
ព័ត៌មានថ្មីៗរបស់ iPhone 16 Series នៅតែបន្តបែកធ្លាយមិនដាច់ឡើយ។ ហើយនៅពេលនេះ ក៏មានប្រភពព័ត៌មានថ្មីមួយទៀតបានបង្ហាញពីការផ្លាស់ប្តូរទម្រង់នៃការប្រើប្រាស់ថ្មរបស់ iPhone 16 Series ជាមួយនឹងទំហំថាមពលថ្មដែលនឹងមាននៅលើទូរស័ព្ទ iOS ជំនាន់ថ្មី ឆ្នាំ 2024 ថែមទៀតផង។
បើតាមប្រភពដែលបានទម្លាយចេញមកនេះ បានបង្ហាញថា Apple នឹងប្តូរការឌីស្សាញថ្មីបែប L-Shape Design ដែលខ្លួនបានប្រើនៅលើគ្រប់ iPhone 13 Series ដែលចេញកាលពីឆ្នាំ 2021 សម្រាប់ iPhone ជំនាន់ថ្មីឆ្នាំ 2024 ដែលនឹងមកដល់នាខែកញ្ញា។ បើតាមការបង្ហាញថ្មរបស់ iPhone 16 Series គឺមានការឌីស្សាញបែបចតុកោណបញ្ឈរ ហើយការផ្លាស់ប្តូរនេះត្រូវបានគេនិយាយថា ដើម្បីរក្សាផ្ទៃខាងក្នុងរបស់ iPhone ឲ្យមានភាពទូលាយជាមុន ឬក៏សម្រាប់បំពាក់បន្ថែមនៅមុខងារពិសេសថ្មីផ្សេងទៀត។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ ប្រភពបានបង្ហើបថា Apple ក៏នឹងបង្កើនទំហំថ្មរបស់ iPhone 16 Series ធំជាងជំនាន់មុនផងដែរ។ ដោយប្រភពបានបញ្ជាក់ថា iPhone 16 នឹងបំពាក់ថាមពលថ្មដែលមានទំហំ 3,561mAh ធំជាង iPhone 15 ដែលមានទំហំ 3,349mAh ចំនែកម៉ូដែល iPhone 16 Plus គឺនឹងមានថ្មទំហំ 4,006mAh។ ហើយសម្រាប់បងធំ iPhone 16 Pro Max និងមានថ្មទំហំ 4,676mAh ធំជាង iPhone 15 Pro Max ដែលមានទំហំថ្ម 4,422mAh។ ហើយសម្រាប់ម៉ូដែល iPhone 16 Pro ក៏នឹងបង្កើនទំហំថ្មផងដែរ គ្រាន់តែមិនទាន់បានបញ្ជាក់ពីទំហំថ្មបឋម។

បើតាមការបែកធ្លាយគំរូរូបភាពដំបូងរបស់ iPhone 16 Series ថ្មីៗនេះបានបង្ហាញថា មានការឌីស្សាញស្រដៀងគ្នានឹង iPhone 11 Pro ដែលចេញកាលពីជាង 5 ឆ្នាំមុន ជាមួយនឹងការប្តូរកញ្ចប់លែនកាមេរ៉ាថ្មីប្រហាក់ប្រហែលគ្នាផងដែរ។ ចំពោះ iPhone 16 Series ក៏ត្រូវបានគេដឹងថា នឹងមានបន្ថែមប៊ូតុងថ្មី Capture Button សម្រាប់ប្រើប្រាស់ជាមួយមុខងារកាមេរ៉ាថតរូប និងវីដេអូ ដោយដំណើរការជាមួយមុខងារ Touch Sensitive ហើយសម្រាប់ម៉ូដែល iPhone 16 Pro ក៏នឹងមានបំពាក់បន្ថែមនៅសែនស័រកាមេរ៉ា Periscope ផងដែរ។ iPhone 16 Pro និង iPhone 16 Pro Max ក៏នឹងបង្កើនទំហំអេក្រង់ឡើងដល់ទំហំ 6.3-inch និង 6.9-inch ថែមទៀតផង៕
