
យោងតាមពាក្យចចាមអារ៉ាម និងការបែកធ្លាយជាច្រើននាពេលកន្លងមក បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីរបស់ Apple ម៉ូដែល iPhone 16 Pro គឺនឹងការឌីស្សាញគែម bezels មានកម្រ៉ាស់ស្តើងជាង iPhone ជំនាន់មុនៗ ដែលបង្ហាញខ្លួននាពេលកន្លងមក។ បន្ថែមពីនេះ ក៏មានការបញ្ជាក់ការប្រើប្រាស់នូវថាមពលថ្ម ជាមួយនិងបច្ចេកវិទ្យាថ្មីផងដែរ។ នៅថ្ងៃនេះ មានព័ត៌មានថ្មី បង្ហាញចេញនូវមាត្ររបស់ស្មាតហ្វូន iPhone 16 series នេះថែមទៀតហើយ។
បើរបាយការណ៍មួយចេញពីវិបសាយ IT Home បានបញ្ជាក់អោយដឹងថា ស្មាតហ្វូនជំនាន់ថ្មី iPhone 16 Pro និង iPhone 16 Pro Max គឺនឹងមានការឌីស្សាញរូបរាងថ្មីមានទំហំធំជាង iPhone ជំនាន់មុនៗបន្តិច ប៉ុន្តែសម្រាប់ កម្រាស់របស់ស្មាតហ្វូនថ្មីនេះ គឺនៅតែរក្សានៅដដែល។ ប្រភពព័ត៌មានថ្មីខាងលើនេះ នៅមិនទាន់ទម្លាយអំពីរូបភាព renders ផ្លូវការរបស់ស្មាតហ្វូន iPhone 16 series នេះនៅឡើយទេ។ ខាងក្រោមនេះ គឺជាវិមាត្ររបស់ស្មាតហ្វូននេះ និងម៉ូដែលជំនាន់មុន។

ដូចអ្វីដែលគ្រប់គ្នាបានឃើញនាពេលកន្លងមកដែរ សម្រាប់ស្មាតហ្វូន iPhone 16 និង iPhone 16 Plus គឺនឹងមានទំហំដូចគ្នាទៅនឹងម៉ូដែលជំនាន់មុននេះដដែល។ ជាមួយគ្នានេះ សម្រាប់កាមេរ៉ាដែលប្រើប្រាស់នៅលើស្មាតហ្វូននេះ គឺនឹងមានការឌីស្សាញរូបរាងថ្មីហើយ ក៏មានមុខងារក្នុងការថតវីដេអូកម្រិត Spatial Video ដូចទៅនឹង Apple Vision Pro headset អញ្ចឹង។
ទាក់ទងនឹងព័ត៌មាននេះ កាលពីពេលមុននេះ អ្នកវិភាគ Ming-Chi Kuo ធ្លាប់បានទម្លាយថា ស្មាតហ្វូន iPhone 16 Pro Max ថ្មីនេះ នឹងមានថាមពលថ្មធំជាងស្មាតហ្វូន iPhone 15 Pro Max។ ស្របពេលជាមួយគ្នា កាលពីដើមឆ្នាំកន្លងទៅនេះ ពាក្យចចាមអារ៉ាមជាច្រើន បាននិយាយថា ស្មាតហ្វូនម៉ូដែល Pro ថ្មីនេះ នឹងមានសិនស័រកាមេរ៉ា ទំហំ 1/1.14-អ៊ីង ហើយនិងមាន Periscope Telephoto Lens ថែមទៀតផង។ សូមជំរាបថា អ្នកទម្លាយ Instant Digital ក៏បានទម្លាយអំពីវិមាត្ររបស់ស្មាតហ្វូន iPhone 16 / Plus ផងដែរ៕
