ស្វែងរកពួកយើង:

iPhone 16 Pro និង 16 Pro Max បន្ថែមជម្រើសពណ៌ថ្មីមួយទៀតហៅថា Desert Titanium

ដោយ

Koun Jab Luffy

10 កញ្ញា 2024 09:47 ព្រឹក

អាន 4 នាទី

Article image
នៅទីបំផុតសមត្ថផលថ្មីក្នុងក្តីស្រមៃដែល Fan របស់ iPhone បានទន្ទឹងរងចាំអស់រយះពេល 1 ឆ្នាំមកនេះមកចេញរូបរាងជាផ្លូវការណ៍ហើយការពីយប់មិញនេះ នោះគឺការបង្ហាញវត្តមានផ្លូវការណ៍របស់ iPhone ជំនាន់ថ្មីឆ្នាំ 2024 គឺ iPhone 16 Series ដែលមានដូចជា iPhone 16, iPhone 16 Plus, iPhone 16 Pro និង iPhone 16 Pro Max។ ហើយក្នុងអត្ថបទនេះ គេហទំព័រយើងនឹងនិយាយលម្អិតចំនុចថ្មីមួយចំនួនដែលមានមកជាមួយ iPhone 16 Pro និង 16 Pro Max ប៉ុណ្ណោះ សម្រាប់ពីរម៉ូដែលទៀត នឹងរៀបចំធ្វើអត្ថបទដាច់ដោយឡែកមួយផ្សេងទៀត។
បើយើងនិយាយពីការឌីស្សាញរូបរាងរបស់ iPhone 16 Pro និង 16 Pro Max ថ្មីនេះ គឺមិនខុសពីជំនាន់ iPhone 15 Pro និង iPhone 15 Pro Max ចេញឆ្នាំមុននោះទេ ប៉ុន្តែ អ្វីដែល Apple បានធ្វើការដុសខាតបន្ថែមថ្មីនោះ គឺការរចនាគែម bezel អេក្រង់កាន់តែតូចស្តើងជាងមុន និងបានបំពាក់ប៊ូតុងថ្មីដែលគេហៅថា “Camera Control” ដូចព័ត៌មានចចាមអារាមនិយាយកន្លងមកមែន។ ដែលប៊ូតុងថ្មីនេះ គឺប្រើជាចម្បងទៅលើការបញ្ជាកម្មវិធី និងមុខងារកាមេរ៉ាថតរូប និងវីដេអូតែម្តង ហើយប៊ូតុងនេះ គឺគាំទ្រមុខងារប៉ះបញ្ជា ហៅថា Gesture control ថែមទៀតផង។
Article image
ព្រមគ្នាជាមួយការបន្ថយកម្រិតគែម Bezel អេក្រង់កាន់តែតូចស្តើងស្រឡះស្អាតជាមុននេះ Apple ក៏បានបង្កើនទំហំអេក្រង់របស់ iPhone 16 Pro Series ធំជាងជំនាន់មុនផងដែរ ដោយក្នុងនោះនៅលើម៉ូដែល iPhone 16 Pro កើនទំហំអេក្រង់ឡើងដល់ 6.3-inch និង iPhone 16 Pro Max កើនទំហំឡើងដល់ 6.9-inch ដែលជាទំហំអេក្រង់ធំបំផុតដែលជាប្រវត្តិសាស្រ្តថ្មីនៃទំហំអេក្រង់ទូរស័ព្ទ iPhone។ បន្ទះអេក្រង់របស់ iPhone 16 Pro Series ក៏មានស្រោបការពារបន្ថែមដោយកញ្ចប់ប្រភេទ Ceramic Shield ជំនាន់ថ្មីចុងក្រោយបំផុត ដែល Apple ធ្វើការអះអាងថា មានភាពធន់នឹងការកកិតឆ្កូតខ្លាំងជាងអេក្រង់ស្មាតហ្វូនផ្សេង។
iPhone 16 Pro និង iPhone 16 Pro Max បានដំឡើងមកជាមួយកំលាំងម៉ាស៊ីនថ្មីជាមួយបន្ទះឈីប A18 Pro ខ្នាត 3nm ដែលភ្ជាប់មកជាមួយប្រព័ន្ធដំណើរការថ្មី 16-core Neural Engine ដែល Apple បានបញ្ជាក់ថា មានសមត្ថភាពដំណើរការខ្លាំងជាងជំនាន់ A17 Pro នៅលើ iPhone 15 Pro និង 15 Pro Max ប្រមាណ 20%។
Article image
