
បន្ទាប់ពីការបង្ហាញវត្តមានរបស់ស្មាតហ្វូន iPhone 15 Pro និង Pro Max នាពេលកន្លងមក មានការលើកឡើងថា ស្មាតហ្វូននេះ គឺមានការឌីស្សាញគែម bezels ស្តើងគួរអោយទាក់ទាញខ្លាំងមែនទែន។ នៅថ្ងៃនេះមានការបែកធ្លាយថ្មីមួយទៀតបានបញ្ជាក់ថា ក្រុមហ៊ុន Apple អាចនឹងធ្វើអោយគែម bezels នេះកាន់តែស្តើងជាងមុនបន្ថែមទៀតទៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន iPhone 16 Pro និង Pro Max។
បើតាមការបញ្ជាក់ចេញពីអ្នកទម្លាយ Weibo នោះ គែម bezels របស់ស្មាតហ្វូនម៉ូដេលថ្មីនេះ នឹងមានការកាត់បន្ថយជាងមុនដល់ទៅ 40% ដែលធ្វើអោយកម្រិត screen-to-body ratio កាន់តែអស្ចារ្យក្នុងការប្រើប្រាស់។ ជាមួយគ្នានេះ ក៏មានពាក្យចចាមអារ៉ាមជាច្រើនទៀត បានបញ្ជាក់ថា ក្រុមហ៊ុន Apple ក៏មានគម្រោងក្នុងការបង្ហាញនូវស្មាតហ្វូន iPhone 16 Pro និង Pro Max ដែលមានអេក្រង់ទំហំថ្មី ចាប់ពី 6.3 អ៊ីង ដល់ទំហំ 6.9 អ៊ីងថែមទៀតផង។
ទាក់ទងនឹងរឿងថ្មីនេះ មានអ្នកប្រើប្រាស់មួយដែលឈ្មោះថា Setsuna Digital បានបង្ហោះនៅលើ Weibo ដោយបានអះអាងថា ស្មាតហ្វូន iPhone 16 Pro Max ថ្មីនេះ អាចនឹងមានគែមស្តើងដល់ទៅ 1.15mm ខណៈពេលដែលស្មាតហ្វូន iPhone 16 Pro គឺមានកម្រាស់ស្តើងទៅលើគែម bezels ទំហំ 1.20mm ដែលការផ្លាស់ប្តូរនេះ នឹងធ្វើអោយស្មាតហ្វូនទាំងពីរនេះ នឹងក្លាយជាស្មាតហ្វូនដែលមានគែមអេក្រង់ស្តើងជាងបំផុតនៅលើពិភពលោក។ សូមជំរាថា គណនី Setsuna Digital នេះ គឺមិនមែនជាអ្នកទម្លាយដែលយើងធ្លាប់បានលឺពីមុននោះទេ ប៉ុន្តែសម្រាប់ការបែកធ្លាយថ្មីនេះ បញ្ជាក់ថា ក៏អាចនឹងក្លាយជាការពិតដោយសារតែប្រភពចេញពី Ice Universe ធ្លាប់បានបញ្ជាក់ដូចគ្នាថា ស្មាតហ្វូន iPhone 16 Pro នឹងមានគែម bezels ស្តើងជាងស្មាតហ្វូន Galaxy S24 ហើយនេះគឺជាស្មាតហ្វូនដែលមានគែម bezels ស្តើងបំផុតរបស់ពិភពលោកផងដែរ។
គួរបញ្ជាក់ថា ការបែកធ្លាយជាច្រើនមុននេះ ក៏ធ្លាប់បានបង្ហាញថា ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកាំងមួយនេះ ក៏អាចនឹងប្រើប្រាស់នូវបច្ចេកវិទ្យា “Border Reduction Structure” technology ដើម្បីកាត់បន្ថយទៅលើគែមរបស់ស្មាតហ្វូននេះដូចគ្នា។ បច្ចេកវិទ្យាថ្មីនេះ ត្រូវបានគេរំពឹងថា ក៏អាចនឹងបង្កើនទៅលើតម្លៃរបស់ស្មាតហ្វូ iPhone 16 Pro និង Pro Max ផងដែរ៕
