
យោងតាមរបាយការណ៍ថ្មីចុងក្រោយមួយមានប្រភពចេញពីប្រទេសចិនបានបញ្ជាក់ថា Apple នឹងបង្កើនកំលាំងសាកភ្លើងនៅលើ iPhone 16 Pro និង iPhone 16 Pro Max។ កាលពីឆ្នាំមុននៅលើជំនាន់ iPhone 15 Pro និង 15 Pro Max គឺគាំទ្រកំលាំងសាកភ្លើងតាមខ្សែ 27W និង MagSafe Wireless កំលាំង 15W ។ ដោយឡែកសម្រាប់ iPhone ម៉ូដែល Pro ដែលនឹងមកដល់ក្នុងខែកញ្ញា ឆ្នាំនេះ ត្រូវបានគេរំពឹងថា នឹងបង្កើនកំលាំងសាកភ្លើងខ្លាំងជាងជំនាន់មុន។
តាមប្រភពបានបញ្ជាក់ថា នៅលើ iPhone 16 Pro និង iPhone 16 Pro Max នឹងគាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 40W តាមរយះខ្សែ និងកំលាំង 20W តាមរយះ MagSafe Wireless Charging។ ជាការពិតណាស់ ប្រសិនបើនេះជាព័ត៌មានពិតនោះ វាគឺជាប្រវត្តិសាស្រ្តថ្មីសម្រាប់ទូរស័ព្ទ iPhone ដែលគាំទ្របច្ចេកវិទ្យាសាកភ្លើងកំលាំងខ្លាំងដូចនេះ។ ហើយក៏ជាព័ត៌មានល្អផលងដែរសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទ iPhone ព្រោះថាពួកគេនឹងទទួលបានការសាកភ្លើង iPhone ដែលខ្លាំង និងចំនាយពេលខ្លី ទោះជាយ៉ាងណា វាគឺនៅមានគម្លាតគ្នាឆ្ងាយមែនទែនបើធៀបនឹងបច្ចេកវិទ្យាសាកភ្លើងរបស់ក្រុមហ៊ុនផលិតស្មាតហ្វូនក្នុងប្រទេសចិនដែលបច្ចុប្បន្នដែលមានកំលាំង 120W សាកតាមខ្សែ និង 50W ដោយមិនប្រើខ្សែ។

បើតាមរបាយការណ៍មួយចំនួនធ្លាប់បានរាយការណ៍ថា Apple នឹងមានការបង្កើនទំហំថ្មរបស់ iPhone 16 Pro និង iPhone 16 Pro Max ធំជាងមុន ហើយប្រភពក៏បានបញ្ជាក់ដូចគ្នានេះដែរថា នៅលើ iPhone 16 Pro និង iPhone 16 Pro Max គឺនឹងមានការបង្កើនកំលាំងសាកភ្លើងខ្លាំងជាងជំនាន់មុនផងដែរ។ ក្រៅពីនេះ Apple ឆ្នាំនេះត្រូវបានគេរាយការណ៍ថា នឹងប្រើប្រាស់កញ្ចប់បច្ចេកវិទ្យាថ្មីដែលស្រោបដោយលោហៈធាតុ Stainless Steel សម្រាប់ថ្មី iPhone 16 Series ដែលកញ្ចប់ថ្មថ្មីនេះ គឺផ្តល់ឲ្យការផ្ទុកថាមពលថ្មបានប្រសើរជាងមុន និងងាយស្រួលក្នុងការដោះដូរជាងមុន។ iPhone 16, 16 Plus, 16 Pro និង 16 Pro Max នឹងបង្ហាញវត្តមានផ្លូវការណ៍នៅពាក់កណ្តាលខែកញ្ញា ឆ្នាំ 2024 នេះ៕