ជាមួយគ្នានេះ បន្ទះឈីបជំនាន់ថ្មីនេះ ក៏បានបង្កើនប្រសិទ្ធិភាពទៅលើប្រព័ន្ធ System memory bandwidth ខ្ពស់ជាងមុនប្រមាណ 17% និងសមត្ថភាពអង្គក្រាហ្វិច (GPU) ចំនួន 6-core ដំណើរការល្អប្រសើរជាងមុនប្រមាណ 20% និងប្រើថាមពលថ្មតិចជំនាន់មុនប្រមាណ 20% ថែមទៀតផង។ ជាមួយគ្នានេះនៅលើ iPhone 16 Pro និង 16 Pro Max ក៏គាំទ្រប្រព័ន្ធតភ្ជាប់បណ្តាញផ្កាយរណបសម្រាប់ការ send and receive texts, emoji, and Tapbacks over iMessage and SMS ខណៈស្ថិតនៅក្នុងតំបន់គ្មានប្រព័ន្ធសេវាទូរស័ព្ទ និង Wi-Fi។
សម្រាប់ផ្នែកប្រព័ន្ធកាមេរ៉ាថតរូប និងវីដេអូដែលដំឡើងនៅលើ iPhone 16 Pro និង 16 Pro Max ទទួលបានការបំពាក់នូវសែនស័រកាមេរ៉ាគោលថ្មីទំហំ 48MP Fusion Camera ដែលមានដំណើរការលឿនរហ័ស និងកាន់តែមានប្រសិទ្ធិភាពខ្ពស់សម្រាប់ការប្រើប្រាស់ជាងមុន។ សែនស័រនេះមាន aperture f/1.8 គាំទ្រប្រព័ន្ធ dual pixel PDAF និង sensor-shift OIS។ សម្រាប់គ្រាប់ទីពីរមានទំហំ 12MP មាន aperture f/2.8 ជា Periscope telephoto កម្រិត 5x optical zoom គាំទ្រមុខងារ dual pixel PDAF និង 3D sensor shift OIS។ កាមេរ៉ាគ្រាប់ទីបីមានទំហំ 48MP aperture f/2.2 ជា Ultrawide រួមទាំងប្រព័ន្ធ TOF 3D LiDAR scanner ផងដែរ។
សមត្ថភាពកាមេរ៉ារបស់ iPhone 16 Pro និង 16 Pro Max មានលទ្ធភាពអាចថតវីដេអូបានក្នងកម្រិត 4K ល្បឿនដល់ 120fps និង 1080p ល្បឿន 240fps រួមជាមួយកម្រិតទឹកពណ៌10-bit HDR, Dolby Vision HDR (up to 60fps), ProRes, 3D (spatial) video/audio, stereo sound rec។ សម្រាប់ប៊ូតុងថ្មី Camera Control គឺអាចធ្វើការកំនត់ទៅលើមុខងារផ្សេងៗបាននៅពេលថតវីដេអូដូចជាប៉ះអូសឡើងលើចុះក្រោមដើម្បីធ្វើការពង្រីកពង្រួមប្លង់ថតជាដើម។ ទូរស័ព្ទ iOS ស៊េរីថ្មីឆ្នាំ 2024 មានកាមេរ៉ាសែលហ្វីទំហំ 12MP aperture f/1.9 មានមុខងារ OIS និងអាចថតវីដេអូបានដល់ 4K ល្បឿន 60fps ផងដែរ។
ហើយអ្វីដែលពិសេសនៅលើ iPhone 16 Pro Series នៅមានភ្ជាប់មកជាមួយបច្ចេកវិទ្យាឆ្លាតវៃថ្មីហៅថា “Visual Intelligence” ដែលអាចធ្វើការបញ្ជានៅលើកាមេរ៉ាបានកាន់តែមានប្រសិទ្ធិភាពខ្ពស់ លឿនរហ័ស ដែលដំណើរការប្រហាក់ប្រហែលគ្នា Google Lens អញ្ចឹងដែរ ដោយអនុញាតអោយអ្នកប្រើប្រាស់អាចធ្វើការស្វែងរកនូវព័ត៌មានទីតាំង និងប្រាប់ឈ្មោះទីតាំងដែលយើងស្ថិតនៅបានត្រឹមត្រូវលឿនបំផុត។ ហើយក៏អាចធ្វើការស្វែងរក្សាអ្វីមួយតាមរយះ Google Search និងប្រើ ChatGPT ដោយប្រើប៊ូតុងកាមេរ៉ាថ្មី Camera Control សម្រាប់ការងារចាំបាច់មួយចំនួនផងដែរ។
Article image
សម្រាប់តម្លៃវិញ Apple រក្សាតម្លៃចាប់ផ្តើមដូចមុនដដែល គឺចាប់ពីខ្ទង់ $999 សម្រាប់ម៉ូដែល iPhone 16 Pro មានទំហំផ្ទុក 128GB និង $1,199 សម្រាប់ម៉ូដែល iPhone 16 Pro Max ដែលមានទំហំផ្ទុក 256GB។ សម្រាប់ iPhone 16 Pro Series ឆ្នាំនេះ គឺមានបន្ថែមជម្រើសពណ៌ថ្មីមួយទៀត គឺពណ៌មាសហៅថា Desert Titanium៕
iPhone 16 Pro និង 16 Pro Max បន្ថែមជម្រើសពណ៌ថ្មីមួយទៀតហៅថា Desert Titanium