយនឹងការផ្សារភ្ជាប់ទៅកាន់ទីក្រុងល្បីៗជាច្រើន។ នៅពេលនេះ ក្រុមហ៊ុន Caviar បានបន្តបញ្ចេញនូវម៉ូដែល Moscow edition ទៅលើស្មាតហ្វូន iPhone 16 Pro និង Pro Max ថែមទៀតហើយ ដោយមើលទៅពិតជាអស្ចារ្យមែនទែន នៅក្នុងការបង្ហាញអំពីរដ្ឋធានីរបស់ប្រទេសរុស្សីនេះ។
សម្រាប់ម៉ូដែល Moscow edition នេះគឺមានការរំលេចនូវនិមិត្តរូបដ៏ល្បីល្បាញនៃទីក្រុងរបស់ប្រទេសរុស្សី ដែលមានដូចជា  Spasskaya Tower និងព្រះវិហារ Saint Basil’s Cathedral ផងដែរ។ សម្រាប់ Spasskaya Tower នេះ គឺប្រើប្រាស់នូវមាស 24-karat ជាមួយនឹងការប្រើប្រាស់នូវលោហកម្រ yttrium ដែលជីកនៅក្នុងតំបន់ Ural នៃប្រទេសរុស្សី។ សម្រាប់ Saint Basil’s Cathedral ក៏មានការប្រើប្រាស់ពណ៌យ៉ាងប៉ិនប្រសព្វ ហើយនិងមានការបង្ហាញអំពីភាពអស្ចារ្យនៃស្ថាបត្យកម្មនៃទីក្រុង Moscow ដ៏ចំណាស់មួយនេះផងដែរ។ សម្រាប់តួខ្លួនរបស់ស្មាតហ្វូននេះ គឺប្រើប្រាស់នូវទីតាញ៉ូមជាមួយនឹងពណ៌ខ្មៅ PVD Coating ដ៏ទាក់ទាញ។
Article image
ក្រៅពីម៉ូដែល Moscow Edition នេះ នៅក្នុង Horizon collection ក៏មានការបង្ហាញនូវការរចនាជាមួយនឹងទីក្រុងជាច្រើនទៀតផងដែរ។ រចនាបទនេះ ក៏មានការប្រើប្រាស់នូវ Big Ben នៅលើនាឡិកា របស់ទីក្រុងឡុង ក៏ដូចជាការប្រើប្រាស់នូវនិមិត្តរូបនៃអាគារ Burj Khalifa របស់ប្រទេសឌូបៃផងដែរ។ សម្រាប់ស្មាតហ្វូនបត់បាន Huawei Mate X6 ក៏ធ្លាប់ឌីស្សាញជាមួយនឹងអាគារកប់ពពករបស់ស៊ាងហៃផងដែរ។
Article image
សម្រាប់តម្លៃរបស់ស្មាតហ្វូន Caviar’s Moscow edition ចាប់ផ្តើមពី $10,560 សម្រាប់ទំហំ 128GB របស់ស្មាតហ្វូន iPhone 16 Pro និងកើនតម្លៃដល់ទៅ $12,060 សម្រាប់ទំហំ 1TB នៅលើស្មាតហ្វូន iPhone 16 Pro Max ។ ស្មាតហ្វូននេះ គឺសម្រាប់អ្នកដែលចង់បានស្មាតហ្វូនដែលមានការផ្សារភ្ជាប់ជាមួយនឹងនិមិត្តរូបនៃភាពស្រស់ឆើតឆាយ និងសិល្បៈដ៏អស្ចារ្យនោះ៕