ស្វែងរកពួកយើង:

iPhone 16 Pro នឹងទទួលបានការបំពាក់កាមេរ៉ាថ្មីចំនួនពីរ ខណៈ iPhone 16 Pro Max នឹងបង្កើនគុណភាពលើសែនស័រ Ultrawide

ដោយ

Koun Jab Luffy

23 ឧសភា 2024 08:59 ព្រឹក

អាន 2 នាទី

Article image
បើយោងទៅលើការបង្ហោះនៅលើគណនី Weibo មួយបានបញ្ជាក់ថា iPhone 16 Pro និង iPhone 16 Pro Max នឹងទទួលបានការបំពាក់នូវសែនស័រកាមេរ៉ាថ្មីចំនួនពីរសម្រាប់ម៉ូដែល iPhone 16 Pro និងមានការបង្កើនគុណភាពប្រព័ន្ធសែនស័រកាមេរ៉ា Ultrawide នៅលើម៉ូដែល iPhone 16 Pro Max។ បើតាមប្រភពដែលបានចេញផ្សាយនាពេលកន្លងមកបាននិយាយថា សម្រាប់សែនស័រកាមេរ៉ាទំហំ 48MP ថ្មី គឺនឹងមានប្រសិទ្ធិ និងគុណភាពធ្វើការកាន់តែប្រសើរជាងមុន ខណៈនៅលើកាមេរ៉ាខាងក្រោយរបស់ iPhone Pro Series ជំនាន់ថ្មីនៅតែទទួលបានបច្ចេកវិទ្យា 5x Tetraprism telephoto ដែលមានប្រើនៅលើជំនាន់ iPhone 15 Pro Max បច្ចុប្បន្នផងដែរ។
ប្រភពព័ត៌មានថ្មីនេះ គឺស្របគ្នាទៅនឹងរបាយការណ៍របស់កំពូលអ្នកវិភាគលោក Ming Chi-Kuo ដែលបានធ្លាប់លើកឡើងថា iPhone  16 Pro គឺនឹងទទួលបានការបំពាក់សែនស័រកម្រិត 5x zoom និងសែនស័រកាមេរ៉ា Ultrawide ទំហំ 48MP ថែមទៀតផង។ ប្រភពពីគណនី Weibo ខាងលើបានបញ្ជាក់ទៀតថា សម្រាប់ iPhone 16 Pro Max គឺនឹងមិនមានការបង្កើនគុណភាពទៅលើសែនស័រកាមេរ៉ា Zoom នោះទេ ដូចនេះ មានន័យថា iPhone 16 Pro និង iPhone 16 Pro Max គឺទទួលបានការបំពាក់សែនស័រកាមេរ៉ា Telephoto ដូចគ្នា។
Article image
កាលពីខែតុលា ឆ្នាំ 2023 មានរបាយការណ៍មួយបាននិយាយថា iPhone 16 Pro Series ដែលចេញនៅមុនដំណាច់ឆ្នាំនេះ គឺនឹងទទួលបានការបំពាក់សែនស័រកាមេរ៉ាទំហំ 48MP Ultrawide ហើយ iPhone 16 Pro ត្រូវបានគេរំពឹងថា នឹងទទួលបានការបំពាក់សែនស័រ Tetra-prism lens ទំហំ 12MPដែលប្រើនៅលើ iPhone 15 Pro Max បច្ចុប្បន្ន ជាមួយសមត្ថភាព 5x Optical-zoom។ iPhone 16 Pro Series ក៏ត្រូវបានគេរំពឹងថា នឹងបង្កើនទំហំអេក្រង់ឡើងដល់ 6.3-inch សម្រាប់ iPhone 16 Pro និង 6.9-inch សម្រាប់ iPhone 16 Pro Max ផងដែរ៕